ជាតិ
នយោបាយជាតិ
សមាជិកសភា១៥៨រូបពីជាង២០ប្រទេស សុំឲ្យដោះលែងលោក កឹម សុខា និងឲ្យបក្សប្រឆាំង ដំណើរការឡើងវិញ ទីស្នាក់ការ CNRP ក្រោយតុលាការកំពូលប្រកាសរំលាយ។ រូបថត AFP
× ភ្នំពេញ៖ សមាជិកសភា១៥៨រូប មកពីជាង២០ប្រទេស បានរួមគ្នាស្នើឲ្យដោះលែងលោក កឹម សុខា និងបើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោត នៅឆ្នាំ២០១៨។ ប៉ុន្តែ អ្នកនាំពាក្យគណបក្សកាន់អំណាច ឆ្លើយតបថា រដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់នឹងសំណើនេះឡើយ ហើយក៏ឆ្លៀតប្រាប់ទៅសមាជិកសភាទាំងនោះ ឲ្យរកវិធីដោះស្រាយភាពវឹកវរក្នុងប្រទេសរបស់ខ្លួនវិញ ល្អជាង។
ការបន្តឃុំខ្លួន លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលរងការរំលាយចោលពីសំណាក់តុលាការកំពូល ធ្វើឲ្យការឈឺឆ្អាលរបស់សហគមន៍អន្តរជាតិ កាន់តែរីកសុះសាយ។ សមាជិកសភា១៥៨រូប មកពីប្រទេសចំនួន២៣ ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី អាហ្វ្រិកខាងត្បូង អ៊ីតាលី អាលឺ្លម៉ង់ បារាំង កាណាដា អង់គ្លេស អេស្ប៉ាញ និងស៊ុយអែត ជាដើម បានព្រមព្រៀងជាមួយគ្នា សរសេរលិខិតចំហមួយ ដើម្បីសំដៅទៅកាន់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាដោយផ្ទាល់តែម្តង។
គោលបំណងធំបំផុតក្នុងលិខិតចំហរបស់សមាជិកសភាទាំងនោះ គឺស្នើឲ្យរដ្ឋាភិបាលកម្ពុជា ដែលស្ថិតក្រោមការដឹកនាំរបស់សម្តេច ហ៊ុន សែន ទម្លាក់ចោទប្រកាន់ ហើយដោះលែងឲ្យលោក កឹម សុខា និងតំណាងរាស្ត្រគណបក្សប្រឆាំងផ្សេងទៀត ជាបន្ទាន់ដោយឥតលក្ខខណ្ឌ ព្រមទាំងលុបចោលនូវសេចក្តីសម្រេចនៃការរំលាយគណបក្សសង្គ្រោះជាតិផងដែរ។ សមាជិកក្នុងស្ថាប័ននីតិបញ្ញត្តិ ដែលមកពីបណ្តាប្រទេសខាងលើ បានសរសេរក្នុងលិខិតចំហយ៉ាងដូច្នេះ៖«ពួកយើង ជឿជាក់យ៉ាងមុតមាំថា ការរំលាយគណបក្សសង្គ្រោះជាតិ និងការបន្តឃុំខ្លួនលោក កឹម សុខា នឹងធ្វើឲ្យការបោះឆ្នោតនៅឆ្នាំក្រោយ មិនមានភាពត្រឹត្រូវនិងយុត្តិធម៌ជាដាច់ខាត»។
ក្រៅពីស្នើឲ្យដោះលែងលោក កឹម សុខា និងសុំឲ្យគណបក្សសង្គ្រោះជាតិ ដំណើរដូចដើម នៅមានចំណុចធំៗមួយទៀត ដែលពួកគេចង់បាន គឺការអនុញ្ញាតឲ្យមន្ត្រីទាំងអស់នៃគណបក្សនេះ រាប់ចាប់តាំងពីសមាជិករដ្ឋសភា សមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ រហូតដល់សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ដែលត្រូវបានប្រជាពលរដ្ឋកម្ពុជា បោះឆ្នោតឲ្យ ចូលបំពេញការងារវិញ។
លើសពីនេះ សមាជិកសភាពខាងលើ ថែមទាំងស្នើឲ្យលុបចោលនូវខ្លឹមសារថ្មីនៃច្បាប់ស្តីគណបក្សនយោបាយ ដែលត្រូវបានកែប្រែដោយតំណាងរាស្ត្រគណបក្សកាន់អំណាចកាលពីកន្លងទៅ និងជំរុញឲ្យរដ្ឋាភិបាលកម្ពុជា សហការឲ្យបានល្អជាមួយសហគមន៍អន្តរជាតិ ដើម្បីធានាការបោះឆ្នោតថ្នាក់ជាតិក្នុងឆ្នាំ២0១៨ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
លិខិតចំហខាងលើ ត្រូវបានចុះផ្សាយក្នុងគេហរទំព័ររបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ។ ការចុះផ្សាយរបស់សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស នៅក្នុងគេហទំព័របស់ខ្លួន បានឲ្យដឹងថា លិខិតចំហ ដែលចុះហត្ថលេខាដោយសមាជិកសភាទាំង១៥៨រូប ត្រូវបានបញ្ជូនទៅកាន់សម្តេច ហ៊ុន សែន នៅព្រឹកពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២0១៧។
សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ក៏ជាស្ថាប័នមួយ ដែលបានចេញសេចក្តីថ្លែងការណ៍ ដើម្បីថ្កោលទោសរដ្ឋាភិបាលកម្ពុជា ជុំវិញការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ និងការរំលាយគណបក្សសង្គ្រោះជាតិ។ ហើយក្នុងចំណោមសមាជិកសភាខាងលើ ដែលចូលរួមចុះហត្ថលេខាលើលិខិតចំហ នៅថ្ងៃទី៤ ខែធ្នូនេះ ក៏ទំនងជាមានសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សផងដែរ។
សំណើរបស់តំណាងរាស្ត្រនិងសមាជិកព្រឹទ្ធសភា បានរងការសើចចំអកពីសំណាក់លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលកំពុងដឹកនាំរដ្ឋាភិបាល។ លោក សុខ ឥសាន បានសរសេរសារទៅកាន់ក្រុមអ្នកកាសែត តាមបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) យ៉ាងដូច្នេះថា៖«គួរឲ្យអៀនខ្មាសខ្លាំងណាស់ ដែលមុននឹងនិយាយ សមាជិកសភាទាំងនោះ មិនបានសិក្សាច្បាប់ ឲ្យបានច្បាស់លាស់ ជាមុនសិន»។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ បានហៅសមាជិកសភាទាំងនោះ ជាពិសេសសំដៅទៅលើសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ថាជាបណ្តុំនៃសមាជិកសភា ដែលមកពីគណបក្សប្រឆាំង ដូចគ្នាទៅនឹងសមាជិកសភាខាងគណបក្សប្រឆាំង នៅកម្ពុជាដែរ។ ដូច្នេះ លោក ក៏អះអាងថា រដ្ឋាភិបាលកម្ពុជា មិនយកចិត្តទុកដាក់នឹងការដាក់គំនាបរបស់សមាជិកសភាខាងគណបក្សប្រឆាំង ដែលមកពីបណ្តាប្រទេសទាំងនោះទេ។
លោក សុខ ឥសាន ធ្វើជាសួរទៅកាន់សមាជិកសមាជិកសភាទាំងនោះថា ធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន មានបានបង្រៀនឲ្យជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិកដែរទេ? បន្ទាប់មក លោក ក៏ប្រាប់សមាជិកសភាទាំងនោះ ឲ្យគិតគូរដោះស្រាយបញ្ហា ដែលកំពុងកើតមានក្នុងប្រទេសរបស់ខ្លួនវិញ ទើបប្រសើរជាង។
មន្ត្រីជាន់ខ្ពស់គណបក្សកាន់អំណាចខាងលើ បញ្ជាក់ថា រាល់ការបង្គាប់បញ្ជាពីសមាជិកសភាទាំងនោះ មិនមានប្រយោជន៍អ្វីឡើយ សម្រាប់កម្ពុជា។ លោក បន្ថែមចុងក្រោថា រដ្ឋាភិបាលកម្ពុជា សុខចិត្តយកពេលវេលាដ៏មានតម្លៃ ទៅអភិវឌ្ឈប្រទេស និងបម្រើផលប្រយោជន៏របស់ប្រជាជន។
ក្រោយលោក កឹម សុខា ជាប់ឃុំក្នុងពន្ធនាគារ ជាពិសេសកក្រោយតុលាការកំពូល រំលាយគណបក្សសង្គ្រោះជាតិ មន្ត្រីជាន់ខ្ពស់និងថ្នាក់ដឹកនាំសំខាន់ៗភាគច្រើននៃគណបក្សនេះ បាននាំគ្នា ចាកចេញពីកម្ពុជា ទៅបន្តសកម្មភាពនយោបាយនៅក្រៅប្រទេស និងរកជំនួយពីសហគមន៍អន្តរជាតិ ដើម្បីសុំឲ្យធ្វើអន្តរាគមន៍។ ពីមួយថ្ងៃទៅមួយថ្ងៃ គេ សង្កេតឃើញក្រុមប្រឆាំងទាំងនោះ ដោយមានលោក សម រង្ស៊ី ជាចម្បង បានខិតខំធ្វើកិច្ចការផ្នែកការទូត ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ ជួយធ្វើយ៉ាងណា ឲ្យស្ថានការណ៍នយោបាយវិលទៅភាពល្អប្រសើរឡើងវិញ ខណៈការបោះឆ្នោត កាន់តែខិតជិតមកដល់។
ម្យ៉ាងទៀត ក្រុមប្រឆាំងទាំងនោះ បានព្យាយាមប្រកាសជំហររបស់ខ្លួនពីក្រៅប្រទេសថា គណបក្សសង្គ្រោះជាតិ នៅតែរក្សារចនាសម្ព័ន្ធដដែល ដោយនៅប្រកាន់ភ្ជាប់ថា ពួកគេ នៅតែជាតំណាងស្របច្បាប់របស់ប្រជាពលរដ្ឋកម្ពុជា៕
Tag:
CNRP
APHR
កឹម សុខា
សុខ ឥសាន
© រក្សាសិទ្ធិដោយ thmeythmey.com