ជាតិ
សេដ្ឋកិច្ច
GIZ កំពុង​ជំរុញ​«​ធានារ៉ាប់រង​កសិកម្ម​»​នៅ​កម្ពុជា​
30, Nov 2017 , 10:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិស័យ​ធានារ៉ាប់រង​កសិកម្ម ជា​ដំណើរ​ការវិវឌ្ឍ​ក្មេងខ្ចី​នៅឡើយ​នៅ​កម្ពុជា​។ អង្គការ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្លះ បាន​អនុវត្ត​ការលក់​ធានារ៉ាប់រង​ជូន​កសិករ តែមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ យ៉ាងណាមិញ វិស័យនេះ​ទទួលបាន​ការចាប់អារម្មណ៍​ពី​អង្គការ​អាល្លឺម៉ង់ GIZ ដែល​កំពុង​ជំរុញ​លើ​ផ្នែក​នេះ​។​



​នៅ​ថ្ងៃទី​៣០​ខែវិច្ឆិកា GIZ បានរៀបចំ​សិក្ខាសាលា​មួយ​ស្ដីពី​វិស័យ​ធានារ៉ាប់រង​នៅ​កម្ពុជា ដើម្បី​ឈានទៅដល់​ដំណើរ​លក់​ធានារ៉ាប់រង​កសិកម្ម​មួយ​ផ្សេងទៀត ដោយ​ទទួល​ការគាំទ្រ​ពី​អង្គការ​មួយ​នេះ​។

GIZ បានដាក់​ឲ្យ​អនុវត្ត​គម្រោង​ធានារ៉ាប់រង​កសិកម្មរ​បស់​ខ្លួន ដែល​អនុវត្ត​ពី​ខែកក្កដា​ឆ្នាំ​២០១៧ ដល់​ខែធ្នូ​ឆ្នាំ​២០១៩ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់មាន​សកម្មភាព​ដែល​កសិករ​ទិញ​ធានារ៉ាប់រង ដែល​កើ​ក​ចេញពី​គម្រោង​នេះ​នៅឡើយ​ទេ​។ នេះ​បើតាម​លោកស្រី Anja Erlbeck មន្ត្រី​គម្រោង​របស់ GIZ ។ លោកស្រី​បន្ថែមថា មុន​ដាក់​អនុវត្ត​គម្រោង​នេះ GIZ បានធ្វើ​សកម្មភាព​ផ្សេងៗ​ទាក់ទង​នឹង​គម្រោង​នេះ​តាំងពី​ឆ្នាំ​២០១២ មក​ម្លេះ​។​



​មន្ត្រី​គម្រោង​របស់ GIZ មួយរូប​ទៀត គឺ​លោក Claudius Bredehoeft បាន​ឲ្យ​ដឹងថា នៅក្នុង​សិក្ខាសាលា​នេះ​នឹងមាន​ការជជែក​គ្នា​រវាង​អ្នកពាក់ព័ន្ធ ដែល​រួមមាន​តំណាង​ពី​ស្ថាប័នរដ្ឋ ក្រុមហ៊ុន​ធានារ៉ាប់រង  និង​តំណាង​សហគមន៍​កសិករ ដើម្បី​ឈានទៅដល់​ការអនុវត្ត​គម្រោង​ជាក់ស្ដែង ដែលមាន​ការជ្រើសរើស​ក្រុមហ៊ុន​ធានារ៉ាប់រង និង​ទំហំ​ចំនួន​គ្រួសារ​ក្នុង​គម្រោង​នេះ ជាដើម​។ លោក​ប្រាប់ថា គម្រោង​ប្រភេទ​នេះ​របស់ GIZ កំពុង​ធ្វើ​នៅ​ប្រទេស​ជាច្រើន​ក្នុង​តំបន់ គឺ​មិនមែន​តែ​នៅ​កម្ពុជា​នោះទេ​។​

​ធានារ៉ាប់រង​កសិកម្ម ដូចគ្នា​នឹង​ធានារ៉ាប់រង​ផ្សេងទៀត គឺជា​ប្រតិបត្តិ​ការដែល កសិករ​ទិញ​បណ្ណ​ធានារ៉ាប់រង​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ណាមួយ ដើម្បី​ទទួលបាន​ការធានា​សំណង​លើ​ការខូចខាត​ដំណាំ​ជាយថាហេតុ ដូចជា​បណ្ដាល​ពី​គ្រោះរាំងស្ងួត ទឹកជំនន់ ជាដើម​។​

​កន្លងមក អង្គការ​សេ​ដាក បាន​អនុវត្ត​កម្មវិធី​ធានារ៉ាប់រង​លើ​ដំណាំ​ស្រូវ ដែល​អនុវត្ត​ពី​ឆ្នាំ​២០១៤ និង​បានបញ្ចប់​ឆ្នាំ​២០១៦ ។ លោក សម វិទូ ប្រធាន​អង្គការ​នេះ បាន​ថ្លែងថា តាមរយៈ​កម្មវិធី​នេះ បណ្ណ​ធានារ៉ាប់រង ត្រូវបាន​លក់​ដល់​កសិក​រ​ប្រមាណ ១៥០​នាក់ ដោយ​បណ្ណ​ដែលមាន​តម្លៃ​ខ្ពស់បំផុត​គឺ ២៥​ដុល្លារ​ក្នុង​មួយ​ហិកតា​។ លោក​ថា ការទូទាត់​ប្រាក់​សំណង​កន្លងមក គឺ​កសិក​បាន​ចំណេញ​ពី​កម្មវិធី​នេះ ដោយសារ​ពីរ​ឆ្នាំ​នៃ​កម្មវិធី​នេះ​កម្ពុជា​ជួប​ទឹកជំនន់​នៅ​ខេត្ត​មួយចំនួន និង​គ្រោះរាំងស្ងួត​។

​លោក សម វិទូ លើកឡើងថា រដ្ឋាភិបាល​គួរ​ជំរុញ​វិស័យ​ធានារ៉ាប់រង​កសិកម្ម​ឲ្យ​មាន​វិសាលភាព​ធំ​ជាង​នេះ​។ លោក​ថ្លែង​ដូច្នេះ​ថា​៖«​ការអនុវត្ត​កន្លងមក​គឺ​ដោយឡែកៗ​ពីគ្នា យើង​ចង់ឃើញ​គម្រោង​ថ្នាក់ជាតិ​មួយ ដែល​ផ្តួចផ្ដើម​ដោយ​រដ្ឋាភិបាល ហើយ​យើង​ធ្វើការ​ទៅតាម​តួនាទី​រៀងៗ​ខ្លួន គឺថា​ល្អ​»​។​

​ក្រៅពី​អង្គការ​សេ​ដាក ក្រុមហ៊ុន Forte កំពុង​ប្រឡូក​ក្នុង​វិស័យនេះ​ផងដែរ​។ លោក នី លី​ហួង អ្នកគ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន Forte Micro Insurance មានប្រសាសន៍ថា ក្រុមហ៊ុន​លោក​ចាប់ផ្ដើម​លក់​បណ្ណ​ធានារ៉ាប់រង​កសិកម្ម​ផ្នែក​ដំណាំ​ស្រូវ​ចាប់ពី​ឆ្នាំ​២០១៥ ដែល​មកដល់​បច្ចុប្បន្ន​មាន​អ្នកទិញ​ចំនួន ១៥០ ទៅ​១៦០​គ្រួសារ​។ លោក​ថា ក្រុមហ៊ុន​មិនទាន់​លក់​ធានារ៉ាប់រង​ប្រភេទ​នេះ​នៅ​ទូទាំងប្រទេស​នៅឡើយ​ទេ ដោយ​កំពុង​អនុវត្ត​នៅក្នុង​ខេត្តបាត់ដំបង និង​ពោធិសាត់​។​

​ការជំរុញ​វិស័យនេះ ត្រូវការ​មានការ​ចូលរួម​ពី​អ្នកពាក់ព័ន្ធ​។ លោក នី លី​ហួង និយាយ​ដូចនេះ​ថា​៖«​យើង (​លក់បាន​) តិចតួច​មែនទែន បើ​ធៀប​នឹង​កសិករ​ទូទាំងប្រទេស​។ តែ​យ៉ាងណា យើង​ចង់​ធ្វើ​ឲ្យ​ចេញ​ជា​រូបរាង​។ យក​ធានារ៉ាប់រង ទៅ​ជជែក​ជាមួយ​កសិករ គឺជា​រឿង​ពិបាក ដែល​ត្រូវ​ការអប់រំ​ច្រើន និង​ការចូលរួម​របស់​ភាគី​ពាក់ព័ន្ធ​ទាំងអស់​»៕



Tag:
 GIZ
  ធានារ៉ាប់រង​កសិកម្ម​
© រក្សាសិទ្ធិដោយ thmeythmey.com