ពីនេះ ពីនោះ
ត្រី​ទឹកសាប​ល្អិតៗ មាន​សារធាតុចិញ្ចឹម​ច្រើនជាង​ត្រី​ធំៗ បួន​ដង​
09, Dec 2017 , 7:59 pm        
រូបភាព
ដោយ: ថ្មីៗ
យោងតាម​ការសិក្សា​ស្រាវជ្រាវ​មួយ នៅ​ប្រទេស​បង់​ក្លា​ដេ​ស បាន​រក​ឃើញថាពពួក​ត្រី​ទឹកសាប​ល្អិតៗ ដែលមាន​ដងខ្លួន​អតិបរមា​រហូត​២៥​សង់ទីម៉ែត្រ គឺមាន​ផ្ទុក​ទៅដោយ សារធាតុចិញ្ចឹម​សំខាន់ៗ ច្រើន​ជាង​ត្រី​ធំៗ បួន​ដង​។ សារធាតុចិញ្ចឹម​សំខាន់ៗ​ទាំងនោះ មានដូចជា នៅត្រង់​ភ្នែក មាន​វីតាមីន​អា ចំនួន​៥៣% នៅត្រង់​ផ្នែក​ពោះ ៣៩% នៅ​ផ្នែក​ក្បាល ៧% នៅ​ផ្នែក​កន្ទុយ​ត្រី ១%​។



ពពួក​ត្រី​ទឹកសាប​ល្អិតៗ​ទាំងនោះ​មានដូចជា ត្រី​ចង្វា (Lobocheilos melanotaenia) ឬ (Esomus spp.) ត្រី​ក្រឹម​ទន្សាយ (Trichopsis pumila) ត្រី​ខ្នង​វែង (Labiobarbus leptocheilus) ត្រី​ឆ្ពិន (Barbonymus spp.) ត្រី​គល់​ព្រិច (Neolissochilus spp.) ត្រី​ក្រុស (Poropuntius spp.)​ព្រមទាំង​ត្រី​ល្អិតៗ ជាច្រើន​ប្រភេទ​ទៀត​។ ប្រជាជន​ខ្មែរ​ភាគច្រើន និយមកាត់ក្បាល​ត្រី​ល្អិតៗ​ចោល មុននឹង​យកទៅ​ធ្វើ​ម្ហូប​។

យោងតាម​ការសិក្សា​នេះ​បាន​បញ្ជាក់ថា ការ​ចម្អិន​ត្រី​ល្អិតៗ​ធ្វើ​ម្ហូប ដោយ​មិន​កាត់​វា​ក្បាល​ចោល នោះ​នឹង​អាច​រក្សាបាន​នូវ​កម្រិត​ជាតិ​ដែក ២៥%  កាល់ស្យូម ៥៨%  និង​សង្ក​សី ៥៣% ។ សារធាតុចិញ្ចឹម​ក្នុង​ខ្លួន​ត្រី​ល្អិតៗ នឹង​កើនឡើង បើ​យើង​អនុវត្ត​របៀប​ចម្អិន​បាន​ត្រឹមត្រូវ ដោយ​ផ្សំ​ជាមួយ​បន្លែ ប្រេងឆា ឬ ខ្លាញ់​សមល្មម ដើម្បី​ឲ្យ​រាងកាយ​ងាយ​បឺត​​ស្រូបយក​សារធាតុចិញ្ចឹម​ទាំងនោះ​បានល្អ​។ គួរ​បញ្ជាក់ថា សារធាតុ​​ចិញ្ចឹម​សំខាន់ៗ ផ្សេងទៀត​នៅក្នុង​ខ្លូន​ត្រី​ល្អិតៗ មានដូចជា ៖ សារធាតុ​ប្រូតេអ៊ីន ដែល​ធ្វើ​ឲ្យ​រាងកាយ​លូតលាស់​បានល្អ សារធាតុ​កាល់ស្យូម ធ្វើ​ឲ្យ​ឆ្អឹង​រឹងមាំ ជីវជាតិ​អា ជួយ​ការពារ​ជំងឺខ្វាក់មាន់ សារធាតុ​ស័ង្កសី ជួយ​បង្កើន​ប្រព័ន្ធ​ការពារ​រាងកាយ និង​សារធាតុ​ជាតិ​ដែក ជួយ​ការពារ​ភាពស្លេកស្លាំង​។​
 
​អត្ថបទ​ដោយ Chea Seila and Chhut Chheana / USAID Wonders of the Mekong).

© រក្សាសិទ្ធិដោយ thmeythmey.com