ជាតិ
សេដ្ឋកិច្ច
ស្ករត្នោតកម្ពុជា ទទួលពានរង្វាន់លេខ១ នៅតំបន់អាស៊ាន
× ភ្នំពេញ៖ នាសន្និសីទម្ហូបអាហារអាស៊ានលើកទី១៥ ស្ករត្នោតកម្ពុជាបានឈ្នះពានរង្វាន់លេខ១ ជាផលិតផលល្អបំផុតរបស់អាស៊ានឆ្នាំ ២០១៧ ។ នេះបើតាមសេចក្ដីជូនដំណឹងរបស់ក្រុមហ៊ុន Confirel ។
ស្ករត្នោតកម្ពុជា ដែលត្រូវបានយកទៅចូលរួមប្រកួតនេះ ជាផលិតផលរបស់ក្រុមហ៊ុន Confirel ។ លោក ហៃ លីអ៊ាង អគ្គនាយកក្រុមហ៊ុន Confirel បានឲ្យដឹងថា នេះជាលើកដំបូង ដែលស្ករត្នោតរបស់កម្ពុជាឈ្នះពានរង្វាន់មេដាយមាសនៅក្នុងតំបន់អាស៊ាន បន្ទាប់ពីរយៈពេល ១២ឆ្នាំមុនស្ករកម្ពុជាទទួលបានជ័យលាភីដូចគ្នានេះនៅតំបន់អឺរ៉ុប។
សន្និសីទម្ហូបអាហារអាស៊ានលើកទី១៥ បានប្រារព្ធនៅប្រទេសវៀតណាម កាលពីពាក់កណ្ដាលខែវិច្ឆិកា។ នេះជាវេទិកាសម្រាប់ការដាក់តាំងបង្ហាញផលិតផលកែច្នៃធម្មជាតិរបស់ប្រទេសដែលចូលរួម។
លោក ហៃ លីអ៊ាង ត្រូវបានស្រង់សំដីដោយកាសែតភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី២៤ខែវិច្ឆិកាថា ក្រុមហ៊ុនលោកបានធ្វើការជាមួយសមាគមស្ករត្នោតខេត្តកំពង់ស្ពឺ និងគ្រួសារធ្វើស្ករត្នោត ដើម្បីកែច្នៃផលិតផលសម្រេចមួយចំនួន ដូចជា ស្ករត្នោត ស្រាត្នោត ទឹកខ្មេះ ទឹកត្នោត។
ស្ករត្នោតកំពង់ស្ពឺ ត្រូវបានផ្ដល់ឋានៈជាផលិតផលសម្គាល់ភូមិសាស្ត្រ (GI) កាលពីឆ្នាំ២០១០ ។ អ្នកនៅក្នុងផ្នែកនេះបានអះអាងថា ការឈ្នះពានរង្វាន់លើកនេះ នឹងធ្វើឲ្យស្ករត្នោតកម្ពុជាកាន់តែល្បីនៅទីផ្សារអន្តរជាតិ៕
© រក្សាសិទ្ធិដោយ thmeythmey.com