ជាតិ
នយោបាយជាតិ
ពលរដ្ឋខ្មែរនៅអាមេរិក ធ្វើបាតុកម្មទាមទារដោះលែងលោក កឹម សុខា តែCPP ថា គ្មានប្រយោជន៍ ក្រុមបាតុករខ្មែរ នៅមុខសេតវិមានប្រធានាធិបតី ដូណាល់ ត្រាំ នៅថ្ងៃទី១0 ខែធ្នូ ឆ្នាំ២0១៧ ដើម្បីជំរុញឲ្យមានការដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្ក្គោះជាតិ។ រូបភាពពីគណនីហ្វេសបុកឈ្មោះ Vann Ho
× ភ្នំពេញ៖ ក្រុមអ្នកប្រឆាំង រួមទាំងពលរដ្ឋខ្មែរនៅសហរដ្ឋអាមេរិក កំពុងធ្វើមហាបាតុកម្ម នៅនៅថ្ងៃទី១០ ធ្នូនេះ ដើម្បីជំរុញឲ្យមានការដោះលែងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ពន្ធនាគារក្នុងប្រទេសកម្ពុជា។ អ្នកនាំពាក្យគណបក្សប្រជាជន ថា យុទ្ធនាការនេះ គ្មានឥទ្ធិពលអ្វីដល់រដ្ឋាភិបាលកម្ពុជាឡើយ។
ពលរដ្ឋខ្មែរ និងមន្ត្រីអតីតគណបក្សសង្គ្រោះជាតិនៅសហរដ្ឋអាមេរិក បានយកថ្ងៃទី១0 ខែធ្នូ ឆ្នាំ២0១៧នេះ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៦៩ ធ្វើបាតុកម្មជាលក្ខណទ្រង់ទ្រាយធំមួយ ដើម្បីជំរុញឲ្យមានការដោះលែងលោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត ។ ជាពិសេសទាមទារឲ្យរដ្ឋាភិបាលកម្ពុជា គោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ផងដែរ។ ការប្រមូលផ្តុំនិងការរៀបចំមហាបាតុកម្មនេះ គឺពួកគេ នាំគ្នាធ្វើនៅមុខសេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ តែម្តង។ នេះបើតាមវីដែអូឃ្លីប ដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា។
តាមវីដេអូឃ្លីបនេះ មានសកម្មភាពស្រែកទាមទារនៅមុខសេតវិមានរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំដូច្នេះ៖«សុំដោះលែងឯកឧត្តម កឹម សុខា និងអ្នកទោសនយោបាយទាំងអស់ ឲ្យមានសេរីភាពឡើងវិញ។ សុំអនុញ្ញាតឲ្យឯកឧត្តម សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញ»។
ការទាមទារឲ្យអាមេរិកជួយអន្តរាគមន៍មកលើរដ្ឋាភិបាលកម្ពុជា ដោះលែងលោក កឹម សុខា មានការចូលរួមពីសំណាក់អតីតមន្ត្រីគណបក្សសង្គ្រោះជាតិលោក យ៉ែម បុញ្ញឫទ្ធិ លោក អ៊ូ ច័ន្ទឫទ្ធិ កញ្ញា កឹម មនោវិទ្យា ជាដើម។
កញ្ញា កឹម មនោវិទ្យា កូនស្រីលោក កឹម សុខា បានបន្ថែមថា៖«នៅថ្ងៃទី១៣ ធ្នូ ខ្ញុំនឹងទៅជួបអង្គការសហប្រជាជាតិ និយាយរួមទៅជួបប្រធានការិយាល័យទទួលបន្ទុកកិច្ចការអាស៊ីរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ។ ហើយនៅថ្ងៃទី១៩ ធ្នូ ខ្ញុំនឹងជួបជាមួយសមាជិកតំណាងប្រទេសនៅក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅញូវយ៉កខាងមុខផងដែរ ដើម្បីលើកអំពីការបំពានកិច្ចព្រមព្រៀងទីក្រុងប៉ារីស ដែលជាកាតព្វរបស់UNត្រូវដោះស្រាយ»។
ទាក់ទងនឹងបញ្ហានេះអ្នកនាំពាក្យគណបក្សប្រជាជនលោក សុខ ឥសាន ចាត់ទុកសកម្មភាពទាមទារនៅក្រៅប្រទេសនេះ គ្រាន់តែជាយុទ្ធនាការដើរឱបជើងបរទេស ដែលគ្មានឥទ្ធិពលអ្វីដល់កម្ពុជាឡើយ។ តាមរយៈបណ្ដាញសង្គម Telegram លោក សុខ ឥសាន បានសរសេរដូច្នេះថា៖«សម រង្សី និងបក្សពួកបានធ្វើយុទ្ធនាការដើរឧបដៃជើងបរទេស ជាចៅហ្វាយនាយ ឲ្យជួយខ្លួន និងដាក់សម្ពាធមកលើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីបានរួចខ្លួន បានមកធ្វើនយោបាយឡើងវិញ ។ ប៉ុន្តែជាលទ្ធផល គឺសូន្យ មានព្ញតែពាក្យសំដីបន្ទរពីបរទេសមួយចំនួនតូចប៉ុណ្ណោះ ។ ដូច្នេះមានន័យថាគ្មានបរទេសណាឈឺឆ្អាលរឿងសម រង្សី និង កឹម សុខា ក្បត់ជាតិ និងល្មើសច្បាប់ទេ ។ បរទេសមួយចំនួននោះភាគច្រើនសុទ្ធតែពួកប្រឆាំងនៅប្រទេសនីមួយៗ។ ចំណែករដ្ឋាភិបាលគេ នៅតែមានទំនាក់ទំនងល្អជាមួយកម្ពុជាដដែល»។
រយៈពេលប៉ុន្មានថ្ងៃនេះ ពលរដ្ឋខ្មែររស់នៅបណ្តាប្រទេសបារាំង អូស្ត្រាលី ជាដើម បាននាំគ្នាទាមទារឲ្យមានការអន្តរាគមន៍ដោះលែងលោក កឹម សុខា និងស្រោចស្រង់គណបក្សសង្គ្រោះជាតិវិញ ។ យ៉ាងណាក៏ដោយ ការខិតខំរបស់ក្រុមអ្នកប្រឆាំង រួមទាំងពលរដ្ឋខ្មែរនៅឯនាយសមុទ្រ តាមរយៈការធ្វើបាតុកម្មនិងការសុំជំនួយពីសហគមន៍អន្តរជាតិ នៅមិនទាន់លេចចេញជាផលវិជ្ជមានណាមួយសម្រាប់ពួកគេឡើយ។
តំណាងរាស្ត្រនិងថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិភាគច្រើន បានចាកចេញពីប្រទេសកម្ពុជា ទៅកាន់បណ្តាប្រទេសផ្សេងៗ ដើម្បីបន្តធ្វើសកម្មភាពនយោបាយ។ អតីតគណបក្សសង្គ្រោះជាតិ កំពុងរៀបចំឲ្យមានអគ្គលេខាធិការរដ្ឋផ្លូវការមួយនៅក្រៅប្រទេស ដើម្បីធ្វើជាកន្លែងជួបជុំគ្នា ក្រោយពីពួកគេ ត្រូវបានហាមធ្វើនយោបាយរយៈពេល៥ឆ្នាំ៕
Tag:
CNRP
កឹម សុខា
បាតុកម្ម
អាមេរិក
© រក្សាសិទ្ធិដោយ thmeythmey.com