ជាតិ
សេដ្ឋកិច្ច
កម្ពុជា​-​ថៃ គ្រោង​បង្កើត​ច្រកទ្វារ​អន្តរជាតិ​ចំនួន​៤​បន្ថែមទៀត​
12, Dec 2017 , 9:19 pm        
រូបភាព
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
រូបភាពពីហ្វេសប៊ុកក្រសួងទេសចរណ៍
ដោយ:
​រដ្ឋាភិបាល​កម្ពុជា​-​ថៃ បាន​ឯកភាពគ្នា គ្រោង​បង្កើត​ច្រកទ្វារ​អន្តជាតិ​ចំនួន​៤ ទៀត ដើម្បី​សម្រួលការ​ធ្វើដំណើរ ការដឹកជញ្ជូន​ទំនិញ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ ពិសេស​ឆ្លើយតប​នឹង​កំណើន​ទេសចរ​។ ច្រកទ្វា​អន្តរជាតិ​ទាំង​៤​នោះ គឺ​ច្រក អានសេះ នៅ​ខេត្តព្រះវិហារ ច្រកទ្វារ​ភ្នំ​ជី នៅ​ខេត្តបាត់ដំបង ច្រកទ្វារ​ថ្មដា ក្នុង​ខេត្តពោធិ៍សាត់ និង​ច្រកទ្វារ​ជប់​គគី ស្ថិតនៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។



​រាជរដ្ឋាភិបាល កម្ពុជា​-​ថៃ គ្រោង​បង្កើត ច្រកទ្វារ​អន្តរជាតិ​ចំនួន​៤ បន្ថែមទៀត គឺ​ច្រកទ្វា​អន្តរជាតិ​អានសេះ ច្រកទ្វារ​ភ្នំ​ជី  ច្រកទ្វារ​ថ្មដា និង​ច្រកទ្វារ​ជប់​គគី​។ នេះ​បើតាម​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ ដែល​ថ្លែង​នៅក្នុង​កិច្ចប្រជុំ​លើក​ទី​៤ នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ការដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ទៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស (​គ​.​អ​.​ប​.​ទ​) កាលពី​ថ្ងៃទី​១១ ខែធ្នូ​។

​ជា​ប្រធាន គ​.​អ​.​ប​.​ទ​ផង លោក​ថោង បាន​ឲ្យ​ដឹង​ទៀតថា គម្រោង​បង្កើត​ច្រក​ទ្រារ​អន្តរជាតិ​បន្ថែម​នេះ គឺ ដើម្បី​សម្រួលការ​ធ្វើដំណើរ ការដឹកជញ្ជូន​ទំនិញ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ ពិសេស​ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើន​ទេសចរ ដែល​កំពុង​កើន​ឡើងជា​លំដាប់​។​

​បច្ចុប្បន្ន​កម្ពុជា មាន​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រក​អន្តរជាតិ សរុប​ចំនួន​២៤ ក្នុងនោះ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ចំនួន​៣ ច្រកទ្វារ​កំពង់ផែ​អន្តរជាតិ​៤ និង​ច្រកទ្វារ​អន្តរជាតិ​ចំនួន​១៧ (​កម្ពុជា​-​ថៃ​មាន​៦, កម្ពុជា​-​វៀតណាម​១០ ,​កម្ពុជា​-​ឡាវ​១)​។​

​យោងតាម​ទិន្នន័យ​ឆ្នាំ​២០១៦ របស់​អង្គការ​ទេសចរណ៍​ពិភពលោក មាន​អ្នកដំណើរ​ប្រមាណ ១,២៣៥ លាន​នាក់ បានធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​អន្តរជាតិ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ថោង ខុន ដែល​បន្ត​ដោយមាន​សុទិដ្ឋិនិយម​ថា ចំនួន​នេះ នឹង​កើន​ដល់ ១,៨០០​លាន​នាក់ នៅមុន​ឆ្នាំ​២០៣០​។

​ដោយឡែក​កាលពី​ឆ្នាំ​២០១៦ ភ្ញៀវទេសចរ​អន្តរជាតិ​មក​កម្ពុជា មាន​ប្រមាណ​៥​លាន​នាក់ កើនឡើង​៥​ភាគរយ ដែល​ផ្តល់​ចំណូល​ដល់​កម្ពុជា​បាន​ប្រមាណ ៣,៤០០​ដុល្លារ និង​បង្កើត​ការងារ ដោយផ្ទាល់​ដល់​ពលរដ្ឋ​ខ្មែរ ប្រមាណ​៦២​ម៉ឺន​នាក់​។ នេះ​បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​កម្ពុជា ដែល​បញ្ជាក់ទៀតថា ក្នុង​រយៈពេល​១០​ខែ ឆ្នាំ​២០១៧​នេះ កម្ពុជា​ទទួលបាន​ទេស​ចរ​អន្តរជាតិ ប្រមាណ​៤.៣​លាន​នាក់ កើនឡើង ១០,៤​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី ឆ្នាំ​២០១៦​។
 
​កន្លងមក កម្ពុជា​ធ្លាប់​ព្យាករណ៍​ថា នៅ​ឆ្នាំ​២០១៧​នេះ ខ្លួន​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិប្រមាណ ៥.៦​លាន​នាក់ និង​ប្រមាណ​៧​លាន​នាក់ នៅ​ឆ្នាំ​២០២០ ដែល​អាច​នាំ​ចំណូល​ប្រមាណ ៥​ពាន់​លាន​ដុល្លារ​ដល់​កម្ពុជា និង​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ ១​លាន​នាក់​៕


Tag:
 ច្រកព្រំដែន​
 ​ ទេសចរណ៍​
  ថោង ខុន​
© រក្សាសិទ្ធិដោយ thmeythmey.com