ជាតិ
សេដ្ឋកិច្ច
ពលរដ្ឋ​ត្អូញត្អែរ​ធ្លាក់​ចំណូល​រកស៊ី ខណៈ​មាន​កំណើន​យ៉ាងគំហុក​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះសីហនុ​
08, Dec 2017 , 7:59 pm        
រូបភាព
ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក (ស៊ុន ណារិន/VOA)
ហាង​រកស៊ី​នៅ​ខេត្តព្រះសីហនុ ត្រូវ​បាន​ដាក់​ឈ្មោះ​ជាភាសាចិន សម្រាប់ភ្ញៀវទេស​ចរចិនដែលមានការ​កើន​ឡើង​យ៉ាងគំហុក (ស៊ុន ណារិន/VOA)
ដោយ: VOA
​ព្រះសីហនុ ៖ សំណង់​កាស៊ីណូ​មួយ​នៅជាប់​ផ្លូវ​ខាងក្រោយ​ផ្ទះ​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ខេត្ត​ព្រះសីហនុ កំពុងតែ​ស្ថាបនា​ឡើង ដើម្បី​ទទួលភ្ញៀវ ជាពិសេស​ជនជាតិ​ចិន ដែលមាន​បំណង​មកលេង និង​រកស៊ី នៅក្នុង​ខេត្ត​ទេសចរណ៍​ឆ្នេរសមុទ្រ​នេះ​។ សំណង់​កាស៊ីណូ ឈ្មោះ New MGM មួយ​នេះ ជា​អតីត​ផ្ទះសំណាក់​មួយ ដែលមាន​ឈ្មោះថា «​សន្តិភាព​»​។



​សំណង់​អគារ​ផ្សេងៗ​របស់​ជនជាតិ​ចិន បាន​នឹង​កំពុង​រីកដុះដាល​ដូច​ផ្សិត នៅក្នុង​ខេត្ត​ព្រះសីហនុ​។ ផ្ទះសំណាក់ សណ្ឋាគារ​មួយចំនួន និង​កន្លែង​ផ្សេងៗ បាន​ប្រែក្លាយជា​កាស៊ីណូ​។ កន្លែង​មួយចំនួនទៀត បាន​ប្រែក្លាយជា​កន្លែង​ច្រៀង​ខារ៉ាអូខេ ដើម្បី​ទទួលភ្ញៀវ​ទេសចរណ៍​ចិន​ដែល​មក​កម្សាន្ត​លេង ឬ​មករក​ស៊ី​នៅក្នុង​ខេត្ត​មួយ​នេះ​។​



​នៅតាម​ដងផ្លូវ​ក្នុង​ខេត្ត​មួយ​នេះ កន្លែង​រកស៊ី មាន​លើក​ស្លាក​យីហោ ដោយមាន​ការបកប្រែ​ជា​ភាសា​ចិន​។ ខេត្ត​មួយ​នេះ បាន​កំពុង​នឹង​ក្លាយជា​ទីក្រុង​ពោរពេញ​ដោយ​ជនជាតិ​ចិន​នាពេល​ឆាប់ៗ​ខាងមុខ​។ នេះ​បើ​យោងតាម​អ្នកស្រុក​នៅទីនេះ​។​

​ទោះជា​យ៉ាងណាក៏ដោយ ជាមួយ​ការកើនឡើង​ជន​ជាតិចិន​យ៉ាងគំហុក​នៅក្នុង​ខេត្ត​ទេសចរណ៍​ជាប់មាត់​សមុទ្រ​មួយ​នេះ ប្រជាជន​មួយចំនួន​ដែល​ប្រកប​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ ភោជនីយដ្ឋាន និង​សណ្ឋាគារ ដែល​ធ្លាប់​ទទួលភ្ញៀវ​ពី​អឺរ៉ុប​ច្រើន បាន​បាត់បង់​ចំណូល​របស់​ពួកគេ​គួរ​ឲ្យ​កត់សម្គាល់​។​

​ពួកគេ​បាន​អះអាងថា ដោយសារ​ជនជាតិ​ចិន​ចូលមក​នៅក្នុង​ខេត្ត​នេះ​ច្រើន ដូច្នេះហើយ​បណ្ដាល​ឲ្យ​ភ្ញៀវទេសចរ​មកពី​លោកខាងលិច មិនសូវ​មកលេង​ខេត្ត​មួយ​នេះ ច្រើន​ដូច​មុន​ទៀត​ទេ​។​

​ភ្ញៀវ​បរទេស​អឺរ៉ុប និង​ចិន​

​លោក លី ឈុន អាយុ​៣៨​ឆ្នាំ ជា​អ្នករត់​ម៉ូតូ​កង់​បី ជិត​១០​ឆ្នាំ​មកហើយ នៅក្នុង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ចាប់តាំងពី​ភ្ញៀវ​ចិន​ចូលមកក្នុង​ខេត្ត​មួយ​នេះ ភ្ញៀវ​បរទេស​អឺរ៉ុប​បាន​ធ្លាក់ចុះ ដែល​បណ្តាល​ឲ្យ​លោក​មិនអាច​ដឹក​ភ្ញៀវ​បរទេស​ទាំងនោះ​តទៅទៀត​។​

​លោក​បន្តថា ភ្ញៀវ​ចិន​ដែល​ចូលចិត្ត​ដើរលេង​ជា​ក្រុម មាន​ក្រុមហ៊ុន​ចាំ​ដឹក អ្នកខ្លះ​ចូលចិត្ត​ដើរ និង​អ្នក​ខ្លះទៀត​មាន​រថយន្ត​ប្រើប្រាស់​ខ្លួនឯង​។​

​លោក​បាន​ថ្លែងប្រាប់ VOA ថា​៖ «​គឺ​ចិន​គេ​មក​គេ​អត់​ជិះ​ទេ គេ​ដើរ​អញ្ចឹង​ទៅ ត្រូវ​ការទិញ​អី គេ​មាន​មី​នី​ម៉ា​ត​របស់គេ ត្រូវការ​ហូបចុក​អី គេ​ទៅ​ហាង​ចិន​គ្នា​គេ​។ សម្រាប់​បងប្អូន ខ្មែរ​ដែល​គាត់​ជា​អ្នកលក់ដូរ​អី នៅតាម​ឆ្នេរ នៅតាម​ហាង នៅតាម​ដងផ្លូវ​អីហ្នឹង ចប់​ហើយ អស់​សេវា​ហើយ​»​។​



​លោក​បន្ថែមថា ពីមុន​លោក​ធ្លាប់​រកចំណូលបាន​ចន្លោះ​ពី ១៥ ទៅ​២០​ដុល្លារ​ក្នុង​មួយថ្ងៃ តែ​បច្ចុប្បន្ននេះ រកបាន​តែ ៣​ទៅ​៤​ដុល្លារ​តែប៉ុណ្ណោះ​។​

​លោក លី ឈុន បន្តថា ភ្ញៀវ​អឺរ៉ុប​មិន​ចូលចិត្ត​ភ្ញៀវ​ចិន​នោះទេ ដោយសារ​«​ពួកគេ​មាន​ភាព​រញ៉េរញ៉ៃ និង​មាត់​ឭៗ ដែល​ផ្ទុយ​ពី​ខាង​អឺរ៉ុប​ចូលចិត្ត​ភាពស្ងប់ស្ងាត់​»​។​

​លោក លី ឈុន យល់ថា កំណើន​ភ្ញៀវ​ចិន​នេះ មិនបាន​ផ្តល់​ប្រយោជន៍​ច្រើន​ដល់​ប្រជាជន ដែល​រកស៊ី​តូចតាច​ដូចជា​រូបលោក​នោះទេ គឺ​បានតែ​ទៅលើ​អ្នកមាន​ជីវភាព​ធូរធារ​តែប៉ុណ្ណោះ​។​

​លោក​មានប្រសាសន៍ថា​៖ «​ព្រោះថា​ចិន​ដែលថា គាត់​ចូលមក​វិនិយោគទុន​ហ្នឹង គឺ​អត់​មាន​ចំណូល​ចូលដល់​ប្រជាពលរដ្ឋ​ដូច​អឺរ៉ុប​ទេ គឺ​ចំណូល​ចូល​បាន​បន្តិចបន្តួច​ទៅលើ​រដ្ឋាភិបាល និង​អ្នកមាន​ផ្ទះជួល និង​អ្នកមាន​ដី ប៉ុន្តែ​ដែល​ឲ្យ​ថា មក​ឲ្យ​ជួយ​ដល់​ប្រជាពលរដ្ឋ​ហ្នឹង គឺ​អត់​មាន​ទេ តិចតួច​ណាស់​»​។​

​លោក ស៊ុន ផាត អាយុ​៦២​ឆ្នាំ ដែលជា​អ្នករត់ម៉ូតូឌុប​ជាង​១០​ឆ្នាំ​មកហើយ មានប្រសាសន៍ថា ចំណូល​របស់លោក​បាន​ធ្លាក់ចុះ ដោយ​ពីមុន លោក​ធ្លាប់​រកបាន​ជាង​៤​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ តែ​ឥឡូវ បាន​មកដល់​ត្រឹមតែ​១​ម៉ឺន​ទៅ​២​ម៉ឺន​រៀល​តែប៉ុណ្ណោះ​។​

​លោក​មានប្រសាសន៍ថា​៖ «​ជួនកាល​ដឹក យើង​ទារ​គេ ១​រៀល ជួនកាល​អឺរ៉ុប គេ​ធីប​ឲ្យ​យើង​៥​រៀល ២​រៀល​ក៏មានដែរ​។ ហើយ​បើ​ចិន យើង​ទារ​១​រៀល​។ លោតែ​ហេងស៊យ យើង​ទារ ១​រៀល ចុះមក​ឲ្យ​តែ​២​ពាន់​ខ្មែរ ដើរចេញ​។ វា​មិនដឹង​និយាយ​ជាមួយ​យើង​ផង ស្រួល​មិន​ស្រួល យើង​ទៅ​ទារ វារ​ករឿង ច្រងេងច្រងាង​ដាក់​យើង​ទៀត​»​។​

​លោក​បញ្ជាក់ថា លោក​មិន​ពេញចិត្ត​នឹង​ការកើនឡើង​របស់​ទេស​ចរ​ចិន​យ៉ាងគំហុក​នោះទេ​។​

​លោក​បាន​ថ្លែងប្រាប់​VOA​ថា​៖ «​ខ្ញុំ​និយាយ​ត្រង់ ខ្ញុំ​មិន​សប្បាយចិត្ត​តែម្ដង ដល់ពេល​ចិន​ចូល អត់​មាន​ចំណូល​ទៅដល់​ប្រជារាស្ត្រ​ខ្មែរ​យើង​។ ខ្ញុំ​អត់​ពេញចិត្ត​ឡើយ ព្រោះ​វារឹតតែ​ពិបាក​ការងារ​រកស៊ី​ចិញ្ចឹមជីវិត​»​។​

​លោក ផាត មានប្រសាសន៍​បន្ថែមថា ជនជាតិ​ចិន មិន​គោរព​ខ្មែរ ដូច​ភ្ញៀវ​អឺរ៉ុប​នោះទេ​។​

​ចំណែក​ម្ចាស់​ភោជនីយដ្ឋាន និង​សណ្ឋាគារ ដែល​ធ្លាប់បាន​ទទួលភ្ញៀវ​បរទេស​អឺរ៉ុប ក៏បាន​បង្ហាញ​ក្តីបារម្ភ​ពី​ការធ្លាក់ចុះ​ចំណូល​របស់​ពួកគេ​ដែរ ដោយសារ​ការធ្លាក់ចុះ​ចំនួន​ភ្ញៀវ​បរទេស​។ ពួកគេ​លើកឡើងថា នេះ​បណ្តាលមកពី​ភ្ញៀវ​ចិន​ចូលមក​យ៉ាងច្រើន​នៅក្នុង​ខេត្ត​មួយ​នេះ​។​

​អ្នកស្រី លាង ស៊ីម អាយុ​៣៧​ឆ្នាំ ជា​ម្ចាស់​ហាង​ភោជនីយដ្ឋាន​មួយ​នៅក្នុង​តំបន់​ឧតុនិយម​ក្នុង​ក្រុងព្រះសីហនុ ដែលជា កន្លែង​ដែល​សំបូរ​ដោយ​ជនបរទេស​អឺរ៉ុប មានប្រសាសន៍ថា បច្ចុប្បន្ននេះ ជនជាតិ​ចិន​បានមក​ទីកន្លែង​នេះ​ច្រើន ដែល​ធ្វើ​ឲ្យ​កំណើន​បរទេស​អឺរ៉ុប​មានការ​ធ្លាក់ចុះ​។ អ្នកស្រី​បាន​បន្ថែមថា ការរកស៊ី​បាន​ធ្លាក់ចុះ​ប្រមាណ​៥០​ភាគរយ​។​

​អ្នកស្រី​មានប្រសាសន៍ថា​៖ «​ធ្លាក់ចុះ​តើ ចិន​ចូលមក​ច្រើនពេក ភ្ញៀវ​បរទេស​អត់​សូវ​មក ឥឡូវ​មក​តិចៗ អញ្ចឹង​ណា​។ ជួនកាល​មក​ដែរ​ប៉ុន្តែ​ទៅ​កន្លែង​ផ្សេង កន្លែង​នេះ​តិច កន្លែង​នោះ​តិច ហើយ​ម្តុំ​នេះ​ឥឡូវ ក៏​លែង​មានផ្ទះ​នៅ​ដែរ​។ ម្តុំ​នេះ​សុទ្ធតែ​ចិន​ជួល​អស់ហើយ ដេញ​រប៉ាត់រប៉ាយ​អស់ហើយ គ្មាន​ភ្ញៀវ​ទេ​»​។​



​អ្នកស្រី បានបញ្ជាក់​បន្ថែមថា​៖ «​ជនជាតិ​ចិន បរទេស​គ្រប់គ្នា គេ​អត់​សូវ​ចូលចិត្ត​ចិន​ទេ​។ ពេលខ្លះ ខ្ញុំ​ក៏​មិន​ចូលចិត្ត​ដែរ មើលទៅ​ដូច​រញ៉េរញ៉ៃ​។ បើ​បរទេស គេ​មក គេ​មក​ហូប​អី​កន្លែង​យើង ដល់ពេល​ចិន​មក គេ​ជួល​ផ្តាច់ៗ ដេញ​ខ្មែរ​ទៅ​អស់រលីង គឺ​វា​លក់ដូរ​វា​សព្វបែបយ៉ាង​ទាំងអស់​។ មើល​អីវ៉ាន់​វា អីវ៉ាន់​វា សុទ្ធតែ​អីវ៉ាន់​ចិន​រាល់ថ្ងៃ​។ របស់​យើង​វា​មិនសូវ​ស៊ី​ទេ វា​ស៊ី​តែ​របស់​ចិន​គ្នា​វា​»​។​

​អ្នកស្រី លាង ស៊ីម យល់ថា កំណើន​ចិន​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ការរកស៊ី​របស់​ជនជាតិ​ខ្មែរ​។​

​អ្នកស្រី​បញ្ជាក់ថា​៖ «​វា​មិនមែន​មក​នៅ​របៀប​ថា ឲ្យ​យើង​ចំណេញ​ដូច​ពួក​ជនជាតិ​គេ​មក​ហូ​បម​កអី គេ​មក​ស្នាក់នៅ អានេះ​វា​ជួល​ផ្តាច់ៗ យក​ទាំងអស់ វា​រកស៊ី​ខ្លួន​វា​។ វា​មករក​ស៊ី មិនមែន​មក​នៅ​របៀប​ថា ធ្វើការ​អី មក​ស៊ី​អី​ហាង​យើង​បាន​លុយ ចំណូល​ចូល​យើង​ទេ​»​។​

​អ្នកស្រី​បន្តថា​៖ «​គ្មាន​នរណា​សប្បាយចិត្ត​ទេ​។ សម្រាប់​ខ្ញុំ​ផ្ទាល់ មិន​សប្បាយចិត្ត គេ​ក៏​មិន​សប្បាយចិត្ត​ដែរ​។ សប្បាយចិត្ត​ចំពោះតែ​ផ្ទះ​អ្នកមាន របៀប​ថា មាន​ដី​ជួល មានផ្ទះ​ជួល វា​សប្បាយ​ហើយ សប្បាយ​សម្រាប់​អ្នកមាន​ទេ​»​។​

​ទោះជា​យ៉ាងណា ដើម្បី​សម្រប​ជាមួយ​កំណើនប្រជាជន​ចិន​នៅក្នុង​ខេត្ត​មួយ​នេះ អ្នកនាង​បាន​ដូរ​ស្លាក​ហាង ដោយមាន​ភាសា​ចិន ប្រហែល​ពីរ​បី​ខែ​មកហើយ និង​ត្រៀម​បកប្រែ​បញ្ជី​មុខម្ហូប​ជា​ភាសា​ចិន​ផងដែរ​។​

​ចំណែក លោក រតនៈ អាយុ​២៧​ឆ្នាំ ជា​ម្ចាស់​ហាង​មួយ​នៅលើ​កោះ​តា​គាវ​ក្នុង​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ចំនួន​ភ្ញៀវ​បរទេស​មកលេង​កោះ មានការ​ធ្លាក់ចុះ ដែល​ធ្វើ​ឲ្យ​ចំណូល​របស់លោក​បាន​ធ្លាក់ចុះ​ប្រមាណ​២០​ភាគរយ​។​

​លោក​មានប្រសាសន៍ថា​៖ «​វា​ដោយសារតែ​ទីមួយ ប្រហែលជា​ជនជាតិ​ចិន​ច្រើន​នៅ​កំពង់សោម ពេល​អញ្ចឹង​នៅពេល​ភ្ញៀវ​អាន​តាម​អ៊ីនធឺណិត​ទៅ ប្រហែលជា​គេ​ដូរ​គោលដៅ​គេ​ទៅ​ខេត្ត​ផ្សេង​»​។​

​លោក​បញ្ជាក់ថា​៖ «​ព្រោះ​អី​ថា​បរទេស និង​ចិន សីលធម៌​វប្បធម៌​ខុសគ្នា ដូច​ថា​បរទេស​គេ​ចូលចិត្ត​ស្ងៀមស្ងាត់​ភាគច្រើន តែ​ចិន​គាត់​ចូលចិត្ត​ធ្វើដំណើរ​ជា​ក្រុម ហើយ​គាត់​និយាយ​ឭៗ​។ អានេះ​តាម​អ្វីដែល​ខ្ញុំ​ដឹង អ្វីដែល​ខ្ញុំ​មើលឃើញ​»​។​

​ចិន​ឲ្យ​តម្លៃ​ខ្ពស់​ដើម្បី​ជួល​ផ្ទះ និង​ដី​

​ជនជាតិ​ចិន​បាន​ជួល​អគារ និង​ដី ដើម្បី​បើក​ជា​កន្លែង​រកស៊ី​ខ្លួនឯង​គួរ​ឲ្យ​កត់សម្គាល់​។ ពួកគេ​បាន​ឲ្យ​តម្លៃ​អចលនទ្រព្យ​នោះ ខ្ពស់ជាង​ធម្មតា អាច​លើសពី​តម្លៃ​ធម្មតា​ពីរ​ទៅ​បី​ដង​។ សំណង់​អគារ​សម្រាប់​កាស៊ីណូ បាន​កំពុង​រីក​ឡើងជា​បន្តបន្ទាប់​។ កាស៊ីណូ​ប្រមាណ​៣០​ហើយ ត្រូវបាន​បង្កើតឡើង​នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដើម្បី​ទទួលភ្ញៀវ​ទេសចរ ជាពិសេស​ភ្ញៀវ​ចិន​។ នេះ​បើ​យោងតាម​មន្ត្រី​ក្នុង​តំបន់​។​

​អ្នកស្រី ចិន្តា ជា​ម្ចាស់​សណ្ឋាគារ មាលី​ចិន្តា ដែល​បាន​ដំណើរការ​ជិត​២០​ឆ្នាំ​មកហើយ បាន​លើកឡើងថា ជនជាតិ​ចិន បាន​ទាក់ទង​អ្នកស្រី​ជា​បន្តបន្ទាប់ ដើម្បី​ជួល​កន្លែង​អ្នកស្រី តែ​អ្នកស្រី​មិនទាន់​សម្រេច​នៅឡើយ​ទេ​។​



​អ្នកស្រី​បន្តថា ជនជាតិ​ចិន​បាន​ឲ្យ​តម្លៃ​ខ្ពស់ជាង​ផលចំណេញ​ដែល​អ្នកស្រី​រកបាន​ពី​ជំនួញ​មួយ​នេះ​។​

​អ្នកស្រី​មានប្រសាសន៍ថា​៖ «​បើ​គេ​ហ៊ានថ្លៃ​ដល់ មីង​ក៏​ជួល​ឲ្យ​គេ​ដែរ​។ គេ​ឲ្យ​យើង​ច្រើន ជាង​យើង​រកស៊ី​ខ្លួន​យើង​ទៅទៀត​។ ហើយ​សួរថា យើង​ជួល​ឲ្យ​គេ ឬក៏​យើង​ទៅរក​ស៊ី​ខ្លួនឯង ហត់​ចង់​ងាប់​»​។​

​អ្នកស្រី​បន្តថា ដោយសារ​បាត់បង់​ភ្ញៀវ​បរទេស​មកពី​អឺរ៉ុប ចំណូល​របស់​អ្នកស្រី​បាន​ធ្លាក់ចុះ​ទៅដល់​ជិត ៧០​ភាគរយ​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។​

​អ្នកស្រី​បានបញ្ជាក់​ថា​៖ «​មីង​គិតថា មកពី​មាន​ភ្ញៀវ​ចិន​ច្រើន បាត់​ពួក​បរទេស​។ ហើយ​មួយទៀត យើង​បត់បែន​មិនទាន់​ទីផ្សារ​របស់គេ​។ ជួនណា​ចិន​គេ​មក ក៏​គ្នា​ដើរចូល​មើល​របស់​យើង​ដែរ តែ​វា​អត់​ពេញចិត្ត គ្មាន​របស់​ណា​ដែល​គេ​ត្រូវការ​»​។​

​ទោះជា​យ៉ាងណា អ្នកស្រី ក៏​កំពុង​ពិចារណា​ទៅលើ​តម្រូវការ​របស់​ជនជាតិ​ចិន ដូច្នេះហើយ​ទើប​អាច​សម្រប​បាន​នឹង​កំណើន​មួយ​នេះ​។​

​អ្នកស្រី​មានប្រសាសន៍ថា​៖ «​យើង​រកស៊ី​ទៅតាម​ដំណាក់កាល​របស់​វា​។ កាលណា​មាន​ភ្ញៀវ​ចិន​ចូល​ច្រើន អញ្ចឹង​យើង​ត្រូវតែ​ធ្វើ​ម៉េច​ដើម្បី​ឲ្យ​សម្របសម្រួល​ទៅតាម​គេ​ហ្នឹង​។ មិន​អញ្ចឹង​? រក​អីវ៉ាន់​អ្វីដែល​ចិន​ត្រូវការ​»​។​

​អ្នកស្រី​បញ្ជាក់ថា ជនជាតិ​ចិន មិនចេះ​អង់គ្លេស ហើយ​អ្នកស្រី​មិនចេះ​ភាសា​ចិន ដែលជា​ការលំបាក​មួយ​។​

​ការដោះស្រាយ​របស់​មន្ត្រី​ជំនាញ និង​អាជ្ញាធរខេត្ត​

​កម្ពុជា​រំពឹងថា នឹង​ទទួល​អ្នកទេសចរ​ចិន​ប្រមាណ ២​លាន​នាក់ នៅ​ឆ្នាំ​២០២០​។ កាលពី​ឆ្នាំ​២០១៦ កម្ពុជា​បានទទួល​ទេសចរ​ចិន​ប្រមាណ​៨៣​ម៉ឺន​នាក់​។ ចំណែក​នៅក្នុង​រយៈពេល​៧​ខែ​នៃ​ឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួល​អ្នកទេសច​រ​ចិន​ជាង ៦៣​ម៉ឺន​នាក់ ដែលមាន​ការកើនឡើង​ជាង​៤០​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​តួលេខ​របស់​អាជ្ញាធរ​។​

​ទំនាក់ទំនង​កម្ពុជា​-​ចិន មាន​ភាពស្អិតល្មួត តាមរយៈ​ទំនាក់ទំនង​រវាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​មេដឹកនាំ​ចិន​។ ចិន​បានផ្ដល់​ជំនួយឥតសំណង និង​កម្ចី​មក​កម្ពុជា​ជា​បន្តបន្ទាប់ ខណៈ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​អាមេរិក មាន​ភាព​មិនល្អ​រហូត​មកដល់ពេលនេះ​។​



​លោក តាំង សុចិត្រ​គ្រឹ​ស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា បើតាម​ទិន្នន័យ​ដែល​លោក​មាន ភ្ញៀវទេសចរ​បរទេស​មកពី​អឺរ៉ុប មិន​ធ្លាក់ចុះ​នោះទេ បើទោះជា​ភ្ញៀវ​ចិន មានការ​កើនឡើង​មែន​។​

​លោក​បញ្ជាក់ថា ក្នុង​រយៈពេល​១១​ខែ​ក្នុង​ឆ្នាំ​២០១៧​នេះ ភ្ញៀវ​ចិន​មាន​ទៅដល់​ជិត​១១​ម៉ឺន​នាក់​ក្នុងចំណោម​ភ្ញៀវ​បរទេស​ជាង ៤០​ម៉ឺន​នាក់ បានមក​ខេត្ត​ព្រះសីហនុ ដែលមាន​ការកើនឡើង​ជិត ១៥០​ភាគរយ ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។​

​លោក​មានប្រសាសន៍ថា​៖ «​អញ្ចឹង​ក្នុង​បច្ចុប្បន្ននេះ យើង​អត់​អាច​និយាយថា អូ​ភ្ញៀវ​ចិន​កើនឡើង ធ្វើ​ឲ្យ​ភ្ញៀវ​ផ្សេង​ថយ វា​អត់​មាន​ថយ​ទេ​។ ស្ថិតិ​យើង នៅតែមាន​កើន​មាន​ថយ សូម្បីតែ​ប្រែប្រួល​ក្នុង​ត្រីមាស​នីមួយៗ​ហ្នឹង វា​ខុសគ្នា ទីផ្សារ​ផ្សេងៗ ព្រោះ​ពាក់ព័ន្ធ​នឹង​វិស្សមកាល ពាក់ព័ន្ធ​នឹង​ពេលវេលា​ទីផ្សារ​មួយៗ​ហ្នឹង ឬក៏ Low Season High Season(​រដូវ​កាល​មិនសូវមាន​ភ្ញៀវ ឬ​មាន​ភ្ញៀវ​ច្រើន​)​។ អញ្ចឹង​យើង​អត់​អាច​និយាយថា ភ្ញៀវ​ចិន​កើនឡើង ធ្វើ​ឲ្យ​ភ្ញៀវ​ផ្សេង​ថយ​ទាំងអស់ យើង​អត់​អាច​និយាយ​អញ្ចឹង​បានដែរ​»​។​

​លោក​បញ្ជាក់ថា អាជ្ញាធរ​ពាក់ព័ន្ធ​កំពុង​ធ្វើយ៉ាងណា ឲ្យ​ប្រជាពលរដ្ឋ​ទទួលបាន​ផល​ពី​ភ្ញៀវ​ចិន តាមរយៈ​ការសម្របសម្រួល​ទៅតាម​កំណើន​ភ្ញៀវ​ចិន និង​ដឹង​ពី​តម្រូវការ​របស់​ភ្ញៀវ​ចិន​។​

​លោក​បញ្ជាក់ថា ភ្ញៀវ​ចិន​មាន​សក្តានុពល និង​មាន​ចំណូល​ច្រើន​។​

​លោក​មានប្រសាសន៍ថា​៖ «​អញ្ចឹង​ត្រូវ​ដឹង​តម្រូវការ​របស់​ភ្ញៀវទេសចរ​ចិន​។ បើ​គាត់​ស្នាក់ គឺ​អត់​ស្នាក់នៅ​ក្រោម​ផ្កាយ​បី​ទេ​។ បើ​មិន​ផ្កាយ​៤ គឺ​ផ្កាយ​៥​។ គាត់​ត្រូវការ​ស្តង់ដារ Restaurant ចិន​របស់គាត់ ហើយ​សួរថា​នៅ​កំពង់សោម​មាន Restaurant(​ភោជនីយដ្ឋាន​) ចិន​ប៉ុន្មាន ដែល​ស្តង់ដារ ប្រៀបធៀប​សៀមរាប ភ្នំពេញ​»​។​

​ប្រធាន​មន្ទីរ​ទេសចរណ៍​រូបនេះ បាន​បញ្ជាក់ថា ដោយសារ​មូលហេតុ​នេះ ជនជាតិ​ចិន​បាន​ជួល​ដី ឬ​អគារ ដើម្បី​បើក​ការរកស៊ី​ខ្លួនឯង​។​

​លោក​មានប្រសាសន៍ថា​៖ «​អញ្ចឹង​គាត់​ត្រូវ​បង្ខំចិត្ត​រៀបចំ​ខ្លួនឯង ជួល​អី​រៀបចំ ខ្លះ​គាត់​សហការ​ជាមួយ​ខ្មែរ​អញ្ចឹង​ទៅ ដើម្បី​បំពេ​ញ​តម្រូវការ​ទីផ្សារ​របស់គាត់​»​។​

​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា រដ្ឋាភិបាល​ស្វាគមន៍​អ្នកវិនិយោគ​ទាំងអស់ និង​ភ្ញៀវ​បរទេស ដោយ​មិន​ប្រកាន់​ភ្ញៀវ​មកពី​ប្រទេស​ណា​នោះទេ​។​

​លោក​បន្តថា អាជ្ញាធរ​នឹង​ព្យាយាម​រក្សា​សន្តិសុខ​ឲ្យ​បានល្អ សម្រាប់​ភ្ញៀវទេសចរ​ទាំងអស់​។​

​លោក​មានប្រសាសន៍ថា​៖ «​អញ្ចឹង​ខ្ញុំ​ខិតខំ​ថែរក្សា ការពារ​សុខសន្តិភាព សុវត្ថិភាព ហើយ​ធ្វើ​ម៉េច​ជំរុញ​ពួកគាត់​ដែល​មក​ហ្នឹង គោរព​ច្បាប់​ប្រទេស​ខ្ញុំ ខេត្ត​ខ្ញុំ​។ នេះ​គឺជា​ការប៉ង​ប្រាថ្នា​របស់​ពួក​ខ្ញុំ​»​។​

​អភិបាលខេត្ត​រូបនេះ បាន​បញ្ជាក់ថា ជនជាតិ​ណាក៏ដោយ ក៏មាន​ល្អ មាន​អាក្រក់​ដែរ វា​មិនល្អ​ទាំងអស់ អាក្រក់​ទាំងអស់​ទេ​។​

​លោក​មានប្រសាសន៍​បន្ថែ​ម​ថា​៖ «​ហើយ​បើ​ថា ឲ្យ​យើង​ថា ភ្ញៀវ​ចិន​អាក្រក់ ភ្ញៀវ​អឺរ៉ុប​ល្អ ឬក៏​ភ្ញៀវ​អឺរ៉ុប​អាក្រក់ ភ្ញៀវ​ចិន​ល្អ ខ្ញុំ​អត់​ទាន់​ហ៊ាន​ថា​ទេ ព្រោះ​អី​គឺថា​ភ្ញៀវ​ទាំងអស់​ដូចគ្នា គឺ​សុទ្ធតែ​មក​ដើម្បី​រក​ទទួលទាន​។ ភ្ញៀវ​មកលេង​សប្បាយ​ខេត្ត​យើង​អញ្ចឹង មានតែ​ម្យ៉ាង គឺ​យើង​ទទួល​គ្រប់​ភ្ញៀវ ប៉ុន​អ្នកណា​ធ្វើ​ត្រូវ យើង​គាំទ្រ ស្វាគមន៍ ថែរក្សា​គេ​ទៅ​»​។​



​ទោះជា​យ៉ាងណា លោក​ក៏មាន​ក្ដីបារម្ភ​អំពី​ការដែល​ជនជាតិ​ចិន​មករក​ស៊ីក្នុង​ខេត្ត​មួយ​នេះ ហើយ​ប៉ះពាល់​ដល់​ការរកស៊ី​របស់​ប្រជាពលរដ្ឋ​ខ្មែរ​។ លោក​បញ្ជាក់ថា លោក​កំពុង​ពិភាក្សា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​រក​ដំណោះស្រាយ​លើ​បញ្ហា​នេះ​។​

​លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ភ្នាក់ងារទេសចរណ៍​កម្ពុជា បាន​ថ្លែងថា កំណើនប្រជាជន​ចិន​មក​ខេត្ត​ព្រះសីហនុ​ច្រើន ដោយសារ​មានការ​ផ្សព្វផ្សាយ​ខ្លាំង និង​ការ​មាន​ទំនាក់ទំនង​ល្អ​រវាង​កម្ពុជា​និង​ចិន​។​

​លោក​មានប្រសាសន៍ថា កំណើន​នេះ​បានធ្វើ​ឲ្យ​ពលរដ្ឋ​នៅក្នុង​ខេត្ត​មួយ​នេះ កំពុង​ទទួលផល​ប្រយោជន៍​តិចតួច​នៅឡើយ​ទេ​។​

​លោក​មានប្រសាសន៍ថា​៖ «​បើសិន​ក្នុងករណី​ឡើងជា​គំហុក​ហ្នឹង យើង​មាន​ផែនការមេ ដើម្បី​ទប់ស្កាត់​នូវ​ផលប៉ះពាល់ អាហ្នឹង​វា​ល្អ ប៉ុន្តែ​បើ​ឡើងជា​គំហុក​ហើយ យើង​មិនមាន​ផែនការមេ ក្នុងការ​ទប់ទល់ និង​ទប់ស្កាត់​ទេ វា​ប៉ះពាល់​ជាមួយនឹង​បរិស្ថាន ប៉ះពាល់​ជាមួយនឹង​ការប្រកប​អាជីវកម្ម​មួយចំនួន​របស់​អ្នក​នៅក្នុង​ស្រុក​»៕

​សូម​ចុច​ទៅ​ប្រភពដើម VOA ត្រង់នេះ​

© រក្សាសិទ្ធិដោយ thmeythmey.com