ជាតិ
​​​ន​យោ​បាយ​ជាតិ​
តំណាងរាស្ត្រ​ថ្មី​ដែល​ជំនួស​កៅអី CNRP ត្រូវ​ចូល​សភា នៅ​សប្តាហ៍​ក្រោយ​
24, Nov 2017 , 10:59 pm        
រូបភាព
​ភ្នំពេញ​៖ ការប្រកាស​សុពលភាព ឲ្យ​តំណាងរាស្ត្រ​ថ្មី មកពី​គណបក្ស​ចំនួន​៣ ដែល​ត្រូវ​ជំនួស​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP ) នឹងត្រូវ​ធ្វើ​ឡើងជា​ផ្លូវការ ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០១៧​។ លោក ឈាន វុន តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​យ៉ាង​ដូច្នេះ ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រយ៍​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​២៤ ខែ វិច្ឆិកា​នេះ​។



​បន្ថែម​ពីលើ​លោក ឈាន វុន លោក ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រោយ​បញ្ចប់​កិច្ចប្រជុំ គណៈកម្មាធិការ​អចិន្ត្រៃយ៍ បានសម្រេច​ទទួលស្គាល់​បេក្ខជន​តំណាងរាស្ត្រ​ថ្មី​ចំនួន​៤៤​រូប ដោយ​ក្នុងនោះ មកពី​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ចំនួន​៤១ មកពី​គណបក្ស​សញ្ជាតិ​កម្ពុជា ចំនួន​២ និង​មកពី​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ចំនួន​១ ដែល​បែងចែក​ដោយ​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ លោក បន្តថា រដ្ឋសភា ត្រូវ​អញ្ជើញ​បេក្ខជន​តំណាងរាស្ត្រ​ទាំង​៤៤​រូបនោះ ឲ្យ​ចូលរួម​ក្នុង​កិច្ចប្រជុំពេញអង្គ នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២0១៧ ដើម្បី​ប្រកាស​សុពល​ភាពជា​សាធារណៈ​។

​ដោយឡែក អាសនៈ​ជា​តំណាងរាស្ត្រ​ចំនួន​១១ ទៀត របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​នៅ​ទំនេរ នឹងត្រូវ​បែងចែក​ទៅ​ឲ្យ​គណបក្ស​នានា​ជា​បន្តទៀត នៅពេល​ក្រោយ​។ ដើមឡើយ អាសនៈ​ទាំងនេះ ត្រូវបាន​ទៅលើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំនួន​៦ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ចំនួន​៥ ប៉ុន្តែ​គណបក្ស​ទាំង​២ មិន​ទទួលយក​។

​ក្រោយ​តុលាការ​កំពូល ប្រកាស​រំលាយចោល កាលពី​ថ្ងៃទី​១៦ ខែវិច្ឆិកា តំណាងរាស្ត្រ​ទាំង​៥៥​រូប​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវអស់​សុពលភាព​។ ហើយ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ប្រមាណ​ជា​៥​ពាន់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ក៏​ត្រូវអស់​សុពលភាព ដូចគ្នា​។ ការបែងចែក​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​នានា នឹងត្រូវ​ធ្វើឡើង នៅពេល​ខាងមុខនេះ​៕


Tag:
 CNRP
  សភា ឡេង ប៉េងឡុង​
  ឈាន វុន
© រក្សាសិទ្ធិដោយ thmeythmey.com