រថយន្ត
សិង្ហ​បុរី​ដំណើរការ App សម្រាប់​អ្នក​ចង់​ជួល​រថយន្ត​អគ្គិសនី​បើក​ដោយ​ខ្លួនឯង​
12, Dec 2017 , 8:19 am        
រូបភាព
ដោយ: ធីតា
​ក្រោម​គំនិត​ផ្តួចផ្តើម​របស់​អាជ្ញាធរ​ដឹក​ជញ្ជូន​ផ្លូវគោក​សិង្ហ​បុរី (LTA) និង​ក្រុមហ៊ុន​ដឹកជញ្ជូន​បារាំង BlueSG សេវា​ជួល​រថយន្ត​អគ្គស​នី​ដើម្បី​បើក​កម្សាន្ត​ក្នុងតម្លៃ​៤​ដុល្លារ​អាមេរិក​រៀងរាល់​១៥​នាទី ឬ​០.២៤​ដុល្លារ​អាមេរិក​ក្នុង​១​នាទី​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន​បច្ចេកវិទ្យា e27.co របស់​សិង្ហ​បុរី​។​



​ចាប់ដំណើរការ​ពីថ្ងៃ​ទី​១២ ខែធ្នូ តទៅ អ្នកបើកបរ​រថយន្ត​នៅ​សិង្ហ​បុរី ដែល​ចង់​ផ្លាស់ប្តូរ​បរិយាកាស​ទៅ​បើករថយន្ត​អគ្គិសនី អាច​ទាញយក​កម្មវិធី App របស់​ក្រុមហ៊ុន BlueSG ដើម្បី​ជួល​រថយន្ត Bluecars បើក​ដោយ​ខ្លួនឯង​ផ្ទាល់​។​

​ចំពោះ​ដំណើរការ​ដំបូង​នៃ​សេវា​កម្មនេះ អាជ្ញាធរ LTA និង BlueSG រៀបចំ​បន្ថែម​នូវ​ស្ថានីយ៍​បញ្ចូល​អគ្គស​នី​ចំនួន​៣០​កន្លែង​បន្ថែមទៀត​ដែល​ឡើង​សរុប​ដល់​ទៅ​១២០​កន្លែង រួមទាំង​រថយន្ត Bluecars ៨០​គ្រឿង​។

​ក្រុមហ៊ុន BlueSG ដែលជា​បុត្រ​សម្ព័ន្ធ​ក្រុមហ៊ុន​ដឹកជញ្ជូន​ដ៏​ធំ​របស់​បារាំង Bollore Group រំពឹងថា ការដាក់​សេ​វេ​កម្មជួល​រថយន្ត​អគ្គិសនី​ដើម្បី​បើកបរ​នេះ អាច​ទទួលបាន​ជោគជ័យ​ដូច​នៅ​បណ្តា​ក្រុង​ធំៗ​មួយចំនួន​ដូចជា ប៉ារីស ឡូ​ស​អេ​ន​ជឺ​ឡែ​ស តូ​រី​ណូ និង​ឡុង​ដ៍​។​

​ទាក់ទង​នឹង​តម្លៃ​សេវាកម្ម អ្នកបើកបរ​ត្រូវ​ចំណាយ​ប្រាក់​យ៉ាងហោចណាស់​៥​ដុល្លារ​សិង្ហ​បុរី (៤​ដុល្លារ​អាមេរិក​) រៀងរាល់​១៥​នាទី​ម្តង ឬ​០.២៤​ដុល្លារ​អាមេរិក​ក្នុង​១​នាទី​។ អាជ្ញាធរ​សិង្ហ​បុរី និង​ក្រុមហ៊ុន​ឯកជន ក៏​រៀបចំ​ឲ្យ​មានការ​ចុះឈ្មោះ​ចូល​ជា​សមាជិក ដើម្បី​ទទួលបាន​តម្លៃ​សេវាកម្ម​ថោក​ជាង​នេះ​ផងដែរ​។ អ្នក​ដែល​អាច​ប្រើប្រាស់​សេវា​នេះ​បាន​ត្រូវបាន​អាយុ​លើសពី​២១​ឆ្នាំ និង​មាន​បណ្ណ​បើកបរ​ត្រឹមត្រូវ​។​

​នៅត្រឹម​ឆ្នាំ​២០២០ ក្រុមហ៊ុន BlueSG គ្រោង​ដាក់​ដំណើរការ​រថយន្ត​អគ្គិសនី​ឲ្យ​១០០០​គ្រឿង និង​តំឡើង​ទីតាំង​បញ្ចូល​អគ្គិសនី​ឲ្យ​បាន​២០០០​កន្លែង​។ នៅ​ឆ្នាំ​២០២១ ពួកគេ​រំពឹងថា នឹង​បង្កើត​ការងារ​ជំនាញ​២៥០​បន្ថែមទៀត​នៅ​ទូទាំង​សិង្ហ​បុរី​៕



© រក្សាសិទ្ធិដោយ thmeythmey.com