អន្តរជាតិ
ចិន​-​រុស្ស៊ី ថ្កោលទោស​ការបាញ់​មី​ស៊ី​ល និង​បដិសេធ​ទទួលស្គាល់​កូរ៉េខាងជើង​ជា​មហាអំណាច​នុយក្លេអ៊ែរ​
30, Nov 2017 , 10:39 pm        
រូបភាព
​ក្រុង​ប៉េកាំង និង​ក្រុង​ម៉ូស្គូ​បាន​អំពាវនាវ​ឲ្យ​បណ្តា​ភាគី​ពាក់ព័ន្ធ​ក្នុង​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​បន្ត​អត់ធ្មត់ និង​ចៀសវាង​ឲ្យ​បាន​រាល់​ការបង្ក​បញ្ហា​ដែល​ធ្វើ​ឲ្យ​មានការ​ប្រឈមមុខគ្នា​ខ្លាំង​។ ភាគី​ទាំងពីរ​ក៏បាន​ទទូច​ឲ្យ​មានការ​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​បាន​ពេញលេញ​ដើម្បី​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង​ឲ្យ​បោះបង់​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។​



​ក្រោយ​កូរ៉េខាងជើង​បាញ់​សាកល្បង​កាំជ្រួច​មី​ស៊ី​ល​ជាថ្មីទៀត និង​អួតថា​ខ្លួន​ជា​រដ្ឋ​នុយក្លេអ៊ែរ បណ្តា​ប្រទេស​មហាអំណាច​មាន​ចិន និង​រុស្ស៊ី​បានចេញ​មុខ​ទទូច​ឲ្យ​មានការ​អនុវត្ត​វិធាន​ការដាក់​សម្ពាធ​លើ​កូរ៉េខាងជើង និង​មានការ​អត់ធ្មត់​ដើម្បី​បញ្ចៀស​ការប្រឈមមុខគ្នា​ខ្លាំង​។​

​ថ្ងៃ​ព្រហស្បតិ៍​ទី ៣០ ខែវិច្ឆិកា​នេះ ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​តំណាង​ក្រុង​ប៉េកាំង​នៅ​អង្គការសហប្រជាជាតិ​បានបង្ហាញ​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ស្ថាន​ការ​នៅ​ឧបទ្វីប​កូរ៉េ ហើយ​អំពាវនាវ​ឲ្យ​មាន​ការបន្ត​អនុវត្ត​ដំណោះស្រាយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ និង​ចាប់ផ្តើម​ចរចា​គ្នា​ឡើងវិញ​ដែរ​។​

​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ស្រង់​សម្តី​លោក Wu Haitao ភារធារី​នៃ​បេសកកម្ម​ការទូត​អចិន្ត្រៃយ៍​របស់​ប្រទេស​ចិន​ប្រចាំ​អង្គការសហប្រជាជាតិ​ដូច្នេះ​៖« ស្ថាន​ការ​នៅ​ឧបទ្វីប​កូរ៉េ​នៅតែ​គួរ​ឲ្យ​បារម្ភ​ខ្លាំង​។ រឿង​អាទិភាព​ឥឡូវនេះ​សម្រាប់​រាល់​ភាគី​គឺ​រក្សា​ការអត់ធ្មត់ និង​បន្ត​ការអនុវត្ត​ដំណោះស្រាយ​នានា​ដែល​ពាក់ព័ន្ធ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ឲ្យ​បាន​ពេញលេញ​ដែល​វា​ធានាបាន​នូវ​ការចាប់ផ្តើម​សន្ទនា​គ្នា​ឡើងវិញ​»​។​

​ក្រៅពីនេះ​តំណាង​ក្រុង​ប៉េកាំង​ខាងលើ​បានបង្ហាញ​ជំហរ​ជាក់លាក់​មួយ​ប្រឆាំងនឹង​ការបាញ់​សាកល្បង​មី​ស៊ី​ល​របស់​កូរ៉េខាងជើង​ជាថ្មីទៀត​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ និង​ស្នើ​ឲ្យ​កូរ៉េខាងជើង​គោរព​ច្បាប់​អន្តរជាតិ និង​ឈប់​បង្ករឿង​។​

 ដោយ​ឡែ  បេសកជន​ពិសេស​របស់​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​ក៏បាន​ទទូច​ឲ្យ​ភាគី​នានា​អត់ធ្មត់​និង​ចៀសវាង​រាល់​សកម្មភាព​ទាំងឡាយណា​ដែល​អាចធ្វើ​ឲ្យ​បញ្ហា​ធ្ងន់ធ្ងរ​កើតឡើង​ផងដែរ​។​

«​វា​ជា​រឿង​ពិសេស​ដែល​ត្រូវ​ដើរ​ថយក្រោយ និង​ប៉ាន់ស្មាន​ដោយ​ប្រុងប្រយ័ត្ន​ចំពោះ​រាល់​សកម្មភាព​ទាំងអស់​។ ក្រៅពីនេះ​គេ​ក៏​ចាំបាច់​ត្រូវ​កែតម្រូវ​រាល់​គោលនយោបាយ​គំរាមកំហែង និង​សម្លុត​គ្នា​ទៅវិញទៅមក​ព្រោះ​វា​នាំមក​តែ​ផល​អាក្រក់ និង សម្រេច​បានតែ​អ្វីដែល​ផ្ទុយ​ពី​ការចាប់​បាន​របស់​យើង​ប៉ុណ្ណោះ​»​។ នេះ​ជាការ​បញ្ជាក់​របស់​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការសហប្រជាជាតិ​លោក Vassily Nebenzia ទៅកាន់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​។

​ក្រៅពី​ទទូច​ទៅ​ភាគី​ពាក់ព័ន្ធ តំណាង​ក្រុង​ម៉ូស្គូ​ខាងលើ​ក៏បាន​ថ្កោលទោស​ការបន្ត​បាញ់​សាកល្បង​មី​ស៊ី​ល​របស់​ក្រុង​ព្យុងយ៉ាង​ដែល​មិន​ញរ​ញើ​ត​ច្បាប់​អន្តរជាតិ​បន្តិច​សោះ​នោះ​។ រុស្ស៊ី​ថា ការបាញ់​សាកល្បង​មី​ស៊ី​ល​ជាថ្មី​នេះ​ធ្វើ​ឲ្យ​ខ្លួន​ខកចិត្ត​ខ្លាំង និង​ជា​សកម្មភាព​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​ច្បាប់​អន្តរជាតិ និង​ស​និ្ត​សុខ ស្ថិរភាព​តំបន់​ផង​។ អ្វីដែល​សំខាន់​នោះ រុស្ស៊ី​បានបញ្ជាក់​ជាមុន​ថា ខ្លួន​នឹងមិន​ទទួលស្គាល់​កូរ៉េខាងជើង​ជា​មហាអំណាច​នុយក្លេអ៊ែរ​ជាដាច់ខាត​៕


Tag:
 ចិន​
  រុស្ស៊ី​
  កូរ៉េខាងជើង​
  Wu Haitao
  Vassily Nebenzia
© រក្សាសិទ្ធិដោយ thmeythmey.com