កីឡាជាតិ
ជាតិ
វឌ្ឍនាកា ជួយ​បឹងកេត​តទល់​ជាមួយ​ក្រុម​វៀតណាម នា​ជំនួប​ជើង​ទី​២ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​
12, Dec 2017 , 3:43 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុម​បឹងកេត ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ ស្វាគមន៍​ក្រុម​ភ្ញៀវ Sanna Khanh Hao FC របស់​វៀតណាម សម្រាប់​ការប្រកួត​ជើង​ទី​២ នៃ​ពានរង្វាន់ Toyota Mekong Club Championship 2017 នា​ល្ងាច​ថ្ងៃទី​១៣ ខែធ្នូ​។  ខ្សែប្រយុទ្ធ​ឆ្នើម ចាន់ វឌ្ឍនាកា ដែល​ទើប​បញ្ចប់​កិច្ចសន្យាខ្ចី​ជើង​១​រដូវ​កាល​ជាមួយ Fujieda MYFC បាន​អះអាងថា រូបគេ​បាន​ត្រៀមខ្លួន​រួចរាល់ ក្នុង​ការជួយ​បឹងកេត និង​ស្នើ​ឲ្យ​អ្នកគាំទ្រ ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​។



​កីឡាករ ចាន់ វឌ្ឍនាកា ដែល​ទើប​បញ្ចប់​កិច្ចសន្យាខ្ចី​ជើង​១  រដូវ​កាល ជាមួយ​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣ របស់​ជប៉ុន Fujieda MYFC កាលពី​ថ្មីៗ នឹង​ជួយ​បឹងកេត តទល់ Sanna Khanh Hao FC របស់​វៀតណាម នា​ការប្រកួត​ជើង​ទី​២ នៃ​ពានរង្វាន់ Toyota Mekong Club Championship ល្ងាច​ថ្ងៃទី​១៣ ធ្នូ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​។ សម្រាប់​ការប្រកួត​ជើង​ទី​១ នៅលើ​ទឹកដី​វៀតណាម កាលពី​ថ្ងៃទី​៩ ខែធ្នូ ក្រុម​ទាំងពីរ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ៤-៤​។ 



​ទោះបី​មាន​រយៈពេល​ខ្លី សម្រាប់​វឌ្ឍនាកា ក្នុងកា​បន្ស៊ាំ​ខ្លួន​ជាមួយ​ក្រុម​ទ្រនំ​ចាស់ តែ​ខ្សែប្រយុទ្ធ​ឆ្នើម​រូបនេះ អះអាងថា រូបគេ​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ ក្នុង​ការជួយ​ក្រុម​ជើងឯក​លី​ក កំពូល​ឆ្នាំ​២០១៦ មួយ​នេះ​។ «​ខ្ញុំ​បាន​ត្រៀមខ្លួន​រួចរាល់ សម្រាប់​ការចូលរួម​ជាមួយ​ក្រុម​បឹងកេត​។ ខ្ញុំ​បាន​ចូល​ហ្វឹកហាត់​ជាមួយគ្នា ហើយ​ពួកយើង​បានរៀបចំ​ក្រុម​មួយ​ដ៏​ល្អ សម្រាប់​ជំនួប​តទល់​ជាមួយ​ក្រុម​វៀតណាម ហើយ​ខ្ញុំ​សង្ឃឹមថា នឹងមាន​ការចូលរួម​ទស្សនា​យ៉ាងច្រើន​កុះករពី​អ្នកគាំទ្រ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា​»​។ នេះ​ជាការ​លើកឡើង​របស់ វឌ្ឍនាកា ក្នុង​សន្និសីទ​សារព័ត៌មាន មុន​ការប្រកួត​កាលពី​ព្រឹក​ថ្ងៃទី​១២ ធ្នូ នៅ​សណ្ឋាគា​ភ្នំពេញ​។​



​ជាមួយគ្នានេះ​គ្រូបង្វឹក​ក្រុម​បឹងកេត លោក ហៅ សុជាតិ ជឿជាក់ថា ការបង្ហាញ​វត្តមាន​របស់​ខ្សែប្រយុទ្ធ ចាន់ វ​ឌ្ឍ​នា ក្នុង​ក្រុម​បឹងកេតនឹងធ្វើ​ឲ្យ​តំបន់​ប្រយុទ្ធ​ក្រុម​លោក​កាន់តែខ្លាំងនិង​មាន​ភាព​មុត​ស្រួច​ជាង​មុន​។ លោក​អះអាងថាសម្រាប់​ការប្រកួត​ជើង​ទី​២ នៅ​លើដី​កម្ពុជា នឹងមាន​ការ​ស៊ុត​បញ្ចូល​ទីតិចជាង​ការប្រកួតនៅលើ​ទឹកដី​វៀតណាម​។


លោក ហៅ សុជាតិ គ្រូបង្វឹកក្រុមបឹងកេតនិយាយពេលចូលរួមសន្និសីទសារព័ត៌មានមុនការប្រកួត

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក ហៅ សុជាតិ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​កាល​ប្រកួត​ជើង​ទី​១ យើង​បាន​ភ្លាត់​ឲ្យ​គេ​ទាត់​ចូល​ទី​លឿនៗ​ពេកដោយសារ​យើង​នៅមាន​បញ្ហា​ច្រើននៅ​តំបន់​ការពារ​។ យើង​នឹង​ពង្រឹង​តំបន់​ការពារ​ឲ្យ​បានល្អនិង​ត្រៀមប្រយុទ្ធ​ឲ្យ​ខ្លាំង​ជាង​មុន ជាពិសេស ការប្រកួត​ថ្ងៃស្អែកយើង​នឹង​ផ្ដោតលើ​ប្រព័ន្ធ​ការពារ​ឲ្យ​បាន​ច្រើន​»៕ 


Tag:
 បាល់ទាត់​
  Toyota Mekong Club
  ចាន់ វឌ្ឍនាកា
© រក្សាសិទ្ធិដោយ thmeythmey.com