ជាតិ
សង្គមជាតិ
ជប៉ុន​ផ្ដល់​ថវិកា​ជាង​៣​សែន​ដុល្លារ លើ​គម្រោង​សាងសង់​មណ្ឌល​សុខភាព​និង​ផ្លូវ​នៅ​កម្ពុជា​
06, Dec 2017 , 10:54 am        
រូបភាព
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ  ខាងឆ្វេង
លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ខាងឆ្វេង
ដោយ:
​ភ្នំពេញ​៖​រដ្ឋាភិបាល​ជប៉ុន បានផ្ដល់​ជំនួយឥតសំណង​សរុប​ទឹកប្រាក់​ជាង​៣​សែន​ដុល្លារ​អាមេរិក លើ​គម្រោង​សាងសង់ អាគារ​មណ្ឌល​សុខភាព​និង​ជួសជុល​ផ្លូវ​នៅ​កម្ពុជា​។ ការផ្ដល់​ជំនួយ​នេះ ក្រោម​ជំនួយឥតសំណង​សម្រាប់​គម្រោង​ទ្រង់​ទាយ​តូច​សន្តិសុខ​មនុស្សជាតិ​(​ជំនួយ​គូ​សាណូ​ណិ​)​។​



​គម្រោង​ដែលមាន​ទឹកប្រាក់​៣២៩,៧៣៦ ពី​រដ្ឋាភិបាល​ជប៉ុន​នេះ នឹង​យកទៅ​សាងសង់​អាគារ​មណ្ឌល​សុខភាព​ក្រញូង សែន​ជ័យ ខេត្តក្រចេះ ដែល​ចំណាយ​ថវិកា​ចំនួន ៨៩,៦៣២​ដុល្លារ សម្រាប់​ការ​សម្រាលកូន ការថែទាំ​ក្រោយពេល​សម្រាលកូន និង​ការចេញ​វេជ្ជបញ្ជា​ថ្នាំពេទ្យ ដែល​ប៉ុស្តិ៍​សុខភាព​បច្ចុប្បន្ន​មិនអាច​ផ្ដល់​បាន​។ ទី​២ គម្រោង​សាងសង់​អាគារ​មណ្ឌល​សុខភាព​បា​រ៉ុង ខេត្តកណ្ដាល ដែលមាន​ថវិកា​ចំនួន ៨៤,៩៧២​ដុល្លារ​។ ទី​៣ គម្រោង​បំពាក់​ម៉ាស៊ីន​កាំរស្មីអ៊ិច និង​ម៉ាស៊ីន​ឆ្លុះ​អេកូ នៅ​មន្ទីរ​ព​ទ្យ​កុមារ​អង្គរ ខេត្តសៀមរាប ដែលមាន​ថវិកា​ចំនួន ៧៦,៥៤៥​ដុល្លារ និង​ថវិកា​មួយផ្នែក​ទៀត សម្រាប់​គម្រោង​ជួសជុល​ផ្លូវ​១​ខ្សែ ស្ថិតនៅក្នុង​ឃុំ​រមទម ស្រុក​រវៀង ខេត្តព្រះវិហារ ដែល​ត្រូវ​ចំណាយ​ថវិកា ៨៧,៥៨៧​ដុល្លារ​។​

​កិច្ចសន្យា​ផ្ដល់​ជំនួយឥតសំណង​នេះ ត្រូវបាន​ចុះហត្ថលេខា​ដោយ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ប្រទេស​ជប៉ុន ប្រចាំ​នៅ​កម្ពុជា លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ិ​ដេ​ហ៊ិ​សា ជាមួយនឹង ប្រធាន​មន្ទីរ​ខេត្ត​ទាំង​៤ កាលពី​ថ្ងៃទី​០៥ ខែធ្នូ ឆ្នាំ​២០១៧​។​


លោក វេជ្ជបណ្ឌិត អ៊ូ ច័ន្ទតារាមុនី ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិល្វាឯម ខេត្តកណ្ដាល ខាងឆ្វេង

​លោក អ៊ូ ច័ន្ទ​តារា​មុនី ប្រធានការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​ល្វាឯម ខេត្តកណ្ដាល  បាន​លើកឡើងថា ដើម្បី​ទទួលបាន​សេវា​សុខាភិបាល​ត្រឹមត្រូវ ប្រកបដោយ​គុណភាព និង​ប្រសិទ្ធភាព ត្រូវ​ទាមទារ​ឲ្យ​មាន​អាគារ​មណ្ឌល​សុខភាព​មាន​ភាពសមរម្យ​។ លោក​ថា អគារ​ថ្មី​នេះ​នឹង​ផ្ដល់​សេវា​មានគុណ​ភាព ក៏ដូចជា​ភាពសមស្រប​ដល់​មន្ដ្រី​សុខាភិបាល ក្នុងការ​ថែទាំ និង​ព្យាបាល​អ្នកជំងឺ​ផងដែរ​។ លោក អ៊ូ ច័ន្ទ​តារា​មុនី​៖ «​នេះ​ជា​គម្រោង​ទី​១​សម្រាប់​ស្រុក​ល្វាឯម​។​គម្រោង​នេះ​នឹង​អនុញ្ញាត​ឲ្យ​មណ្ឌល​សុខភាព​បំពេញ​តាម​ស្ដង់ដា​ក្រសួងសុខាភិបាល និង​ផ្ដល់​សេវា​សុខភាព​កាន់តែ​ល្អប្រសើរ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ៥,២០០​នាក់​»​។​


លោក ងួន ច័ន្ទភត្រា ប្រធានមន្ទីរពេទ្យកុមារអង្គរ  ខេត្តសៀមរាប ខាងឆ្វេង

​ជាមួយគ្នានេះ​លោក ងួន ច័ន្ទ​ភ​ត្រា ប្រធាន​មន្ទីរពេទ្យ​កុមារ​អង្គរ ដែល​ទទួលបាន​ជំនួយ​ដំឡើង​ផ្នែក​បរិក្ខា​វិទ្យាសាស្ត្រ ម៉ាស៊ីន​កាំរស្មីអ៊ិច និង​ម៉ាស៊ីន​ឆ្លុះ​អេកូ​ពី​រដ្ឋាភិបាល​ជប៉ុន​នេះ បាន​វាយតម្លៃថា ជំនួយ​ទាំងនេះ នឹង​ផ្ដល់​អត្ថប្រយោជន៍​ដល់​កុមារ​កម្ពុជា ក្នុងការ​ស្វែង​រោគវិនិច្ឆ័យ​យ៉ាងតិច ១​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។​

​ជំនួយ​គូ​សាណូ​ណិ ចាប់ផ្ដើម​អនុវត្ត​តាំងពី​ឆ្នាំ ១៩៩១ ដែល​មកដល់ពេលនេះ​មាន​ថវិកា​សរុប​ជាង ៥៧​លាន​ដុល្លារ​អាមេរិក​។ ជំនួយ​នេះ រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ឲ្យ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ និង​ស្ថាបនា​នៅតាម​មូលដ្ឋាន​ប្រទេស​កម្ពុជា​ឡើងវិញ​។ រីឯ​ជំនួយឥតសំណង​សម្រាប់​គម្រោង​អង្គការក្រៅរដ្ឋាភិបាល​ជ​ប៉ុន បានចាប់ផ្ដើម​ពី​ឆ្នាំ ២០០២ សម្រាប់​គាំទ្រ​ដល់​សកម្មភាព​របស់​អង្គការក្រៅរដ្ឋាភិបាល​ប៉ុន ក្នុងការ​ប្រឹងប្រែង​ជួយ​ដល់​ការអភិវឌ្ឍ និង​ស្ថាបនា​ប្រទេស​កម្ពុជា ដែល​មកទល់ពេលនេះ​មាន​ថវិកា​សរុប​ជាង ៣០​លាន​ដុល្លារ​។ ជំនួយ​ទាំងនេះ សម្រាប់​ទ្រទ្រង់​គម្រោង​ចំនួន ១០៤ ដោយ​ផ្ដោត​សំខាន់​លើ​វិស័យ​អប់រំ សុខាភិបាល កសិកម្ម និង​សកម្មភាព​បោសសម្អាត​មីន​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​៕


Tag:
 ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com