ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្ដេច ហ៊ុន សែន លើកទឹកចិត្ត​សហភាព​អឺរ៉ុប បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​
15, Dec 2017 , 9:37 am        
រូបភាព
ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់​មិន​ព្រួយបារម្ភ​ចំពោះ​ការអំពាវនាវ​របស់​ក្រុម​សមាជិកសភា​នៃ​សហភាព​អឺរ៉ុប ដែល​ទាមទារ​​ឲ្យ​មានការ​រឹតបន្តឹង​ទិ​ដ្ឋា​ការ និង​ការ​បង្កក​ទ្រព្យសម្បត្តិ​ជា​លក្ខណៈ​ឯកជន​របស់​មន្ត្រី​កម្ពុជា​ឡើយ​។ សម្ដេច ហ៊ុន សែន ចាត់ទុក​ការអំពាវនាវ​នេះ គ្មាន​ឥទ្ធិពល​អ្វី​ដល់​រដ្ឋាភិបាល​សហភាព​អឺរ៉ុប ក្នុង​ការដាក់​សម្ពាធមក​លើ​រដ្ឋាភិបាល​កម្ពុជា​ទេ​។ ត្រង់ចំណុច​នេះ ប្រមុខ​រដ្ឋាភិបាលបាន​ពន្យល់ថា បើទោះជា​ក្រុមសមាជិក​​សភា​នៃ​សហភាព​អឺរ៉ុប​លើកឡើង​បែបណា​ក្តី ប៉ុន្តែ​ការសម្រេចចិត្ត​អនុវត្ត​អ្វីមួយ​មកលើ​កម្ពុជា​នោះ គឺ​អាស្រ័យ​លើ​រដ្ឋាភិបាល​សហភាព​អឺរ៉ុប​ប៉ុណ្ណោះ​។​


 
​បន្ថែម​ពី​ការលើកឡើង​នេះ សម្ដេច ហ៊ុន សែន ក៏បាន​ថ្លែងសម្តី​បែប​ផ្លែផ្កា លើកទឹកចិត្ត​ឲ្យ​សហភាព​អឺរ៉ុប​បង្កក​ទ្រព្យសម្បត្តិ​របស់​មន្ត្រីរ​ដ្ឋា​ភិ​បាល​ណា ដែល​យកប្រាក់​ទៅ​ផ្ញើទុក​ក្នុង​ធនាគា​អឺរ៉ុប​ផងដែរ​។ ប្រមុខ​រដ្ឋាភិបាល ក៏​មិន​ខ្វល់​ពី​រឿង​រឹតបន្តឹង​ទិ​ដ្ឋា​ការ​មន្ត្រី​កម្ពុជា​ផងដែរ​។ សម្ដេច​ថ្លែង​បែបនេះ ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​រាជរដ្ឋាភិបាល ជូន​កីឡាករ កីឡាការិនី ដែល​បានឈ្នះ​មេដាយមាស​ក្នុងការ​ប្រកួត Sea Games លើក​ទី​២៩ និង​ការប្រកួត​ជើងឯក​គ្រប់​កម្រិត​ជា​លក្ខណៈ​អន្តរជាតិ​។​
 
​ក្រុម​សមាជិកសភា​នៃ​សហភាព​អឺរ៉ុប​នេះ​បាន​អំពាវនាវ​ដល់ សេវាកម្ម​កិច្ចការ​ក្រៅប្រទេស​នៃ​សហភាព​អឺរ៉ុប (European External Action Services) ឲ្យ​រឹតបន្តឹង​ទិដ្ឋាការ និង​បង្កក​ទ្រព្យសម្បត្តិ​មន្ត្រី​របស់​កម្ពុជា​ដែល​ពាក់ព័ន្ធ​នឹង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​។ ការអំពាវនាវ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​សេចក្តីស្នើមួយនា​ថ្ងៃទី​១៣​ខែធ្នូ​កន្លងទៅ​៕

Tag:
 ហ៊ុន សែន​
 EU
© រក្សាសិទ្ធិដោយ thmeythmey.com