ជាតិ
នយោបាយជាតិ
តើអតីតបក្សសង្គ្រោះជាតិ អាចសុំឲ្យតុលាការកំពូលជំនុំជម្រះឡើងវិញ ឬមិនអាច? ក្រុមអ្នកកាសែតជាតិនិងអន្តរជាតិជាច្រើននាក់ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខតុលាការកំពូល ក្នុងថ្ងៃបើកសវនាការរំលាយគណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧
× ភ្នំពេញ៖ មេធាវីនៃអតីតគណបក្សសង្គ្រោះជាតិអះអាងថា អតីតមេដឹកនាំគណបក្សដែលត្រូវបានរំលាយនេះ នៅតែមានសិទ្ធិ ដើម្បីសុំឲ្យជំនុំជម្រះឡើងវិញ បើទោះបីជាតុលាការកំពូល ចេញសាលដីការំលាយចោល ដោយបិទផ្លូវតវ៉ាក៏ដោយ។ ប៉ុន្តែ មេធាវីក្រសួងមហាផ្ទៃ រួមទាំងអ្នកនាំពាក្យគណបក្សកាន់អំណាច ជំទាស់ការលើកឡើងខាងលើ ហើយឆ្លើយតបថា ទៅមិនរួចនោះទេ។
រយៈពេលជិតមួយខែ ក្រោយពីរងការរំលាយចោលពីសំណាក់តុលាការកំពូល មេធាវីនៃអតីតគណបក្សសង្គ្រោះជាតិ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកំពូល ដើម្បីស្នើសុំឲ្យមានការជំនុំជម្រះឡើងវិញ។ កាលពីថ្ងៃទី៨ ខែធ្នូ លោក អ៊ូ ច័ន្ទរ័ត្ន និងលោក កង គឹមហាក់ អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ រួមទាំងលោកមេធាវី ផែង ហេង បានយកបណ្តឹងទៅដាក់នៅតុលាការកំពូល។ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិមួយចំនួន ដូចជាលោក អ៊ូ ច័ន្ទរ័ត្ន លោក កង គឹមហាក់ លោក លោក ប៉ុល ហំម លោក គីមសួរ ភិរិទ្ធ និងទ្រង់ ស៊ីសុវត្ថិ ធម្មិកោ ជាដើម ដែលបានចុះហត្ថលេខាលើពាក្យបណ្តឹងសុំសើរើ បានបង្ហាញការមិនសុខចិត្ត ដោយលើកឡើងថា កន្លងមក ពួកគេ មិនដែលត្រូវបានកោះហៅឲ្យចូលរួមទាញហេតុផលដោយផ្ទាល់មាត់ នៅក្នុងតុលាការកំពូល លើបណ្តឹងរំលាយគណបក្សសង្គ្រោះជាតិនោះទេ។
លោក ផែង ហេង ដែលជាមេធាវីតំណាងឲ្យអតីតគណបក្សសង្គ្រោះជាតិ អះអាងថា យោងតាមក្រមនីតិវិធីរដ្ឋប្បវេណី ជនរងគ្រោះនៅតែមានសិទ្ធិ ដើម្បីសុំឲ្យតុលាការកំពូល សើរើឡើងវិញ។ លោក លើកឡើងថា អតីតគណបក្សសង្គ្រោះជាតិ មានភស្តុតាង និងអង្គហេតុថ្មី ក្នុងការដាក់បណ្តឹងទៅកាន់តុលាការកំពូល។
លោកមេធាវី មានសុទិដ្ឋិនិយមខ្ពស់ថា តុលាការកំពូល នឹងយកបណ្តឹងនេះទៅពិចារណា ហើយបើកសវនាការ ដើម្បីធ្វើសេចក្តីសម្រេចឡើងវិញ។ លោក បានបង្ហាញក្តីសង្ឃឹមយ៉ាងដូច្នេះ៖«បើតុលាការកំពូល ផ្អែកទៅលើផលប្រយោជន៍ច្បាប់ និងគិតគូរពីផលប្រយោជន៍ជាតិ ហើយដោះស្រាយឲ្យគូភាគីម្ខាងទៀត បានអស់ចិត្ត បានស្ងប់ក្នុងការទទួលយកយុត្តិធម៌ ពីតុលាការឯករាជ្យ ខ្ញុំជឿជាក់១00ភាគរយថា តុលាការ នឹងយករឿងហ្នឹងមកជំនុំជម្រះសាជាថ្មី»។
លោក គី តិច និងលោក លី ច័ន្ទតុលា ដែលជាមេធាវីតំណាងឲ្យក្រសួងមហាផ្ទៃ បកស្រាយផ្ទុយពីមេធាវីតំណាងឲ្យអតីតគណបក្សសង្គ្រោះជាតិ។ មេធាវីទាំងពីរ មើលមិនឃើញចំណុចវិជ្ជមាន ឬច្រកណាមួយ ដែលនាំឲ្យតុលាការកំពូល បើកសវនាការ ដើម្បីជំនុំជម្រះសាជាថ្មី តាមការទាមទារខាងលើនោះទេ។
លោកមេធាវី លី ច័ន្ទតុលា យល់ស្របថា ការដាក់បណ្តឹងសើរើ គឺមានចែងក្នុងច្បាប់ ហើយតុលាការកំពូល ក៏អាចយកទៅពិនិត្យដែរ។ ប៉ុន្តែ លោក លើកឡើងថា សម្រាប់ករណីខាងលើ ដែលសុំឲ្យតុលាការកំពូល សើរើ និងបើកសវនាការឡើងវិញ គឺមិនអាចឡើយ ព្រោះហេតុផលនៃការដាក់បណ្តឹង មិនសមរម្យ។
លោកមេធាវី លី ច័ន្ទតុលា លើកហេតុផលបែបនេះថា៖«សម្រាប់ការវិភាគរបស់ខ្ញុំ ខ្ញុំឃើញថា អ្នកដែលដាក់ពាក្យសុំជំនុំជម្រះសាជាថ្មីនេះ គឺមិនមានគុណសម្បតិ្តតាមផ្លូវច្បាប់ទេ។ តាមនីតិវិធី តុលាការកំពូល អត់ចាំបាច់បើកសវនាការជំនុំជម្រះទេ គឺតុលាការកំពូល អាចសម្រេច ដោយមិនចាំបាច់បើកសវនាការតែម្តង»។
អ្នកដែលសុំឲ្យសើរើឡើងវិញ បានសរសេរក្នុងពាក្យបណ្តឹងថាជាជនរងគ្រោះ មិនមែនជា គណបក្សសង្គ្រោះជាតិឡើយ។ នេះជាមូលហេតុចម្បង ដែលលោក លី ច័ន្ទតុលា អះអាងថា បណ្តឹងខាងលើ មិនត្រឹមត្រូវនិងមិនសមហេតុផល។ លោក និយាយដូច្នេះថា៖«ភាគីនៅក្នុងសំណុំរឿង គឺគណបក្សសង្គ្រោះជាតិ។ [ប៉ុន្តែ] គាត់ដាក់ថាជាជនរងគ្រោះ គឺវាអត់ពាក់ព័ន្ធនៅក្នុងសំណុំរឿងហ្នឹង ពីព្រោះភាគីនៅក្នុងសំណុំរឿងហ្នឹង ដែលសំខាន់ជាងគេ គឺគណបក្សសង្គ្រោះជាតិ»។
លើសពីនេះ លោក លី ច័ន្ទតុលា បានបន្ទោសថា មុនបើកសវនាការ តុលាការកំពូល បានបង្គាប់ឲ្យគណបក្សសង្គ្រោះជាតិ ដាក់ឯកសារនិងពឹងពាក់មេធាវី ដើម្បីតតាំងតាមផ្លូវច្បាប់ តែកាលនោះ គណបក្សសង្គ្រោះជាតិ មិនអើពើ។ សម្រាប់លោក លី ច័ន្ទតុលា វា មិនទំនងសោះឡើយ ដែលមកដល់ពេលនេះ អ្នកដាក់បណ្តឹងខាងលើ បែរជាលើកឡើងថា តុលាការកំពូល មិនបានផ្តល់ឱកាសឲ្យទៅវិញ។
មិនមែនត្រឹមតែមេធាវីតំណាងឲ្យក្រសួងមហាផ្ទៃប៉ុណ្ណោះទេ សូម្បីតែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន ក៏យល់ថា ការបើកសវនាការឡើងវិញ គឺទៅមិនរួចដែរ។ លោក បានបង្ហោះសារទៅកាន់ក្រុមអ្នកកាសែតនៅក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) ថា យោងតាមច្បាប់ស្តីពីគណបក្សនយោបាយ ការកាត់សេចក្តីរបស់តុលាការកំពូល គឺបិទផ្លូវតវ៉ា ដូច្នេះ សាលដីការបស់តុលាការកំពូល ត្រូវចូលជាធរមានភ្លាម បន្ទាប់ពីប្រកាស។
អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះ ចំអកឲ្យអតីតគណបក្សប្រឆាំងយ៉ាងដូច្នេះថា៖«នាវា បានចាកចេញពីកំពង់ផែហើយ គ្មានថ្ងៃវិលវិញឡើយ»។
លោក សុខ សំអឿន មេធាវីល្បីល្បាញមួយរូប ដែលមិនស្ថិតនៅក្រោមការពឹងពាក់របស់គណបក្សសង្គ្រោះជាតិ ឬក្រសួងមហាផ្ទៃ បានពន្យល់ថា ច្បាប់អនុញ្ញាតឲ្យមានការប្តឹងសើរើ ហើយតុលាការកំពូល ក៏អាចបើកសវនាការ ដើម្បីជំនុំជម្រះសាជាថ្មីដែរ។ ប៉ុន្តែ លោក សង្កត់ធ្ងន់ថា គណបក្សសង្គ្រោះជាតិ ដែលដាក់បណ្តឹងសើរើ ហើយចង់ឲ្យតុលាការកំពូលជំនុំជម្រះឡើងវិញ ត្រូវតែមានភស្តុតាងថ្មីនិងគ្រប់គ្រាន់។
លោកមេធាវី ដែលមានបទពិសោធយូរឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា៖« តុលាការកំពូលមិនមែនចេះតែសើរើទេ។ លុះត្រាតែមានភស្តុតាងថ្មីគ្រប់គ្រាន់។ តុលាការកំពូល សម្រេចពីរដង។ ទីមួយ សម្រេចថា តើការសើរើហ្នឹង មានមូលហេតុ និងសមហេតុសមផលអត់? លើកទីពីរ ទើបបើកសវនាការសាថ្មី»។
លោក អ៊ុក គឹមសិទ្ធិ អគ្គព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យនៃមហាអយ្យការអមតុលាការកំពូល លើកឡើងថា តុលាការកំពូល នឹងពិចារណាពីបណ្តឹងសើរើនេះ។ ប៉ុន្តែ ការសវនាការសាជាថ្មីឬយ៉ាងណានោះ លោកមិនអាចបញ្ជាក់បានឡើយ ដោយលោក បានប្រាប់ឲ្យរង់ចាំមើលទាំងអស់គ្នា ចំពោះការសម្រេចរបស់តុលាការកំពូល នាពេលខាងមុខ។
អគ្គព្រះរាជអាជ្ញារងរូបនេះ និយាយថា៖«យើងបានទទួលពាក្យបណ្តឹង និងបានដាក់ជូនក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលហើយ ដើម្បីពិចារណាទៅតាមច្បាប់។ ខ្ញុំ មិនពន្យល់ពីយោបល់ខ្ញុំផ្ទាល់ទេ ដោយចាំឲ្យតុលាការ ចេញសេចក្តីសម្រេចសិន ទើបខ្ញុំអាចបញ្ជាក់បាន»។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានលើឡើងក្នុងបណ្តឹងថា តុលាការកំពូល បានសម្រេចរំលាយគណបក្សសង្គ្រោះជាតិយ៉ាងតក់ក្រហល់ ដែលជាហេតុធ្វើឲ្យពួកគេ មិនបានដឹង និងមិនអាចប្រើប្រាស់មធ្យោបាយ ដើម្បីការពារខ្លួនតាមផ្លូវច្បាប់។ ពួកគេសរសេរក្នុងពាក្យបណ្តឹងថា៖«តុលាការកំពូល បានចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិ ដែលធ្វើឲ្យខូចប្រយោជន៍របស់យើងខ្ញុំយ៉ាងធ្ងន់ធ្ងរបំផុត ដោយយើងខ្ញុំ មិនបានដឹងអ្វីសោះនៅក្នុងសំណុំរឿងនេះ។ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការរំលាយផលប្រយោជន៍ប្រជាពលរដ្ឋទូទាំងប្រទេស និងប៉ះពាល់ដល់ឆន្ទៈម្ចាស់ឆ្នោតស្ទើរពាក់កណ្តាលប្រទេស។ ការរំលាយគណបក្សសង្គ្រោះជាតិ គឺជាការសម្រេចដោយភាន់ច្រឡំយ៉ាងធ្ងន់ធ្ងរបំផុតរបស់តុលាការកំពូល»។
យ៉ាងណា អ្នកខាងលើ ទទួលស្គាល់ថា កន្លងមក តុលាការកំពូល ពិតជាបានចេញដីកា បង្គាប់ឲ្យលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដាក់ឯកសារនានា ដើម្បីតតាំង។ ប៉ុន្តែពួកគេ បកស្រាយទៅវិញថា លោក កឹម សុខា មិនអាចធ្វើតាមការបង្គាប់នេះបានឡើយ ព្រោះលោក កឹម សុខា កំពុងជាប់ឃុំក្នុងពន្ធនាគារ។ ដូច្នេះ សម្រាប់ក្រុមអតីតអ្នកតំណាងរាស្ត្រទាំងនោះ យល់ថា លោក កឹម សុខាពុំមានលទ្ធភាពប្រមូលនិងផ្តល់ភស្តុតាង ជូនតុលាការកំពូលនោះទេ។ ពាក្យបណ្តឹង បានបញ្ជាក់ថា៖«នៅក្នុងពន្ធនាគារ ឯកឧត្តម កឹម សុខា មិនមានសិទ្ធិសរសេរលិខិតស្នាម ចុះហត្ថលេខា ឬផ្តិតមេដៃឡើយ បើពុំមានការអនុញ្ញាតពីចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ»។
ដោយមានក្រសួងមហាផ្ទៃ ជាដើមបណ្តឹង តុលាការកំពូល បានបើកសវនាការ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ហើយក៏សម្រេចចេញសាលដីការំលាយគណបក្សសង្គ្រោះជាតិចោល និងហាមថ្នាក់ដឹកនាំ១១៨នាក់ នៃគណបក្សនេះ ក្នុងការធ្វើនយោបាយរយៈពេល៥ឆ្នាំ។ ក្រោយត្រូវបានរំលាយចោលរួចហើយ អាសនៈនៅគ្រប់លំដាប់ថ្នាក់ទាំងអស់របស់គណបក្សសង្គ្រោះជាតិ ដែលរួមមាន អាសនៈជាសមាជិករដ្ឋសភា អាសនៈជាសមាជិកក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអាសនៈជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យកទៅបែងចែកឲ្យគណបក្សដទៃ៕
Tag:
CNRP
CPP
មេធាវី
តុលាការកំពូល
សើរើ
© រក្សាសិទ្ធិដោយ thmeythmey.com