អន្តរជាតិ
អង្គការសិទ្ធិមនុស្ស ទទូច​ឲ្យ​សិង្ហ​បុរី កែតម្រូវ​ច្បាប់​រឹតត្បិត​សិទ្ធិ​សេរី​បញ្ចេញមតិ​និង​ប្រមូលផ្តុំ
13, Dec 2017 , 10:39 pm        
រូបភាព
ដោយ:
​សិង្ហ​បុរី ត្រូវបាន​គេ​ស្គាល់​ថា ជា​ប្រទេស ដែលមាន​ការអភិវឌ្ឍ និង​ជឿនលឿន​ជាងគេ​ទាំង​ក្នុង​ក្របខណ្ឌ​តំបន់ និង​ពិភពលោក ។ ប៉ុន្តែ បើតាម​របាយការណ៍រ​បស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (Human Right Watch) ប្រទេស​ជឿនលឿន​មួយ​នេះ មិនទាន់មាន​ការបើក​ទូលាយ​លើ​វិស័យ​សិទ្ធិមនុស្ស​ទាំងអស់​នៅឡើយ​ទេ ។



​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស នៅ​ថ្ងៃ​១៣ ធ្នូ បានចេញ​របាយការណ៍​មួយ ដោយ​អះអាងថា រដ្ឋាភិបាល​សិង្ហ​បុរី បាន​ប្រើប្រាស់​ច្បាប់ព្រហ្មទណ្ឌ និង​បទបញ្ជា​មានការ​រឹតត្បិត​ខ្លាំង ដែល​ប៉ះពាល់ និង​បន្ទាប​តម្លៃ​សិទ្ធិសេរីភាព​នៃ​ការបញ្ចេញមតិ និង​ការប្រមូលផ្តុំ​របស់​ប្រជាជន ពាក់ព័ន្ធ​នឹង​កិច្ចការ​នយោបាយ និង​ការដឹកនាំ​របស់​រដ្ឋាភិបាល​តែម្តង ។ នេះ​បើ​យោងតាម​ការចុះផ្សាយ​ក្នុង​គេហទំព័រ​ផ្លូវការ​របស់ Human Right Watch ។

​របាយការណ៍ កម្រាស់ ១៣៣​ទំព័រ របស់​អង្គការ​វិស័យ​សិទ្ធិមនុស្ស​ដដែល​នោះ ក៏បាន​លើកឡើងថា បុគ្គល​ទាំងឡាយណា ដែល​រិះគន់​រដ្ឋាភិបាល ឬ​វិស័យ​តុលាការ ឬ​និយាយ​ពី​បញ្ហា​រសើប​ពាក់ព័ន្ធ​នឹង​សាសនា និង​បញ្ហា​ជាតិ​សាសន៍ ជានិច្ចកាល​ប្រឈម​នឹង​ការស៊ើបអង្កេត​ព្រហ្មទណ្ឌ ឬ​រង​នូវ​បណ្តឹងស៊ីវិល​ជាដើម ។

​ជាងនេះទៅទៀត​នោះ របាយការណ៍ ដែល​ក្រុម​អ្នកឃ្លាំមើល អះអាងថា ធ្វើឡើង​ដោយ​ផ្អែកលើ​ការវិភាគ​ស៊ីជម្រៅ​លើ​ច្បាប់​ពាក់ព័ន្ធ​របស់​សិង្ហ​បុរី​ស្តីពី​សិទ្ធិសេរីភាព នៃ​ការបញ្ចេញមតិ និង​ការប្រមូលផ្តុំ និង​ការសម្ភាសន៍​ពី​អ្នកការ​សែត អ្នកនយោបាយ បញ្ញា​វ័​ន្ត និង​ប្រភព​ស្រាវជ្រាវ​ផ្សេងទៀត  ក៏បាន​លើក​ហេតុផល និង​ឧទាហរណ៍​ជាក់ស្តែង ដែល​រដ្ឋាភិបាល​សិង្ហ​បុរី បាន​បំពាន​មក​ផងដែរ ។​

​ក្នុងនោះ ក៏​រួម​មានការ​ចោទ​អ្នកសរសេរ​ប្លុក​រិះគន់​ចំណាត់ការ គោលនយោបាយ និង​អ​សមភាព​នៅក្នុង​សង្គម​សិង្ហ​បុរី​របស់​រដ្ឋាភិបាល​សិង្ហ​បុរី​ផងដែរ ។ ពេលនោះ ឆ្នាំ​២០១៤ អ្នកសរសេរ​ប្លុក​បាន​រង​បណ្តឹង​របស់​នាយក​រដ្ឋ​ម្ត្រី​លី សៀន​ឡុង​ពីបទ​បរិហាកេរ្តិ៍ និង​បទ​ធ្វើការ​ប្រមូលផ្តុំ​ខុសច្បាប់ និង​រំខាន​សាធារណៈ​ទៀតផង ។

​ទន្ទឹមនឹង​ការលើកឡើង​នេះ Human Rights Watch ក៏បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​សិង្ហ​បុរី ទម្លាប់​ការ​ចោទ​ទាំងឡាយ ដើម្បី​ធានា​ឲ្យ​បាន​សិទ្ធិ​ពេញលេញ​នៃ​ការប្រមូលផ្តុំ និង​បញ្ចេញមតិ ក៏ដូចជា​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​ដែល​រឹតត្បិត​លើ​សកម្មភាព​ទាំងនេះ ដើម្បី​ស្របតាម​ស្តង់ដារ​អន្តរជាតិ ។

​លោក​អនុប្រធាន​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ប្រចាំ​តំបន់​អាស៊ី Phil Robertson បានបង្ហាញ​ចំណាប់អារម្មណ៍​អម​ជាមួយនឹង​របាយការណ៍​នេះ​ថា​៖«​សិង្ហ​បុរី តែងតែ​លើកតម្កើង​ខ្លួន​ថា​ជា​ប្រទេស​ទំនើប និង​ជាទី​កន្លែង​ដ៏​ល្អ​សម្រាប់​ការធ្វើ​ធុរកិច្ច ក៏ប៉ុន្តែ​ប្រជាជន​នៅក្នុង​ប្រទេស​ដែល​តែងតែ​ហៅ​ខ្លួន​ថា​ប្រជា​ធិ​តេ​យ្យ​ដែរនោះ ក៏​មិនគួរ​មានការ​ភ័យខ្លាច​ក្នុង​ការរិះគន់​រដ្ឋាភិបាល​របស់ខ្លួន ឬ​និយាយ​ពី​បញ្ហានយោបាយ​ឡើយ​»​។

​ជុំវិញ​របាយការណ៍​នេះដែរ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស ក៏បាន​ធ្វើ​សំណើសុំ​ការបកស្រាយ និង​បំភ្លឺ​ផងដែរ តែ​មិនមាន​អង្គការ​រដ្ឋាភិបាល​សិង្ហ​បុរី​ណាមួយ តប​វិញ​ឡើយ ។ អ្វី​គួរកត់សម្គាល់​នោះ កន្លងមក រដ្ឋាភិបាល​សិង្ហ​បុរី តែងតែ​អះអាងថា ច្បាប់ និង​បទបញ្ញត្តិ​នានា​របស់​សិង្ហ​បុរី ធ្វើឡើង​ដើម្បី​រក្សា​សណ្តាប់ធ្នាប់ និង​សន្តិសុខ​សង្គម​ប៉ុណ្ណោះ ៕

Tag:
 សិង្ហ​បុរី​
  អាស៊ាន​
  សិទ្ធិមនុស្ស​
© រក្សាសិទ្ធិដោយ thmeythmey.com