ជាតិ
អាមេរិក ផ្តល់​ថវិកា​៣៥​ម៉ឺន​ដុល្លារ សម្រាប់​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​
13, Dec 2017 , 9:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​អាមេរិក បានផ្តល់​ថវិកា​ចំនួន​៣៥​ម៉ឺន​ដុល្លារ​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង ដំណាក់កាល​ទី​៥ ។ ដំណាក់កាល​នេះ គម្រោង​នឹង​បង្ហើយការ​ជួសជុល ទៅលើ​ចំហៀង​ខាងកើត នៃ​ប្រាសាទ​កណ្តាល ស្របតាម​គម្រោង​ប្លង់​ជួសជុល ដែល​ត្រូវ​បានកំណត់​ច្បាស់​នៅ​ដំណាក់កាល​មុន​។ ប្រាសាទភ្នំ​បាក់​ខែង គឺជា​ប្រាសាទ​ដែល​ចាស់​ជាងគេ​ក្នុង​សម័យអង្គរ ហើយ​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ពិភពលោក​។​



​មជ្ឈមណ្ឌល​បេតិកភណ្ឌ​វប្បធម៌​របស់​ការិយាល័យ​កិច្ចការ​វប្បធម៌ និង​អប់រំ​នៃ​ក្រសួងការបរទេស​អាមេរិក បានផ្តល់​ថវិកា​ចំនួន ៣៥​ម៉ឺន​ដុល្លារ​អាមេរិក ដែល​បានមកពី​មូលនិធិ​ឯកអគ្គរដ្ឋទូត​អាមេរិក​សម្រាប់​ការអភិរក្ស​វប្បធម៌ ដល់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) សម្រាប់​ដំណាក់កាល​ទី ៥ ក្នុងការ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង ដែលមាន​ចំណាស់​១០ ទសវត្ស​មកហើយ ក្នុង​សួនឧទ្យាន​អង្គរ​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ភ្នំពេញ កម្ពុជា​ស្ថិត​ក្នុងចំណោម​ប្រទេស​ចំនួន​៩  ដែល​រួមមាន​ប្រទេស បូ​លី​វី ភូមា អ៊ីស្រាអែល មិកសិ​ក ម៉ូ​ល​ដូ​វ៉ា នេ​ប៉ាល់ សេ​រ៉ា​ឡេ​អូន និង​ប្រទេស​ថៃ ដែល​បានទទួល​ជំនួយ នៅក្នុង​ឆ្នាំសារពើពន្ធ​២០១៧ សម្រាប់​ការអភិរក្ស​ទីតាំង​បុរាណ និង​ប្រវត្តិសាស្ត្រ តាមរយៈ​កម្មវិធី​ជំនួយ​ថវិកា​ខ្នាត​ធំ​នៃ​មូលនិធិ​(WMF)​។

​ប្រាសាទភ្នំ​បាក់​ខែង គឺជា​ប្រាសាទ​ដែល​ចាស់​ជាងគេ​ក្នុង​សម័យអង្គរ ហើយ​ជា​ស្ថាបត្យកម្ម​ដ៏​អស្ចារ្យ​បំផុត​មួយ​របស់​ពិភពលោក​។ តាំងពី​ឆ្នាំ ២០០៨ មក គម្រោង​អភិរក្ស​នេះ បាន​ផ្តោតលើ​ការធ្វើ​ឲ្យ​សំណង់​មាន​លំនឹង និង​ការ​ទប់​មិន​ឲ្យ​លិច​ទឹក នៅ​ចំហៀង​ខាងកើត នៃ​ប្រាសាទ​កណ្តាល ដោយ​ទន្ទឹមនឹងនោះ បញ្ចូល​សកម្មភាព​គ្រប់គ្រង​លើ​ទីតាំង និង​ការបណ្តុះបណ្តាល​។ 



​សម្រាប់​ដំណាក់កាល​ទី​៥​នេះ គម្រោង នឹង​បង្ហើយ​ការជួសជុល​ពេញលេញ ទៅលើ​ចំហៀង​ខាងកើត​នៃ​ប្រាសាទ​កណ្តាល ស្របតាម​គម្រោង​ប្លង់​ជួសជុល ដែល​បានកំណត់​ច្បាស់ នៅ​ដំណាក់កាល​មុនៗ ហើយ​អន្តរាគមន៍​នេះ នឹងធ្វើ​ឲ្យ​មាន​ឡើងវិញ​នូវ​ភាព​ដើម នៃ​សំណង់​របស់​ប្រាសាទ និង​ប្រព័ន្ធគ្រប់គ្រង​ទឹក ដោយ​ប្រើ​សម្ភារ​បុរាណ​ផង និង​ទំនើប​ផង​។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល ដែល​បាន​បន្តថា គម្រោង​នេះ មានបំណង​ជំរុញ​ឲ្យ​បាន​ច្រើន ដល់​ចក្ខុវិស័យ នៃ​ផែនការមេ ក្នុងការ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង ដែល​ត្រូវ​បានកំណត់​នៅ​ឆ្នាំ ២០០៧ WMF បាន​រៀ​ចំ​កម្មវិធី​អភិរក្ស ដោយ​សហការ​ជិតស្និទ្ធ ជាមួយ​អាជ្ញាធរ​ជាតិ​អ​ប្សា​រា និង​អ្នកជំនាញ​នៃ​អង្គការ UNESCO ដែល​ធ្វើការ​ជួបប្រជុំគ្នា​ទៀងទាត់ តាមរយៈ​គណៈកម្មាធិកា​រ​សម្របសម្រួល​អន្តរ​ជាតិ​អង្គរ​។​

​តាំងពី​ឆ្នាំ ២០០៤ មក អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក បានទទួល​ថវិកា​ជាង ៣,២ លាន​ដុល្លា អាមេរិក ពី​រដ្ឋា​ភី​បាល​អាមេរិក សម្រាប់រ​អភិរក្ស​ប្រាសាទភ្នំ​បាក់​ខែង​។ អង្គការ​មូលនិធិ​នេះ គឺជា​អង្គការ ឯករាជ្យ​ឈានមុខ​គេ ដែល​ធ្វើការ ដើម្បី​សង្គ្រោះ​កន្លែង​ដែល​ត្រូវបាន​គេ​ផ្តល់​តម្លៃ​ឲ្យ​បំផុត​ក្នុង​ពិភពលោក​។ អស់​រយៈពេល ៤៥​ឆ្នាំ​ហើយ អ្នកឯកទេស​ដែលមាន​ជំនាញ​យ៉ាងខ្ពស់​របស់​អង្គការ​នេះ បាន​ប្រើ​បច្ចេកទេស ដ៏​មាន​ប្រសិទ្ធភាព ដើម្បី​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌ និង​ស្ថាបត្យកម្ម​សំខាន់ៗ​នានា នៅ​ជុំវិញ​ពិភពលោក​។​

​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សម្រាប់​ការអភិរក្ស​វប្បធម៌ ត្រូវបាន​បង្កើតឡើង ដើម្បី​អភិរក្សទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​។ ក្រៅពី​ប្រាសាទភ្នំ​បាក់​ខែង រដ្ឋាភិបាល​អាមេរិក ក៏បានផ្តល់​អំណោយ​ថវិកា ដើម្បី​ជួយ​អភិរក្ស​ទីតាំង​បេតិកភណ្ឌ​វប្បធម៌​សំខាន់ៗ​ដទៃទៀត នៅ​កម្ពុជា ដូចជា​ប្រាសាទ​ហាន់ជ័យ ក្នុង​ខេត្តកំពង់ចាម និង​ប្រាសាទភ្នំដា នៅ​អង្គរ​បូរី ខេត្តតាកែវ ជាដើម​។ ជំនួយ​សរុប​របស់​ស​ហ​រដ្ឋ​អាមេរិក​សម្រាប់​ការអភិរក្ស​វប្បធម៌​នៅ​កម្ពុជា មាន​ចំនួន ៤,២៧២,៤៦៥ ដុល្លារ​អាមេរិក ក្នុងចំណោម​នោះ មាន​ថវិកា​ចំនួន ៣,៣២៦,៣៦៥ ដុល្លារ ត្រូវបាន​ផ្តល់​ឲ្យ​តាមរយៈ​មូលនិធិ​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​សម្រាប់​ការអភិរក្ស​វប្បធម៌​៕



Tag:
 ជំនួយ​
 ​ ប្រាសាទភ្នំ​បាក់​ខែង​
 ​ កម្ពុជា​-​អាមេរិក​
© រក្សាសិទ្ធិដោយ thmeythmey.com