ជាតិ
ចៅក្រមស៊ើបសួរ ទៅសួរលោក កឹម សុខា ដល់ពន្ធនាគារជាលើកទីពីរ នៅព្រឹកនេះ
× ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូនេះ លោក គី ឫទ្ធី ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ដើម្បីសាកសួរលោកកឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅទីនោះ អស់រយៈពេលជាង២ខែមកហើយ ក្រោមការសង្ស័យពីអំពើក្បត់ជាតិ។ នេះបើតាមលោក ហែម សុជាតិ មេធាវីមួយរូប ក្នុងចំណោមមេធាវីទាំងប្រាំរូបរបស់លោក កឹម សុខា។
លោក ហែម សុជាតិ បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទថា ក្រុមមេធាវីរបស់លោក កឹម សុខា ក៏កំពុងធ្វើដំណើរទៅកាន់ពន្ធនាគារត្រពាំងផ្លុងដែរ ដើម្បីចូលរួមស្តាប់ការសួរចម្លើយនេះ។ លោក និយាយដូច្នេះថា៖«ចៅក្រមស៊ើបសួរ មិនសួរអ្វីក្រៅពីចោទកាលពីកន្លងមកនោះទេ។ ប៉ុន្តែពេលខ្លះ ចៅក្រមស៊ើបសួរ អាចសួរលើពីបទចោទហ្នឹងក៏មាន»។
កាលពីប៉ុន្មានសប្តាហ៍មុន ចៅក្រមស៊ើបសួរ គី ឫទ្ធី បានទៅសួរលោក កឹម សុខា ដល់ពន្ធនាគារម្តងរួចទៅហើយ។ បើតាមមេធាវីខាងលើ ការសួរជាលើកទីពីរនេះ គឺចៅក្រមស៊ើបសួរ ចង់បានចម្លើយបន្ថែមពីលោក កឹម សុខា។
ព្រោះតែសង្ស័យថា លោក កឹម សុខា ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ ទើបបានជាតុលាការ ដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅចាប់ខ្លួនដល់គេហដ្ឋាន កាលពីយប់ថ្ងៃទី២ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២0១៧។ តុលាការ យកវីដេអូឃ្លីបមួយ ដែលឯកឧត្តម កឹម សុខា បាននិយាយតាំងប៉ុន្មានឆ្នាំមុន ទៅធ្វើជាអង្គហេតុក្នុងការចាប់ខ្លួន និងដាក់ឯកឧត្តម កឹម សុខា ឲ្យស្ថិតនៅក្រោមការសង្ស័យថា បានឃុបឃិតជាមួយបរទេសជាសម្ងាត់ ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា។
ក្នុងវីដេអូឃ្លីបនោះ ឯកឧត្តម កឹម សុខា បាននិយាយទៅកាន់អ្នកគាំទ្រថា ខ្លួនមានអ្នកជំនាញជាជនបរទេសនៅពីក្រោយ ដើម្បីជួយជ្រោមជ្រែង ក្នុងការផ្លាស់ប្តូរមេដឹកនាំកនៅកម្ពុជា។ ក្តីសង្ស័យលើឯកឧត្តម កឹម សុខា ជុំវិញអំពើក្បត់ជាតិ ត្រូវបានក្រសួងមហាផ្ទៃ យកទៅផ្សារភ្ជាប់ជាមួយគណបក្សសង្គ្រោះជាតិទាំងមូល។
ក្រសួងមហាផ្ទៃ យល់ថា គណបក្សសង្គ្រោះជាតិ ក៏អាចជាប់ទាក់ទងនឹងអំពើក្បត់ជាតិ ដូចឯកឧត្តម កឹម សុខា ដែរ ទើបដាក់បណ្តឹងទៅកាន់តុលាការកំពូល ដើម្បីសុំឲ្យរំលាយចោល។ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២0១៧នេះ តុលាការកំពូល នឹងបើកសវនាការលើបណ្តឹងសុំឲ្យរំលាយគណបក្សសង្គ្រោះជាតិ៕
Tag:
កឹម សុខា
CNRP
តុលាការ
មេធាវី
© រក្សាសិទ្ធិដោយ thmeythmey.com