សិល្បះ
សិល្បៈអន្តរជាតិ
អន្តរជាតិ
បេ​ក្ខ​នារី​ដែល​សម្តែង​រហស្សកម្ម​គួរ​ឲ្យ​ខ្លាច ឈ្នះ​ពាន Asia’s Got Talent រដូវ​កាល​ទី​២
15, Dec 2017 , 10:17 am        
រូបភាព
ដោយ: ធីតា
​បេ​ក្ខ​នារី​ដែលមាន​រហស្សនាម​ថា «The Sacred Riana» (Riana ដ៏​ពិសិដ្ឋ​) បានទទួល​សំឡេងគាំទ្រ​តាមរយៈ​ការបោះឆ្នោត​អន​ឡាញ ដើម្បី​ក្លាយជា​ម្ចាស់​ពាន​កម្មវិធី Asia's Got Talent (​រដូវ​កាល​ទី​២) ដែល​ផ្សាយ​នៅលើ​កញ្ចក់​ទូរទស្សន៍ AXN Asia​។ បេ​ក្ខ​នារី​ឥណ្ឌូណេស៊ី​ដែលមាន​វ័យ​២៥​ឆ្នាំ​រូបនេះ គឺជា​អ្នក​សម្តែង​រហស្សកម្ម​ដ៏​គួរ​ឲ្យ​ខ្លាច ដោយ​នាង​តាំងខ្លួន​ជា​ខ្មោច​ងាកក ចុះឡើង​ជាមួយនឹង​ទឹកមុខ​មាំទាំ​។​



«The Sacred Riana» បានទទួល​ប្រាក់រង្វាន់​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក​ក្នុងនាម​ជា​ម្ចាស់​ពាន Asia’s Got Talent រដូវ​កាល​ទី​២ ដោយបាន​សំឡេងគាំទ្រ​លើស​ក្រុម​រាំ​ហ៊ី​ប​ហប់​ហ្វីលីពីន DM-X Comvaleñoz ។ យុវជន​ហ្វី​លី​ពី Neil Rey Garcia Llanes ដែល​យក​សំឡេង​ចេញពី​បំពង​ក​ធ្វើ​ភ្លេង (Beatboxer) បាន​លេខ​៣ ខណៈ​បេក្ខជន​ម៉ុង​ហ្គោ​លី Canion Shijirbat ដែល​សម្តែង​ក្បាច់​រាំ​ជាមួយ​បច្ចេកវិទ្យា​ឌីជីថល បាន​លេខ​៤​។ ជាមួយគ្នានេះ បេក្ខជន​ស៊ី​រី Sobhi Shaker ដែល​សម្តែង​រហស្សកម្ម​សន្លឹក​បៀ និង​ក្រុម​រាំ​ពត់​ខ្លួន ADEM Dance Crew ពី​កៀ​ហ្ស៊ី​ស​ស្ថាន បាន​ជាប់ បានទទួល​សំឡេងគាំទ្រ​បន្តបន្ទាប់​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។​

​កម្មវិធី Asia’s Got Talent រដូវ​កាល​ទី​២ បាន​បើក​ការប្រកួតប្រជែង​តាំងពី​ខែមេសា​មក ហើយ​ចាប់ផ្តើម​ចាក់ផ្សាយ​តាម​ទូរទស្សន៍ AXN Asia ពីថ្ងៃ​ទី​១២ ខែតុលា រហូតដល់​រកបាន​ម្ចាស់​ពាន​ផ្លូវការ​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០១៧​នេះ​។ បេក្ខជន​-​បេ​ក្ខ​នារី​ពី​ប្រទេស​ចំនួន​២៧​នៅ​អាស៊ី បាន​ចូលរួម​ប្រកួតប្រជែង ដែល​ក្នុងនោះ ការសម្តែង​សមត្ថភាព​មាន​ជាង​៧០ ។​

​កម្មវិធី​ស្វែងរក​អ្នកមាន​សមត្ថភាព ទេពកោសល្យ​ប្រចាំ​តំបន់​អាស៊ី​នេះ មាន​លោក David Foster ផលិតករ​ផ្នែក​តន្ត្រី​ដែល​ធ្លាប់​ឈ្នះ​រង្វាន់ Grammy Award ១៦​លើក តារាចម្រៀង​ឥណ្ឌូណេស៊ី Anggun ម្ចាស់​ពាន World Music Award និង​តារាចម្រៀង​ប៉ប់​អន្តរជាតិ Jay Park គឺជា​ចៅក្រម​ក្នុង​កម្មវិធី​។​

​បើទោះបីជា​ពិធីករ​លោក Alan Wong និង​លោក Justin Bratton បានប្រកាសថា «The Sacred Riana» ជា​ម្ចាស់​ពាន Asia’s Got Talent រដូវ​កាល​ទី​ពីរ​ក៏ដោយ តែ​នាង​រក្សា​ជំហរ​រឹងមាំ និង​មុខស្ងួត ដូចជា​អំឡុងពេល​បញ្ចេញ​សមត្ថភាព​ដដែល​។​

​សមត្ថភាព​សម្តែង​រប​ស់​នាង Riana មានការ​ទាក់ទាញ​ចិត្ត​អ្នកគាំទ្រ​យ៉ាងខ្លាំង ពីព្រោះ​ពួកគេ​មិនដែល​បានឃើញ​បែបនេះ​ទេ​ពីមុនមក​។ កាសែត The Straits Times បាន​ព្យាយាម​សាកសួរ​នាង ប៉ុន្តែ​មិន​ឆ្លើយ​តបត​ឡើយ ដោយ​នាង​ចង់​រក្សា​ភាព​ស្ងៀ​ត​ស្ងាត់ និង​គួរ​ឲ្យ​ខ្លា​ចនេះ​បន្តទៀត​។ ទោះបីជា​យ៉ាងណាក៏ដោយ គេ​ក៏​ធ្លាប់​បានឃើញ​នាង Riana ញញឹម និង​និយាយ​ធម្មតា ក្នុង​បទ​សម្ភាស​តាម​ទូរទស្សន៍​កន្លងមក​ផងដែរ​។​

​សូម​ទស្សនា​ការសម្តែង​សមត្ថភាព​កន្លងមករ​បស់ «The Sacred Riana»៖
​វគ្គ Judges’ Audition



​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​



​វគ្គ Grand Final



​សម្តែង​មុនពេល​ប្រកាស​លទ្ធផល​៖



The Sacred Riana ក្លាយជា​ម្ចាស់​ពាន AGT៖



Tag:
 Asia’s Got Talent
  The Sacred Riana
© រក្សាសិទ្ធិដោយ thmeythmey.com