សម្តេច ស ខេង ចាត់ទុកថា​ជា​សិទ្ធិ​របស់​អាមេរិក ដែល​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​
ជាតិ
សម្តេច ស ខេង ចាត់ទុកថា​ជា​សិទ្ធិ​របស់​អាមេរិក ដែល​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​
07, Dec 2017 , 10:19 pm        
រូបភាព
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្តេច ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ មិន​បញ្ចេញ​ប្រតិកម្ម​អ្វី​ឲ្យ​ធ្ងន់ធ្ងរ ទៅនឹង​សហរដ្ឋអាមេរិក​នោះទេ ចំពោះ​ការ​រឹតបន្តឹង​ទិដ្ឋាការ មកលើ​មន្ត្រី​កម្ពុជា​មួយចំនួន​។ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ យល់ថា ការ​រឹតបន្តឹង​នេះ គឺជា​សិទ្ធិ​របស់​សហរដ្ឋអាមេរិក ដោយ​មិនអាច​ហាមឃាត់​បាន​។



​សម្តេច ស ខេង ត្រូវបាន​ក្រុមអ្នកកាសែត​តាម​សួរ​ពី​បញ្ហា​ខាងលើ ក្រោយ​ចាក​ចេញពី​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២0១៧​នេះ​។ សម្តេច ស ខេង ឆ្លើយ​យ៉ាងខ្លី​ថា​៖«​រឿង​ហ្នឹង គឺជា​សិទ្ធិ​របស់​សហរដ្ឋអាមេរិក​។ ឲ្យ​ធ្វើ​ម៉េច​?»​។​

​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​ហៅ​សេចក្តីថ្លែងការណ៍​របស់​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក ក្នុងការ​រឹតបណ្តឹង​ទិដ្ឋាការ​នេះ ថា​ជាការ​សម្លាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ដោយ​អយុត្តិធម៌​។ លោក បន្តថា សេចក្តីថ្លែងការណ៍​នេះ បង្ហាញ​ពី​បំណង​ពិតប្រាកដ ក្នុងការ​បំផ្លាញ​ទំនាក់ទំនង​រវាង​សហរ​ដ្ធ​អាមេរិក​និង​កម្ពុជា​។​
​អ្នកនាំពាក្យ​រូបនេះ បាន​សរសេរ​សា​រលើ​គណនី​ហ្វេ​ស​ប៊ុ​កថា​៖«​ការបង្ខំ​ឲ្យ​កម្ពុជា​ប្រឆាំង​តុលាការ និងរ​ដ្ធ​សភា គឺជា​ការប្រឆាំង​នីតិរដ្ឋ ដែល​ល​ផ្ទុយ​ពី​ឆន្ទៈ​កម្ពុជា ដែល​ប្រឹងប្រែង​ពង្រឹង​ជា​រៀងរាល់ថ្ងៃ​»​។

​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ក៏​នៅ​មិន​ស្ងៀម​ដែរ ក្រោយ​សហរដ្ឋអាមេរិក ប្រកាស​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​កម្ពុជា​។ លោក បាន​លើកឡើងថា ការដាក់​លក្ខខណ្ឌ​ណាមួយ ដើម្បី​ឲ្យ​មានការ​ដោះលែង​លោក កឹម សុខា និង​អនុញ្ញាត​ឲ្យ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​សកម្មភាព​ឡើងវិញ គឺជា​ការ​លូកដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ដែល​ផ្ទុយ​ពី​នយោបាយ​ការបរទេស​របស់លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ​។

​តាមរយៈ​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម (Telegram ) អ្នកនាំពាក្យ​គណបក្សកាន់អំណាច បាន​ប្រាប់​ក្រុមអ្នកកាសែត​ថា ទង្វើ​បែបនេះ គឺជា​ជាការ​រំលោភ​យ៉ាង​កំរោល មកលើ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា និង​ជាការ​រំលោភ​ស្មារតី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​។យ៉ាងណាក៏ដោយ លោក អះអាងថា រដ្ឋាភិបាល​កម្ពុជា នៅតែ​ប្រកាន់​ជំហរ​ម៉ឺងម៉ាត់ ក្នុង​ការដើរតាម​គន្លង​លទ្ធិប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​។ សម្រាប់​មន្ត្រីជាន់ខ្ពស់​គ​ណ​បក្ស​កាន់អំណាច​ខាងលើ ការទាមទារ និង​ការដាក់កំហិត​ទាំងឡាយ​របស់​សហរដ្ឋ​អាមេរិក គ្រាន់តែ​ជា​សិទ្ធិ​បញ្ចេញមតិ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ​។

​ការធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​និង​ការគោរព​សិទ្ធិមនុស្ស ធ្លាក់ចុះ គឺជា​ហេតុផល​ចម្បង ដែល​សហរដ្ឋអាមេរិក សម្រេច​ចេញ​សេចក្តីថ្លែងការណ៍ នៅ​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២0១៧ ដើម្បី​រឹតបន្តឹង​ទិដ្ឋាការ​លើ​មន្ត្រី​រដ្ឋាភិបាល​។ ហើយ​ការដើរ​ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ការរំលាយ​គណបក្ស​ស​ង្គ្រោះ​ជាតិ និង​ការបន្ត​ឃុំ​លោក កឹម សុខា ក្នុង​ពន្ធនាគារ គឺជា​អ្វីដែល​សហរដ្ឋអាមេរិក ចាត់ទុកថា​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា ដើរ​ថយក្រោយ​៕

Tag:
 ស ខេង​
  ផៃ ស៊ី​ផាន​
  សុខ ត​សាន​
  អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com