ជាតិ
សេដ្ឋកិច្ច
រដ្ឋាភិបាលសម្រេចបន្ថយ-ដំឡើង ពន្ធអាករលើមុខទំនិញមួយចំនួន
× ភ្នំពេញ៖ រដ្ឋាភិបាលបានចេញអនុក្រឹត្យមួយកែសម្រួលអត្រាពន្ធអាករចំពោះមុខទំនិញមួយចំនួន ដែលនឹងចាប់អនុវត្តពីថ្ងៃទី១ខែមករាឆ្នាំ២០១៨ ខាងមុខនេះ។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១៤ខែធ្នូ បានចេញសេចក្ដីជូនដំណឹងមួយដែលស្រង់យកការកែសម្រួលសំខាន់ៗក្នុងអនុក្រឹត្យនេះ។
បើតាមសេចក្ដីជូនដំណឹងខាងលើ រដ្ឋាភិបាលបានសម្រេចដំឡើងអត្រាអាករពិសេសពី ៦៥ភាគរយ ទៅ ៧០ភាគរយ សម្រាប់ប្រភេទរថយន្តគ្រួសារប្រើចំហេះឥន្ធនៈសុទ្ធ ដែលមានទំហំស៊ីឡាំងលើសពី ៣០០០ CC និងដំឡើងពី ០ ទៅ៥ភាគរយ ចំពោះស៊ីម៉ង់ត៍។
ព្រមគ្នានេះ រដ្ឋាភិបាលបានបញ្ចុះអាករពិសេសពី ៤៥ភាគរយ មក ២០ភាគរយ ចំពោះនាវាកម្សាន្ត និងពី ១០ភាគរយ មក ៥ភាគរយចំពោះទូរសព្ទ។
អត្រាពន្ធនាំចូល រដ្ឋាភិបាលក៏បានបញ្ចុះពី ១៥ភាគរយ មក ៧ភាគរយចំពោះសត្វរស់ ត្រី/សត្វរស់ក្នុងទឹក ទឹកដោះគោរាវនិងម្សៅទឹកដោះគោ និងម្សៅស្រូវសាលី។ ត្រូវបានបញ្ចុះពី ៣៥ភាគរយ មក ១៥ភាគរយចំពោះសាច់សត្វ សាច់ត្រី និងសាច់សត្វក្នុងទឹក និងពី ១៥ភាគរយ មក ០ភាគរយចំពោះឧបករណ៍មេកានិចបាញ់ព្រួស សម្រាប់កសិកម្ម។
ជាមួយគ្នានេះ រដ្ឋាភិបាលក៏បានដំឡើងអត្រាអាករនាំចេញលើមុខទំនិញ ខ្សាច់ ឈើ ថ្មម៉ាប និងថ្មក្រានីត៕
© រក្សាសិទ្ធិដោយ thmeythmey.com