ជាតិ
សម្ដេច ហ៊ុន សែន ៖«ប្រទេសមហាអំណាចខ្លាចកូរ៉េខាងជើងមែនទែនហើយ»
× ភ្នំពេញ៖ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ហាក់មានអារម្មណ៍ហួសចិត្តចំពោះប្រទេសមហាអំណាច ដែលនាំគ្នាខ្លាចការគំរាមកំហែងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង។ សម្ដេច ហ៊ុន សែន បាននិយាយថា ប្រទេសមហាអំណាចក្នុងពិភពលោក គួរតែរកដំណោះស្រាយរួមគ្នាមួយឲ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់សកម្មភាពប្រើប្រាស់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ។
ថ្លែងក្នុងពិធីបិទមហាសន្និបាតវិសាមញ្ញកាយរឹទ្ធិជាតិកម្ពុជា នៅថ្ងៃទី ៥ ធ្នូនេះប្រមុខរដ្ឋាភិបាល បានបញ្ជាក់ដូច្នេះថា៖«ជុំវិញបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ដែលឥឡូវនាំគ្នាខ្លាច ចាប់ផ្ដើមខ្លាចមែនទែនហើយ មិនមែនខ្លាចលេងៗទេ តាំងពីកូរ៉េខាងជើងដាក់មួយគ្រាប់ពីអាទិត្យមុននេះ គឺចាត់ទុកបាញ់ដល់កន្លែងណាក៏ដល់ដែរ។ ឥឡូវចាប់ផ្ដើមនាំគ្នាខ្លាចហើយ ពិភពលោកមិនដឹងថាទៅជាស្អីហើយឥឡូវនេះ គំរាមគ្នាចុះគំរាមគ្នាឡើង កូរ៉េខាងជើងគំរាមពេញពិភពលោកនាំគ្នាខ្លាចកូរ៉េខាងជើង…។ សង្ឃឹមថាពិភពលោកនឹងមានការស្ងប់ស្ងាត់តាមរយៈការសន្ទនាដោយស្មារតីស្ថាបនា។ ហើយប្រហែលកម្ពុជា ជាប្រទេសតូចមួយ មិនមែនជាគោលដៅវាយប្រហារដោយអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង និងភេរវកម្មទេ»។
កន្លងមករដ្ឋាភិបាល តែងតែចេញមុខថ្កោលទោសរាល់សកម្មភាពបាញ់អាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ។ បញ្ហាអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង កំពុងក្លាយជាប្រធានបទក្តៅ ដែលប្រទេសមហាអំណាចនៅក្នុងពិភពលោកត្រូវរួមគ្នាដោះស្រាយ។
ជាក់ស្ដែងកូរ៉េខាងជើង បានប្រកាសពីជោគជ័យក្នុងការសាកល្បងមីស៊ីលប្រភេទថ្មី Hwasong-15 កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ។ កូរ៉េខាងជើងអះអាងថា មីស៊ីលនេះមានឥទ្ធិពលខ្លាំងជាងមីស៊ីលអន្តរទ្វីប Hwasong-14 ទៅទៀត ហើយអាចវាយប្រហារគោលដៅទាំងអស់នៅលើទឹកដីអាមេរិក។ មីស៊ីល ប្រភេទថ្មី Hwasong-15 ដែលបានមកពីការអភិវឌ្ឍមីស៊ីលបាលីស្ទិកអាចរត់បានចម្ងាយ៩៥០គីឡូម៉ែត្រ និងហោះបានកម្ពស់៤៤៧៥គីឡូម៉ែត្រ។ កូរ៉េខាងជើងក៏ប្រកាសដែរថា ខ្លួនគឺជាមហាអំណាចនុយក្លេអ៊ែរដែលមានការទទួលខុសត្រូវ ព្រោះអាវុធរបស់ខ្លួន គឺទុកសម្រាប់ការពារខ្លួនឯងពីនយោបាយបង្ករឿង និងការគំរាមកំហែងរបស់ចក្រពត្តិអាមេរិកប៉ុណ្ណោះ។
ប៉ុន្តែបញ្ហានេះ អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ព្រមានចាត់វិធានការគ្រប់យ៉ាងដើម្បីរាំងខ្ទប់កូរ៉េខាងជើងខណៈដែលចិន និងរុស្ស៊ី ដែលជាសម្ព័ន្ធមិត្តកូរ៉េខាងជើង ក៏បានចេញមុខទទូចឲ្យមានការអនុវត្តវិធានការដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដាក់សម្ពាធលើកូរ៉េខាងជើងផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com