ជាតិ
នយោបាយជាតិ
តុលាការ កោះហៅលោក សម រង្ស៊ី ឲ្យចូលបំភ្លឺជុំវិញបណ្តឹងកងទ័ព រូបភាព៖ លោក សម រង្ស៊ី ស្ថិតក្នុងកិច្ចពិភាក្សាជាមួយសហការី ក្នុងប្រទេសបារាំង កាលពីកន្លងមក ជុំវិញបញ្ហាកងទ័ពកម្ពុជា
× ភ្នំពេញ៖ លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងស្ថិតនៅក្រៅប្រទេស ត្រូវបានលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ឲ្យចូលបំភ្លឺ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២0១៨ ខាងមុខ ជុំវិញបណ្តឹងរបស់កងទ័ពកម្ពុជា។
ព្រះរាជអាជ្ញារង សៀង សុខ បានចេញដីកាដោយឡែកមួយទៀត ដើម្បីកោះហៅលោក លោក វង្ស ភក្តី មេធាវីតំណាងឲ្យអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលជាភាគីដើមបណ្តឹង ឲ្យចូលបំភ្លឺ។ យោងតាមដីកា លោកមេធាវី វង្ស ភក្តី ត្រូវចូលទៅបំភ្លឺនៅមុខព្រះរាជអាជ្ញារង នៅថ្ងៃទី១៨ ធ្នូ ។ ចំណែកលោក សម រង្ស៊ី ត្រូវចូលបំភ្លឺ នៅថ្ងៃទី១១ មករា ឆ្នាំ២0១៨។
លោកមេធាវី វង្ស ភក្តី បានយកបណ្តឹងទៅដាក់នៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែធ្នូ ដើម្បីសុំប្តឹងលោក សម រង្ស៊ី ពីបទ «ញុះញង់កុំឲ្យកងទ័ពស្តាប់បង្គាប់ និងធ្វើឲ្យខូចទឹកចិត្តកងទ័ព»។ ការប្តឹងនេះ គឺបន្ទាប់ពីលោក ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ធ្វើសន្និសីទកាសែតរួច អំពីសម្តីរបស់លោក សម រង្ស៊ី ដែលអាចចាត់ទុកថាជាការញុះញង់កងទ័ព ដោយមិនអាចលើកលែងឲ្យបាន។
យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ដែលហ៊ុមព័ទ្ធទៅដោយបណ្តឹងរបស់មេដឹកនាំគណបក្សប្រជាជនកម្ពុជា និងកំពុងមានឈ្មោះជាទណ្ឌិតស្រាប់ទៅហើយនោះ ហាក់មិនព្រួយបារម្ភអ្វីឡើយ។ តាមរយៈការបង្ហោះសារលើបណ្តាញសង្គម Twitter លោក សម រង្ស៊ី បាស្វាគមន៍ ហើយថែមទាំងជំរុញឲ្យមានការដាក់បណ្តឹងប្រឆាំងនឹងរូបលោក នៅក្នុងរឿងនេះ ថែមទៀត៕
Tag:
សម រង្ស៊ី
កងទ័ព
មេធាវី
តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com