សិល្បៈអន្តរជាតិ
អន្តរជាតិ
Asia’s Got Talent៖ បេក្ខជនស៊ីរីម្នាក់សម្តែងរហស្សកម្មសន្លឹកបៀរជាមួយនឹងសារសន្តិភាព
× Sobhi Shaker អាយុ២៤ឆ្នាំជាជនជាតិស៊ីរីដែលបានធ្វើអន្តោប្រវេសន៍ទៅប្រទេសម៉ាឡេស៊ី។ យុវជនរូបនេះ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Asia’s Got Talent 2017 តាមរយៈសម្តែងសមត្ថភាពរហស្សកម្មលើសន្លឹកបៀរ។ Sobhi ទទួល បាន ចម្លើយ «Yes» ពីចៅក្រមទាំងបីគឺ Anggun, David Foster និង Jay Park នៅវគ្គ Judges’ Audition ហើយឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គេបានបង្ហាញសមត្ថភាពដ៏អស្ចារ្យមួយបន្ថែមទៀតជាមួយនឹងការពាំនាំសារសន្តិភាពសម្រាប់ពិភពលោកទាំងមូល។
Sobhi ត្រូវបានគ្រួសារលើកទឹកចិត្តឲ្យចាកចេញពីស៊ីរី ដើម្បីឲ្យគេទទួលបាននូវជីវិតដ៏ល្អប្រសើរ និងឈានទៅដល់ការបំពេញក្តីសុបិនរបស់ខ្លួន។ ក្នុងបទសម្ភាសបន្ថែមជាមួយសារព័ត៌មានម៉ាឡេស៊ី Star2 យុវជន Sobhi បានរៀបរាប់ថា កាលពីអាយុ១៩ឆ្នាំ គេបានហ្វឹកហាត់ដើម្បីក្លាយជាកីឡាករបាល់ទាត់អាជីពម្នាក់ ប៉ុន្តែដោយសារប្រទេសញាំញីដោយសង្គ្រាម គេបានបញ្ចប់ក្តីសុបិនមួយនេះ។
«ខ្ញុំមិនអាចចេញទៅណាឆ្ងាយពីផ្ទះឡើយ ពោលនៅជានិច្ចជាមួយមិត្តភក្តិ និងក្រុមគ្រួសារ ហេតុដូច្នេះយើងចូលចិត្តនាំគ្នាលេងបៀរ។ ពេលនោះផងដែរ ខ្ញុំគិតថា តើខ្ញុំអាចធ្វើអ្វីបានខ្លះជាមួយសន្លឹកបៀរ ហើយខ្ញុំក៏រៀនសិល្បៈឆ្ពិនភ្នែកមួយនេះ តាមអ៊ីនធ័រណិត»។ នេះជាការរៀបរាប់របស់ Sobhi បច្ចុប្បន្នមានអាយុ២៤ឆ្នាំ ដែលបម្រើការនៅភោជនីយដ្ឋានមួយនៅរដ្ឋ Selangor ដោយចាប់ផ្តើមពីអ្នករត់តុ រហូតបានក្លាយជាប្រធានផ្នែកម្នាក់។
Sobhi ជឿជាក់ថា គេនឹងទទួលបានជីវិតដ៏ល្អប្រសើរនៅម៉ាឡេស៊ី ហើយមានឱកាសរួមរស់ជាមួយគ្រួសាររបស់ខ្លួនឡើងវិញ ដែលបច្ចុប្បន្នពួកគាត់កំពុងរស់នៅប្រទេសស៊ីរី។
សូមទស្សនាការបង្ហាញសមត្ថភាពរបស់ Sobhi នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Asia’s Got Talent៖
ការប្រកួតប្រជែងនៅវគ្គ Judge’s Audition៖
Tag:
Asia’s Got Talent
រហស្សកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com