ជាតិ
​​​ន​យោ​បាយ​ជាតិ​
ទើប​តែមាន​គណបក្ស​២​ប៉ុណ្ណោះ ដែល​គ​.​ជ​.​ប​ទទួលស្គាល់​ជា​ផ្លូវការ សម្រាប់​ការបោះឆ្នោត​ព្រឹទ្ធសភា​
11, Dec 2017 , 3:06 pm        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ មានតែ​គណបក្សនយោបាយ​ចំនួន​២​ប៉ុណ្ណោះ ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ស្គាល់​ជា​ផ្លូវការ សម្រាប់​ការចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ ឆ្នាំ​២០១៨​ខាងមុខ​។ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត នឹង​ឈប់​ទទួល​ពាក្យ​ចូលរួម​ការបោះឆ្នោត​ព្រឹទ្ធសភា នៅ​ថ្ងៃទី​១២ ធ្នូ​។​



​គិត​ត្រឹម​ថ្ងៃទី​១១ ធ្នូ​នេះ ទើប​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​យុវជន​កម្ពុជា ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានទទួល​ស្គាល់​ជា​ផ្លូវការ ក្រោយពី​ទុកពេល​ឲ្យ​គណបក្សនយោបាយ​ដាក់ពាក្យ​ចូលរួម​បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា ពីរ​សប្ដាហ៍​មកនេះ​។ នេះ​បើតាម​លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​រៀបចំ​កា​របោះ​ឆ្នោត គ​.​ជ​.​ប​។​

​គណបក្ស​ប្រជាជន​កម្ពុជា បានដាក់​បេក្ខជន​ឈ្មោះ បោះឆ្នោត​ជ្រើសរើស​សមាជិក​ព្រឹទ្ធសភា​ទាំង​៨​ភូមិភាគ ខណៈដែល​គណបក្ស​យុវជន​កម្ពុជា ដាក់​បេក្ខជន​ឈរឈ្មោះ​តែ​៣​ភូមិភាគ​ប៉ុណ្ណោះ គឺ​ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ ទី​២ កំពង់ចាម​និង​ត្បូងឃ្មុំ និង​ភូមិភាគ​ទី​៣ កណ្ដាល​។ អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ញ៉េប ប៊ុនជិន ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គណបក្ស​នឹងដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​បោះឆ្នោត​ព្រឹទ្ធសភា​នេះដែរ​។

​កន្ល​មក​គណបក្ស​សង្គ្រោះ​ជាតិ ក៏បាន​ដាក់ពាក្យ​ចូលរួម​បោះឆ្នោត​ព្រឹទ្ធសភា​នេះ ប៉ុន្តែ​ត្រូវបាន គ​.​ជ​.​ប សម្រេច​លុបឈ្មោះ​ចេញ​វិញ ក្រោយពី​គណបក្ស​មួយ​នេះ​ត្រូវបាន​តុលាការ​រំលាយ​។ ចំណែក​គណបក្ស​«​ភ្លើងទៀន​» ដែល​ប្ដូរ​ឈ្មោះ​ពី​គណបក្ស​សមរង្ស៊ី ហើយ​ធ្លាប់មាន​កៅអី​ព្រឹទ្ធសភា​១១ កាលពី​អាណត្តិ​ទី​៣​នោះ ក៏​បោះបង់ចោល​ឱកាស​ប្រកួតប្រជែង​នេះ ដោយសារ​គ្មាន​ទំនុកចិត្ត​ទទួលបាន​ជ័យជម្នះ​។
អត្ថបទទាក់ទង

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា អាណត្តិ​ទី​៤ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥ កុម្ភៈ ឆ្នាំ​២០១៨​ខាងមុខ​។ បើតាម​គ​.​ជ​.​ប ដំណើការ​បោះឆ្នោត​នេះ នឹង​ប្រព្រឹត្តទៅ​ធម្មតា ដោយ​គ្មាន​ការរាំងស្ទះ​អ្វី​ឡើយ​។​

​អាសនៈ​ក្នុង​ព្រឹទ្ធសភា ត្រូវបាន​បង្កើន​ចំនួន​១​បន្ថែមទៀត សម្រាប់​ការបោះឆ្នោត​នៅ​អាណត្តិ​ទី​៤​។ បច្ចុប្បន្ន អាសនៈ​ក្នុង​ព្រឹទ្ធសភា មាន​ចំនួន​៦១ ដោយ​ក្នុងនោះ អាសនៈ​ពី​គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន​៥០ និង​អាសនៈ​គណបក្ស​ភ្លើងទៀន មាន​ចំនួន​១១​។​

​បើតាម​គ​.​ជ​.​ប ភូមិភាគ​ទី​១ រាជធានី​ភ្នំពេញ មាន​៦​អាសនៈ​, ភូមិភាគ​ទី​២ ខេត្តកំពង់ចាម និង​ខេត្ត​ត្បូងឃ្មុំ មាន​៨​អាសនៈ​, ភូមិភាគ​ទី​៣ ខេត្តកណ្តាល មាន​៥​អាសនៈ​, ភូមិភាគ​ទី​៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ខេត្ត​ប៉ៃលិន មាន​១0​អាសនៈ​, ភូមិភាគ​ទី​៥ ខេត្តតាកែវ ខេត្តកំពត និង​ខេត្ត​កែប មាន​៧​អាសនៈ​, ភូមិភាគ​ទី​៦ ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង មាន​៧​អាសនៈ​, ភូមិភាគ​ទី​៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ មាន​៩​អាសនៈ​, ភូមិភាគ​ទី​៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និង​មណ្ឌលគិរី មាន​៦​អាសនៈ​។

​រដ្ឋធម្មនុញ្ញ​កម្ពុជា បាន​កំណត់ថា​៖ «​សមាជិក​ព្រឹទ្ធសភា​២​រូប ត្រូវបានចាត់តាំង​ដោយ​ព្រះមហាក្សត្រ ហើយ​សមាជិក​២​រូប​ទៀត ត្រូវ​រដ្ឋសភា ជ្រើសតាំង​តាម​មតិ​ភាគច្រើន​ដោយ​ប្រៀប​។ រីឯ​សមាជិក​ព្រឹទ្ធសភា​ទាំង​៥៨ គឺ​កើត​ចេះ​ពី​ការបោះឆ្នោត​អសកល​»៕


Tag:
 គជប​
  ​ព្រឹទ្ធសភា​
 ​ ហង្ស ពុទ្ធា
© រក្សាសិទ្ធិដោយ thmeythmey.com