ជាតិ
សិល្បះ
កម្ពុជា​-​ថៃ សម្តែង​សិល្បៈ​រួមគ្នា ដើម្បី​ស្វែងយល់​វប្បធម៌​គ្នា​ទៅវិញទៅមក​
05, Dec 2017 , 11:36 am        
រូបភាព
​កម្ពុជា និង​ថៃ បានរៀបចំ​ការសម្តែង​សិល្បៈ​ប្រពៃណី និង​សហ​សម័យ​រួមគ្នា ដើម្បី​ស្វែងយល់​ពី​វប្បធម៌​គ្នា​ទៅវិញទៅមក​។ ការសម្តែង​នេះ ជា​លទ្ធផល​នៃ​ការ​សហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ​របស់​កម្ពុជា  និង​វិទ្យាស្ថាន Bunditpatanasila នៃ​ប្រទេស​ថៃ​។



​ការសម្តែង​សិល្បៈ​ប្រពៃណី និង​សហ​សម័យ​រួមគ្នា​រវាង​សិល្បករ​កម្ពុជា និង​ថៃ នេះ បាន​ប្រព្រឹត្តទៅ នា​រាត្រី​ថ្ងៃទី​៤ ខែធ្នូ នៅ​សាល​មហោស្រព​ចតុមុខ​។ ជាការ​សម្តែង​រួមគ្នា ដើម្បី​ស្វែងយល់​ពី​វប្បធម៌​រវាង​ប្រទេស​ទាំង​២ ដោយ​កម្ពុជា បាន​លើកយក​ទម្រង់​សិល្បៈ​របាំ​ប្រពៃណី​ចម្រៀង​របស់ខ្លួន​ចំនួន​៣​បទ ឯ​ភាគី​ថៃ​ក៏បាន​សម្ដែង​សិល្បៈ​របាំ​ប្រពៃណី​ថៃ​៣​បទ​ដូចគ្នា និង​ការសម្ដែង​រួមគ្នា​រវាង​សិល្បករ​កម្ពុជា​-​ថៃ ចំនួន​៤​បទ​។



​លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការសម្ដែង​សិល្បៈ​នេះ គឺជា​លទ្ធផល​នៃ​ការខិតខំ​ប្រឹងប្រែង រវាង​សាកលវិទ្យាល័យ ភូមិន្ទ​វិចិត្រសិល្បៈ និង​វិទ្យាស្ថាន Bunditpatanasila​។ ការសម្ដែង​នេះ គឺជា​ការផ្លាស់ប្ដូរ​បទ​ពិសោធន៍ វិធីសាស្ត្រ និង​ការអនុវត្ត​ការសម្ដែង​រវាង​សាលា​ទាំង​២​។ លោកស្រី ភឿង ស​កុ​ណា បញ្ជាក់​ដូច្នេះ​ថា​៖«​ប្រទេស​ទាំង​២ មាន​វប្បធម៌​ស្រដៀង​គ្នា ដូច្នេះ​វា​អាចធ្វើ​ឱ្យមាន​ទំនាក់ទំនង​កាន់តែ​ល្អប្រសើរ​ថែមទៀត សម្រាប់​ការសិក្សា​ស្វែងយល់​ពី​វប្បធម៌​គ្នា​ទៅវិញទៅមក ពិសេស​សម្រាប់​យុវជន​»​។



​លោក Vira Rojpojchanarat រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​នេះ  បាន​ឲ្យ​ដឹងថា នេះ​ជាការ​សម្ដែង​លើក​ទី​១ សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ និង​វិទ្យាស្ថាន Bunditpatanasila​។ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​ថៃ​រូបនេះ បញ្ជាក់ទៀតថា នឹងមាន​ការសម្ដែង​ផ្សេងៗ​ទៀត​រវាង​ប្រទេស​ទាំងពីរ​នៅ​ពេប​ន្ត​បន្ទាប់​ទៀត ដោយ​ការសម្ដែង​ត្រូវធ្វើឡើង​ម្តងម្នាក់ ម្តង​នៅ​កម្ពុជា និង​ម្តង​នៅ​ថៃ​៕




Tag:
 កម្ពុជា​-​ថៃ​
 ​សិល្បៈ​
  ប្រពៃណី​
 ​ សហ​សម័យ​
© រក្សាសិទ្ធិដោយ thmeythmey.com