អន្តរជាតិ
ប្រាយុទ្ធ៖«ថៃគ្មានទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើងឡើយ»
× ប្រមុខរបបសឹកថៃលោក ប្រាយុទ្ធ ចន្ទអូចាបានបញ្ជាក់ថា ថៃគ្មានទំនាក់ទំនងពាណិជ្ជកម្មជាមួយកូរ៉េខាងជើងឡើយ។ ប្រមុខរបបសឹកអះអាងដូច្នេះ មុនពេលបេសកជនពិសេសអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង មកដល់ប្រទេសថៃ ក្នុងដំណើរជំរុញឲ្យប្រទេសនានា បន្តដាក់សម្ពាធកូរ៉េខាងជើងផង។
គ្មានទំនាក់ទំនងពាណិជ្ជកម្ម រវាងថៃ និងកូរ៉េខាងជើងឡើយ។ នេះជាសម្តីរបស់ នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចន្ទអូចា នៅថ្ងៃអង្គារទី ១២ ខែធ្នូ នៅវិមានរដ្ឋាភិបាលថៃ មុនពេលដែលមន្ត្រីទូតជាន់ខ្ពស់របស់ក្រុងវ៉ាស៊ីនតោន បំពេញទស្សនកិច្ចនៅក្នុងប្រទេសថៃ ដើម្បីពិភាក្សារឿងវិបត្តិកូរ៉េខាងជើង។
យោងតាមទីភ្នាក់ងារព័ត៌មាន AFP លោកប្រាយុទ្ធ បានលើកឡើងពីចំណាត់ការរបស់ថៃ ចំពោះកូរ៉េខាងជើងនេះ បង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដាក់សម្ពាធ និងកាត់ផ្តាច់ចរន្តហិរញ្ញវត្ថុ របស់កូរ៉េខាងជើងដែរ។
ប្រាយុទ្ធបានលើកឡើងដូច្នេះ៖« ថៃធានាថា យើងគោរពតាមដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ វាធ្លាប់មានរបាយការណ៍ស្តីពីទូកកូរ៉េខាងជើង នៅក្នុងដែនទឹកយើង។ ប៉ុន្តែខ្ញុំបានដាក់បញ្ជា ហាមឃាត់យូរមកហើយ។ វាគ្មានឡើយពាណិជ្ជកម្ម ឬការជួញដូរទំនិញជាមួយគ្នានោះ»។
លោក ប្រាយុទ្ធ ប្រាប់ពីការប្តេជ្ញាចិត្តរបស់ថៃ ក្នុងការដាក់សម្ពាធកូរ៉េខាងជើង មុនពេលលោក Joseph Yun បេសកជនពិសេសរបស់អាមេរិកទទួលបន្ទុកគោលនយោបាយកូរ៉េខាងជើងបំពេញទស្សនកិច្ចនៅក្នុងប្រទេសថៃ ក្នុងសប្តាហ៍នេះដែរ។ វាជាទស្សនកិច្ចមួយ ដើម្បីស្វះស្វែងរកការគាំទ្រ និងចូលរួមដាក់សម្ពាធក្រុងព្យុងយ៉ាង ដែលបន្តបាញ់សាកល្បងនុយក្លេអ៊ែរ និងមីស៊ីលឥតមានខ្លាចក្រែងច្បាប់អន្តរជាតិនោះ។
កន្លងមកអាមេរិក បានទទូចឲ្យបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ កាត់ផ្តាច់រាល់ចរន្តហិរញ្ញវត្ថុរបស់កូរ៉េខាងជើង តាមរយៈការបញ្ឈប់ពាណិជ្ជកម្មជាមួយរបបផ្តាច់ការនោះ ស្របពេលដែលស្ថានការតំបន់តានតឹងខ្លាំង។
កាលពីខែសីហាកន្លងទៅ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក រិច ធីល័រសិន បានស្នើសុំឲ្យថៃ ក្នុងនាមជាសម្ព័ន្ធមិត្តចាស់ជាងគេក្នុងតំបន់ ឲ្យចាត់វិធានការបន្ថែមប្រឆាំងកូរ៉េខាងជើងផងដែរ។ កាលនោះ អាមេរិកជឿជាក់ថា ក្រុមហ៊ុនកូរ៉េខាងជើង នៅមានសកម្មភាពនៅក្នុងប្រទេសថៃ ហើយអាមេរិក ក៏ស្នើឲ្យថៃបិទក្រុមហ៊ុនទាំងនោះដែរ។ ក្រោយមថៃបានប្រកាសថា ទំនាក់ទំនងពាណិជ្ជកម្ម រវាងខ្លួនជាមួយកូរ៉េខាងជើង ធ្លាក់ចុះ ៩៤ភាគរយ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែរ៕
Tag:
ថៃ
កូរ៉េខាងជើង
ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com