ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាសនៈ​១១ ​ដែល LDP និង​ខ្មែរ​ឈប់​ក្រ​បដិសេធ នឹង​បាន​ទៅលើ CPP
27, Nov 2017 , 2:06 pm        
រូបភាព
រូបភាព៖ អាសនៈ៤៤ក្នុងរដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៤១ គណបក្សសញ្ជាតិកម្ពុជា ចំនួន២ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ចំនួន១។ ដោយឡែក អាសនៈ១១ទៀត របស់គណបក្សសង្គ្រោះជាតិ បានទៅលើគណបក្សប្រជាជនកម្ពុជា
រូបភាព៖ អាសនៈ៤៤ក្នុងរដ្ឋសភា របស់គណបក្សសង្គ្រោះជាតិ បានទៅលើគណបក្សហ៊្វុនស៊ិនប៉ិចចំនួន៤១ គណបក្សសញ្ជាតិកម្ពុជា ចំនួន២ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ច ចំនួន១។ ដោយឡែក អាសនៈ១១ទៀត របស់គណបក្សសង្គ្រោះជាតិ បានទៅលើគណបក្សប្រជាជនកម្ពុជា
​ភ្នំពេញ​៖ អាសនៈ​១១​ទៀត ក្នុង​រដ្ឋសភា របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ត្រូវបាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ប្រគល់​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា (CPP) ដែល​នាំ​ឲ្យ​គណបក្សកាន់អំណាច​ច្រើន​អាណត្តិ​មួយ​នេះ កើន​អាសនៈ​រហូតដល់​ទៅ ៧៩ ឯណោះ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក សោម សូ​រី​ដា អគ្គលេខាធិការរង គ​.​ជ​.​ប​។



​លោក សោម សូ​រី​ដា ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ​.​ជ​.​ប នឹង​ចុះហត្ថលេខា លើ​បញ្ជី​ឈ្មោះ​បេក្ខជន​តំណាងរាស្ត្រ​ទាំង​១១​រូបនោះ ហើយ​រៀបចំ​បញ្ជូនទៅ​រដ្ឋសភា ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ពិនិត្យ​និង​ប្រកាស​សុពលភាព ជូន​ពួកគេ​។ អគ្គលេខាធិការរង គ​.​ជ​.​ប រូបនេះ បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​មិនយូរ​ទេ យើង​នឹង​បញ្ជូនទៅ បើ​មិន​ថ្ងៃស្អែក គឺ​ថ្ងៃ​ខានស្អែក​»​។

​លោក សោម សូ​រី​ដា បន្តថា គ​.​ជ​.​ប បាន​បែងចែក​អាសនៈ​ទាំង​១១ ដែល​នៅ​ទំនេរ ទៅ​ឲ្យ​គណបក្ស​ចំនួន​៤ ឯណោះ ដែល​ក្នុងនោះ​រួមមាន គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​សញ្ជាតិ​កម្ពុជា និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច​។ ប៉ុន្តែ លោក អះអាងថា គណបក្ស​ប្រជាជន​កម្ពុជា ត្រូវ​ទទួលបាន​អាសនៈ​ទាំង​១១​នោះ តែម្តង រីឯ​គណបក្ស​៣​ទៀត មិន​ទទួល​បានឡើយ ព្រោះ​សន្លឹកឆ្នោត ដែល​ពលរដ្ឋ​បោះ​ឲ្យ  មាន​ចំនួន​មិន​គ្រប់គ្រាន់​។

​ម​ន្រី្ត​ជាន់ខ្ពស់​របស់​គ​.​ជ​.​ប ខាងលើ សង្កត់ធ្ងន់​បែបនេះ​ថា​៖«​គណបក្ស​ប្រជាជន​កម្ពុជា ត្រូវបាន​ទាំងអស់ ព្រោះ​មាន​សំឡេង​ច្រើន​លើសលុប​»​។

​ដើមឡើយ អាសនៈ​ទាំង​១១​នោះ ត្រូវបាន​ទៅលើ​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ ចំនួន​៦ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ ចំនួន​៥​។ ប៉ុន្តែ គណបក្ស​ទាំង​២​នេះ មិន​ទទួលយក​។ ដូច្នេះ គ​.​ជ​.​ប ក៏​ចាប់ផ្តើម​បែង​ចែកជា​លើក​ទី​២ ដោយ​លទ្ធផល អាសនៈ​ទាំង​១១ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និង​គណបក្ស​ខ្មែរ​ឈប់​ក្រ បោះបង់ចោល ក៏​ធ្លាក់​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជា​។​

​ក្នុងការ​បែងចែក​លើក​ទី​១ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ទទួលបាន​៤១​អាសនៈ គណបក្ស​សញ្ជាតិ​កម្ពុជា ទទួលបាន​២​អាសនៈ និង​គណបក្ស​ខ្មែរ​អភិវឌ្ឍ​សេដ្ឋកិច្ច ទទួលបាន​១​អាសនៈ​។ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២0១៧ តំណាងរាស្ត្រ​ថ្មី​ទាំង​៤៤​រូប ដែល​មកពី​គណបក្ស​ទាំង​៣ ត្រូវបាន​រដ្ឋសភា បើក​កិច្ចប្រជុំពេញអង្គ ហើយ​ប្រកាស​សុពលភាព​ជូន​ពួកគេ ជា​ផ្លូវការ​។

​ចំណែក បេក្ខជន​តំណាងរាស្ត្រ​១១​រូប​ទៀត របស់​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នឹងត្រូវ​ទទួលបាន​ការប្រកាស​សុពលភាព​ពី​រដ្ឋសភា​ជាមុន​ដែរ​។ លោក ឡេង ប៉េងឡុង ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​ថា រដ្ឋសភា មិនទាន់​បានកំណត់​កាលបរិច្ឆេទ ដើម្បី​បើក​កិច្ចប្រជុំពេញអង្គ ក្នុងការ​ប្រកាស​សុពល​ភាព​ជូន​បេក្ខជន​តំណាងរាស្ត្រ​ទាំង​១១​រូប នោះទេ​។ 

​សូមបញ្ជាក់ថា បន្ទាប់ពី​តុលាការ​កំពូល ប្រកាស​រំលាយចោល អាសនៈ​ជា​តំណាងរាស្ត្រ​ទាំង​៥៥ ក្នុង​រដ្ឋសភា​របស់​គ​ណ​បក្ស​សង្គ្រោះ​ជាតិ ក៏​អស់​សុពលភាព​។ ក្រោយមក គ​.​ជ​.​ប ក៏​យក​អាសនៈ​ទាំងនោះ ទៅ​ចែក​ឲ្យ​គណបក្ស​នានា​។ បន្ទាប់មកទៀត គ​.​ជ​.​ប នឹង​ចាប់ផ្តើម​បែងចែក​អាសនៈ​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់ ប្រមាណ​ជា​៥​ពាន់ របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ដទៃ​។ ប៉ុន្តែ ការបែងចែក​អាសនៈ​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំងអស់​របស់​គណបក្ស​សង្គ្រោះ​ជាតិ ទៅ​ឲ្យ​គណបក្ស​ដទៃ នៅ​មិនទាន់​ចេញ​ជា​លទ្ធផល​ឡើយ​៕


Tag:
 សភា​
  គជប​
  CPP
  CNRP
  ចែក​អាសនៈ
© រក្សាសិទ្ធិដោយ thmeythmey.com