ជាតិ
២៥ខេត្ត/រាជធានី
អាជ្ញាធរ​អប្សរា គ្រោង​ជួសជុល​ផ្លូវ​វង់​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ​
12, Dec 2017 , 11:07 am        
រូបភាព
​សៀមរាប​៖ ប្រសិនបើ​មានការ​បើកផ្លូវ ពី​គណៈកម្មាធិការ​អន្តរជាតិ អាយ​ស៊ី​ស៊ី​-​អង្គរ លើ​សំណើ​របស់ខ្លួន អាជ្ញាធរ​ជាតិ​អប្សរា នឹង​ចាប់ផ្តើម​ជួសជុល​ផ្លូវ​វង់​ធំ នាពេល​ដ៏​ឆាប់​នេះ​។ បច្ចុប្បន្ន ផ្លូវ​វង់​ធំ​ក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវបាន​គេ​មើលឃើញថា  ខូចខាត​ច្រើន ដោយសារ​អាយុកាល ដែល​ចាំបាច់​ត្រូវ​ជួសជុល ដើម្បី​ងាយស្រួល​ធ្វើ​ចរាចរណ៍​ឡើងវិញ​។



​ប្រសិនបើ​មានការ​ឯកភាព ពី​គណៈកម្មាធិការ ដើម្បី​សម្របសម្រួល​កិច្ច​គាំពារ និង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​អង្គរ ហៅ​កាត់​ថា អាយ​ស៊ី​ស៊ី​-​អង្គរ នោះ អាជ្ញាធរ​ជាតិ​អប្សរា នឹង​ដំណើរការ​លើ​គម្រោង​ជួសជុល​ផ្លូវ​វង់​ធំ​។ គម្រោង​នេះ ត្រូវបាន​បង្ហើប​ដោយ​អ្នកនាំពាក្យ អាជ្ញាធរ​ជាតិ​អប្សរា​។​

​លោក ឡុង កុសល បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត​មាន អំឡុង​ពេលដែល​អ្នកជំនាញ​ការជាន់​ខ្ពស់ ផ្នែក​អភិរក្ស​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ ចុះទៅពិនិត្យ​ទីតាំង​ផ្លូវ ដែល​ត្រូវ​ជួសជុល​។ តាម​ការបញ្ជាក់​របស់​លោក កុសល គម្រោង​ជួសជុល​ផ្លូវ​នេះ អាចទៅរួច ប្រសិនបើ​ការអនុវត្ត​មិន​ប៉ះពាល់​ដល់​ដើមឈើ និង​មាន​ផលប្រយោជន៍​សម្រាប់​បម្រើ​វិស័យ​ទេសចរណ៍​។​



​លោក កុសល លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖« តាម​អ្នកជំនាញការ ដែល​ចុះមក​ពិនិត្យ​នេះ ពួកគាត់ ថា ជា​ជម្រើស​ល្អ ដែល​អាច​អនុវត្តន៍​ទៅបាន តែ​ក្នុងនោះ ពួកគាត់​ក៏​បារម្ភ​ពី​រឿង​ដើមឈើ ធំៗ​ដែរ​។ សំណួរ​ដែល​គាត់​ចោទសួរ​ទៀត​នោះ  ហេតុអ្វី​ត្រូវ​ពង្រីក តែ​យើង​បាន​ប្រាប់​វិញ​ថា មិនមែន​ពង្រីក​ទេ គឺ​គ្រាន់តែ​ជួសជុល​ឱ្យ​រលូន​ជាង​នេះ ព្រោះ​សព្វថ្ងៃ​វា​តូច និង​មាន​ជង្ហុក​ច្រើន​»​។​

​នៅ​រសៀល​ថ្ងៃទី​១១ ខែធ្នូ អ្នកជំនាញការ​ជាន់ខ្ពស់​ផ្នែក​អភិរក្ស​នៃ​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ បាន​ចុះ​ពិនិត្យមើល​ការងារ​ខ្លះ ក្នុង​រមណីយដ្ឋាន​អង្គរ​។ ក្នុងនោះ​រួមមាន ការចុះ​ពិនិត្យមើល​ដំណើរការ​រុះរើ​សំណង់​ខុសច្បាប់ អំឡុងពេល​បោះឆ្នោត​ជ្រើសរើស​ឃុំ​-​សង្កាត់ ឆ្នាំ​២០១៧ និង​គម្រោង​ពង្រីក​ផ្លូវ​វង់​ធំ​។ នេះ​ជាការ​ងារ ដែល​ក្រុម​អ្នកជំនាញការ តែង​ធ្វើ​មុន​ដំណើរការ​កិច្ចប្រជុំពេញអង្គ នៃ​គណៈកម្មាធិការ អាយ​ស៊ី​ស៊ី​-​អង្គរ ដើម្បី​តាមដាន​រាល់​ការងារ​ដែល​ដាក់ជូន​អនុវត្តន៍​នាពេល​កន្លងមក​។​



​ផ្លូវ​វង់​ធំ​មាន​ប្រវែង​ប្រមាណ​ជាង ២០​គីឡូម៉ែត្រ ចាប់ពី​ខ្លោងទ្វារ​ដី​ឆ្នាំង ដល់​ខាងជើង​ផ្លូវ​ស្រះស្រង់​។ កាលពី​ឆ្នាំ​២០១៦ អាជ្ញាធរ​ជាតិ​អប្សរា បាន​ជួសជុល​ផ្លូវ​វង់​តូច​បាន​ដោយ​ជោគជ័យ ដែលមាន​ប្រវែង​ទទឹង​៩​ម៉ែត្រ បណ្តោយ ៣,៥០០​ម៉ែត្រ ដែល​១​ម៉ែត្រ​សងខាង សម្រាប់​ផ្លូវ​កង់ និង​៦​ម៉ែត្រ សម្រាប់​យានយន្ត​។ ការជួសជុល​នេះ ចាប់ពី​កសិណ​អង្គរវត្ត ដល់​ខាងត្បូង​ផ្លូវ​ស្រះស្រង់​។​

​គួរ​បញ្ជាក់ថា កិច្ចប្រជុំពេញអង្គ​លើក​ទី​២៤ នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៣ និង​១៤ ខែធ្នូ​។ របៀបវារៈ​នៃ​កិច្ចប្រជុំ​ពេលនេះ នឹង​ផ្តោតទៅលើ​ចំណុច​សំខាន់ៗ​មួយចំនួន​ដូចជា តាមដាន​របាយការណ៍​នៃ​ការងារ​អភិរក្ស ជួសជុល និង​ការងារ​ស្រាវជ្រាវ ការអភិវឌ្ឍ​ដោយ​ចីរភាព ក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ​។ បន្ថែម​ពីនេះ កិច្ចប្រជុំ​លើក​នេះ ក៏​នឹងមាន​ការចុះ​MOU​ថ្មី រវាង​អប្សរា និង​GACP​របស់​អាល្លឺម៉ង់ ការពិភាក្សា​លើ​ការបោះពុម្ពផ្សាយ អត្ថបទ​ពាក់ព័ន្ធ​នឹង​ប្រាសាទសំបូរព្រៃគុក និង​របាយការណ៍​ស្តីពី​ការរុះរើ​សំណង់​ខុសច្បាប់​ក្នុង​តំបន់​អង្គរ និង​ចុងក្រោយ គឺ​អនុសាសន៍​ថ្មីៗ​របស់​អាយ​ស៊ី​ស៊ី​-​អង្គរ​៕


Tag:
 ផ្លូវ​វង់​ធំ​
  អង្គរ​
  ​សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com