ជាតិ
សង្គមជាតិ
សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​មីន​ស៊ីម៉ាក កំពុង​ទាក់ទាញ​ការចូល​ទស្សនា​
10, Dec 2017 , 9:19 pm        
រូបភាព
ដោយ:
 ភ្នំពេញ​៖ មកដល់ពេលនេះ​សារមន្ទីរ​សន្តិភាព​សក​ម្ម​ភាព​មីន​ស៊ីម៉ាក បាន​បើក​ដំណើរការ​សម្រាប់​ឲ្យ​ពលរដ្ឋ​ចូល​ទស្សនា​រយៈពេល​៤​ខែ​មកហើយ ។ សារមន្ទីរ​មួយ​នេះ បានទទួល​ពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​រាប់រយ​នាក់​ក្នុង​មួយថ្ងៃ សម្រាប់​ការ​ទស្សនា​អាវុធជាតិផ្ទុះ ដែល​បន្សល់ទុក​ពី​សម័យ​សង្គ្រាម ដើម្បី​បង្ហាញ​ពី​ភាពជូរចត់​និង​សេចក្តី​រងគ្រោះ​របស់​ពល​រដ្ឋ​។​


​នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កម្ចាត់មីន​(CMAC) លោក ហេង រតនា បាន​និយាយថា សារមន្ទី​សន្តិភាព​សកម្មភាព​មីន​នេះ គឺ​ដើម្បី​បង្ហាញ​ពី​សកម្មភាព​របស់ CMAC ដែល​បាន​ខិតខំ​ជួយសង្គ្រោះ​ពលរដ្ឋ​កន្លងមក​។ ជាពិសេស​ការបង្ហាញ​អាវុធជាតិផ្ទុះ ដែលជា​ការ​រំ​ឮ​ក​ពី​ភាពឈឺចាប់​ក្នុងសម័យ​សង្គ្រាម​ផងដែរ​។ លោក ហេង រតនា បញ្ជាក់ថា​«​ផ្នែក​ខាងក្រៅ​អាគារ​គឺ​ចង់បង្ហាញ​ពី សកម្មភាព​និង​តំបន់​ដែលមាន​បញ្ហា​គ្រាប់មីន ដែល​មិនទាន់​ផ្ទុះ ចំណែកឯ​ខាងក្នុង​វិញ​ដាក់​បង្ហាញ​គ្រាប់បែក​ជាច្រើន​ប្រភេទ ដែលមាន​តាំងពី​សម័យ​សង្គ្រាម​មក​»​។​

  
 
​សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​មីន​ស៊ីម៉ាក (CMAC’s Peace Museum of Mine Action) បាន​សាងសងឡើង​នៅក្នុង​ភូមិ​អន្លង់​២ ឃុំ​ត្រ​ពាង​ធំ ស្រុក​បាគង ខេត្តសៀមរាប ដើម្បី​ទុកជា​ទីតាំង​បង្ហាញ​ប្រវត្តិសាស្ត្រ សម្រាប់​ឲ្យ​ពលរដ្ឋ​ចូលទៅ​ទស្សនា ។ សារមន្ទីរ​សន្តិភាព​ស​កម្ម​ភាព​មីន​ស៊ីម៉ាក បាន​សម្ពោធ​បើក​ដំណើរការ​ជា​ផ្លូវការ កាល​នៅ​ថ្ងៃទី​៦ ខែកក្កដា ឆ្នាំ​២០១៧​។​ចំពោះ​ផ្ទៃដី​សារមន្ទីរ​នេះ មាន​ទំហំ​ប្រមាណ ១២​ហិកតា ហើយ​ត្រូវបាន​ប្រើប្រាស់​ទំហំ​ដី​ជាង​៥​ពាន់​ម៉ែត្រក្រឡា ។​
 
​ផ្នែក​ខាងក្រៅ​អាគារ​សារមន្ទីរ​នេះ​មាន​រៀបចំ​កន្លែង​ចំការមីន​សិប្បនិម្មិត ,​របៀប​ដាក់​មីន​យុទ្ធសាស្ត្រ​របស់​ខ្មែរក្រហម​, វាល​ចំការមីន​ដែលមាន​គ្រាប់បែក​ទម្លាក់​ពីលើ​យន្តហោះ​, កន្លែង​អន្ទាក់​បញ្ឆោត​ដាក់​មីន​ច្នៃ និង​កន្លែង​បន្ទាយ​ទាហាន​ចាស់​ជាដើម​។ ចំណែក​ខាងក្នុង​អាគារ​វិញ​មានការ​ដាក់តាំង គ្រាប់បែក​សម័យ​សង្គ្រាម​ឥណ្ឌូចិន ដែល​បាន​រកឃើញ​នៅ​ចំការមីន ដោយ​ដាក់​ក្នុង​ទូរ​កញ្ចក់ ,​គ្រាប់បែក​ខ្នាត​ធំ​វែង និង​គ្រាប់បែក​តូចៗ និង​គ្រាប់បែក​រាប់រយ​ប្រភេទ​ផ្សេងៗ​គ្នា ហើយ​ក៏មាន​កាំភ្លើង​នា​សម័យ​ឆ្នាំ​១៩៤៥ ដែល​យកមក​គ្រប់​ទីកន្លែង​ផងដែរ​។

  
 
​តាមរយៈ​ការបើក​ឲ្យ​ចូលទៅ​ទស្សនា​ដោយ​សេរី រយៈពេល​ពី​២​ទៅ ៣​ខែ​ដំបូង មានការ​ទាក់ទាញ​សាធារណជន​ទស្សនា ជាង​២​ពាន់​នាក់​។ ប៉ុន្តែ​ក្រោយមក​នៅ​រដូវភ្លៀង​ធ្លាក់ ចំនួន​នេះ​បាន​បន្ថយ​មក​ត្រឹមតែ​ពី ២ ទៅ​៥​រយ​នាក់ ក្នុង​១​ខែ​។ នេះ​បើតាម​លោក ហេង រតនា នាយក​មជ្ឈមណ្ឌល​សក​ម្ម​ភាព​កម្ចាត់មីន​(CMAC) ៕
 


























Tag:
 សារមន្ទីរ​សន្តិភាព​ស៊ីម៉ាក​
 ​ ហេង រតនា​
 ​ រឿន ឈូក
© រក្សាសិទ្ធិដោយ thmeythmey.com