ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក យូ ហុកគ្រី នឹង​ក្លាយជា​អនុប្រធាន​ទី​១​សភា លោក នុត សុខុម ជា​អនុប្រធាន គ​.​ជ​.​ប​?
27, Nov 2017 , 11:03 am        
រូបភាព
លោក យូ ហុកគ្រី (ស្តាំ) ត្រូវ​បាន​ស្នើ​ជាបេក្ខភាពអនុប្រធាន​ទីមួយរដ្ឋសភា
លោក យូ ហុកគ្រី (ស្តាំ) ត្រូវ​បាន​ស្នើ​ជាបេក្ខភាពអនុប្រធាន​ទីមួយរដ្ឋសភា
​ភ្នំពេញ​៖ មន្ត្រីជាន់ខ្ពស់​ពីររូប នៃ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គឺ​លោក យូ ហុកគ្រី បាន​ក្លាយជា​បេក្ខជន​អនុប្រធាន​ទី​១​នៃ​រដ្ឋសភា ហើយ​លោក នុត សុខុម ក្លាយជា​បេក្ខជន​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប )​។ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បាន​មានបន្ទូល​យ៉ាង​ដូច្នេះ ទៅកាន់​ក្រុមអ្នកកាសែត បន្ទាប់ពី​ព្រះអង្គ និង​មន្ត្រី​៤0​រូប​ទៀត ចាក​ចេញពី​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២0១៧​នេះ​។



​ព្រះអង្គ​! បេក្ខជន​អនុប្រធានរដ្ឋសភា ជា​អ្នកណា​? អ្នកកាសែត​ម្នាក់​បាន​សួរ​ទៅកាន់​សម្តេច ក្រុមព្រះ​យ៉ាង​ដូច្នេះ ហើយ​សម្តេចក្រុមព្រះ ក៏មាន​ក្រឡេក​ព្រះ​ភក្ត្រ​ទៅកាន់​លោក យូ ហុកគ្រី ហើយ​មានបន្ទូលថា «​នុ៎ះ​! អនុប្រធាន​ទី​១​នៃ​រដ្ឋសភា​»​។ ព្រះអង្គ ឆ្លើយ​នឹង​សំណួរ​របស់​អ្នកកាសែត​ទៀតថា ចំណែក​បេក្ខជន​អនុប្រធាន​គ​.​ជ​.​ប គឺ​លោក នុត សុខុម​។



​លោក យូ ហុកគ្រី ជា​អតីត​សហរដ្ឋមន្ត្រី​នៃ​ក្រសួងមហាផ្ទៃ ហើយក៏​ធ្លាប់​ធ្វើជា​អនុប្រធាន​ទី​២​នៃ​រដ្ឋសភា​ផងដែរ រីឯ លោក នុត សុខុម ជា​អតីតរដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​

​លោក ឡង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សម្តេចក្រុមព្រះ ក្នុងនាម​ជា​ប្រធាន​គណបក្ស មាន​សិទ្ធិ​ក្នុងការ​ស្នើ​ដាក់​បេក្ខជន​ខាងលើ​។ ប៉ុន្តែ លោក នៅ​មិន​ទទួលបាន​ព័ត៌មាន និង​សំណើ​ផ្លូវការ​ពី​សម្តេចក្រុមព្រះ​នោះទេ​។

​សូមបញ្ជាក់ថា​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ រដ្ឋសភា បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ប្រកាស​សុពលភាព​ដល់​តំណាងរាស្ត្រ​ថ្មី​ចំនួន​៤៤​រូប ដែល​ជំនួស​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។ គណបក្ស​ទាំង​៣​នោះ គឺ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​៤១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន ២​អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ទទួលបាន ១​អាសនៈ​។ ឯ​អាសនៈ​របស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ចំនួន​១១​ទៀត ដែល​នៅ​ទំនេរ គឺ​គ​.​ជ​.​ប កំពុង​បែងចែក​បន្ត​៕


Tag:
 គជប​
  រដ្ឋសភា​
  សម្តេចក្រុមព្រះ​
© រក្សាសិទ្ធិដោយ thmeythmey.com