ជាតិ
កម្ពុជា បន្ត​ទទួលរង​អាកាសធាតុ​ត្រជាក់​ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២២
13, Dec 2017 , 8:39 pm        
រូបភាព
ដោយ:
​អាកាសធាតុ​នៅ​កម្ពុជា នឹង​បន្ត​ត្រជាក់​ជាថ្មីទៀត ពីថ្ងៃ​ទី​១៩ ដល់​ថ្ងៃទី​២២ ខែធ្នូ​។ បើតាម​ក្រសួង​ធនធានទឹក ខេត្តឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន នឹងមាន​សីតុណ្ហភាព​អប្បបរមា​១៦-១៧​អង្សា​។ រីឯ​ខេត្តបន្ទាយមានជ័យ បាត់ដំបង់ សៀមរាប ពោធិ៍សាត់ និង​ខេត្តកំពង់ធំ មាន​សីតុណ្ហភាព​អប្បបរមា​ពី ១៨ ទៅ​១៩ អង្សា​ខណៈ បណ្ដា​ខេត្ត​ដទៃ នឹងមាន​សីតុណ្ហភាព​អប្បបរមា​ពី ២០-២២​អង្សា​។



​បើតាម​ការ​ព្យាករ​អាកាសធាតុ​ស្ដីពី​ការចុះ​ត្រជាក់​លើក​ទី​២ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម សម្ពាធ​ខ្ពស់​ពី​ប្រទេស​ចិន នឹង​រំកិល​មក​គ្រប់​ដណ្ដប់​លើ​ជ្រោយ​ឥណ្ឌូចិន ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២​ខែធ្នូ​។ ហើយ​ក្នុងពេល​ជាមួយគ្នានេះ ខ្យល់មូសុង​ឦសាន​ខ្លាំង ក៏​បង្កើន​ឥទ្ធិពល​មកលើ​កម្ពុជា​។​

​លក្ខណៈ​បែបនេះ នឹងធ្វើ​ឲ្យ​សីតុណ្ហភាព​អប្បបរមា​នៅ​កម្ពុជា​ថយចុះ​ខ្លាំង រីឯ​ល្បឿន​ខ្យល់ជំនោរ​បក់​មកពី​ទិស​ខាងជើង ក៏មាន​ឥទ្ធិពល​ខ្លាំង​។ ដូចនេះ ចាប់ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែធ្នូ ខេត្តឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី និង​ខេត្ត​ប៉ៃលិន សីតុណ្ហភាព​អប្បបរមា គឺ​ពី​១៦ ទៅ​១៧ អង្សា​សេ​។​

​រីឯ ខេត្តបន្ទាយមានជ័យ បាត់ដំបង់ សៀមរាប ពោធិ៍សាត់ និង​ខេត្តកំពង់ធំ ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ សីតុណ្ហភាព​អប្បបរមា​មាន​ពី ១៨ ទៅ​១៩ អង្សា​សេ​។
​ចំពោះ​បណ្ដា​ខេត្ត​ដទៃទៀត ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២៣ សីតុណ្ហភាព​អប្បបរមា មាន​ពី ២០​ទៅ​២២ អង្សា​សេ​៕


Tag:
 អាកាសធាតុ​
 ​ ត្រជាក់​
© រក្សាសិទ្ធិដោយ thmeythmey.com