អត្ថបទពាណិជ្ជកម្ម
ការទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​កំពុង​កើន​ប្រជាប្រិយភាព​នៅ​ប្រទេស​កម្ពុជា​
15, Dec 2017 , 4:20 pm        
រូបភាព
​ពាក្យ​ថា​បច្ចេកវិទ្យា​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ កំពុងមាន​ប្រជាប្រិយភាព​កាន់តែខ្លាំង នាពេល​សព្វថ្ងៃនេះ​។ នៅពេល​គេ​ទូទាត់​ថ្លៃទំនិញ ឬ សេវាកម្ម​ណាមួយ ដោយ​មិន​ប្រើ​ក្រដាសប្រាក់ មិន​ថា​ទូទាត់​តាម​ប័ណ្ណឥណទាន តាម​ការផ្ទេរ​ប្រាក់​តាម​អន​ឡាញ ឬ​តាម​កម្មវិធី​ទូទាត់​ក្នុង​ទូរ​សព្ទ​ចល័ត​នោះទេ ទាំងនេះ​សុទ្ធតែ អាច​ហៅថា​ជាការ​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​។​

​ប្រទេស​នានា​ក្នុង​តំបន់​អាស៊ី គឺ​កំពុងតែ​ចាប់យក​បច្ចេកវិទ្យា​នេះ​យ៉ាង​លឿន ហើយ​ប្រទេស​កម្ពុជា ក៏​កំពុង​នាំមុខគេ​ក្នុងចំណោម​ប្រទេស​មួយចំនួន​សម្រាប់​សេវា​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នេះដែរ​។​
​ក្នុង​ទីក្រុង​ភ្នំពេញ ទូរ​សព្ទ​ដៃ គឺ​កំពុង​បង្ហាញ​កាន់តែច្បាស់​ថា គេ​អាច​ប្រើ​វា​បាន​លើសពី​ការហៅ​ទូរ​សព្ទ ឬ​ផ្ញើ​សារ​ទៅទៀត​។​

​មិន​ថា​ប្រើ​សម្រាប់​ហៅ​ម៉ូតូ​កង់​បី ឬ​តាក់ស៊ី ឬក៏​កុម្មង់​អាហារ ឬ​បង់ថ្លៃ​វិក្កយបត្រ​អគ្គិសនី​នោះទេ ទាំងអស់នេះ​សុទ្ធតែ​អាចធ្វើ​ទៅបាន នៅក្នុង​ទីក្រុង​នាពេល​បច្ចុប្បន្ន តាមរយៈ​ទូរ​សព្ទ​ដៃ​ទំនើប​។​

​កម្មវិធី​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាស់ប្រាក់ ដែល​ត្រូវបាន​បង្កើតឡើង​នៅក្នុង​ស្រុក ឈ្មោះ ផាយ ផេ ទទួលបាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុងអំឡុង​រយៈពេល ៥​ខែ​កន្លងទៅនេះ ដោយមាន​មនុស្ស​ចំនួន​ជាង ១​សែន​នាក់​ហើយ​ដែល​ប្រើប្រាស់​កម្មវិធី​នេះ សម្រាប់​បង់ថ្លៃ​ទំនិញ និង​សេវាកម្ម​នានា​។​



​អ្នកប្រើប្រាស់ ផាយ ផេ ម្នាក់​ដែលជា​និស្សិត​សាកលវិទ្យាល័យ​PPIU បាន​និយាយថា​៖ “​បច្ចេកវិទ្យា​នេះ​ជា​បច្ចេកវិទ្យា​ថ្មី ដែល​ផ្តល់​ភាពងាយស្រួល ក្នុងការ​ទូទាត់​ការចំណាយ ដោយ​យើង​ឃើញថា វា​ចំណេញ​ពេលវេលា មិនចាំបាច់​រង់ចាំ​លុយ​អាប់ ហើយ​វា​ផ្តល់​ការបញ្ចុះ​តម្លៃ​ច្រើន សម្រាប់​ផលិតផល​នានា​”​។

​ពាណិជ្ជករ​ទាំងអស់ ពិតជា​រីករាយ​ជាមួយនឹង​អត្ថប្រយោជន៍​សម្រាប់​អាជីវកម្ម​របស់​ពួកគេ តាមរយៈ​សេវា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នេះ​។​

​លោក កួច សុខលី នាយក​ប្រតិបត្តិ ក្រុមហ៊ុន ស៊ី ប៊ី អឹម បាន​មានប្រសាសន៍ថា​៖ “​ឧទាហរណ៍​ដូចជា យើង​ចាប់ផ្តើម ទទួលយក E-Payment (​ការទូទាត់​អេ​ឡិ​ក​ត្រូ​និក​) ពី​ផាយ ផេ យើង​អាច​កាត់បន្ថយ​នៅ​លំហូរ​សាច់ប្រាក់ សម្រាប់​ក្រុមហ៊ុន ដោយមាន​ភាពងាយស្រួល​សម្រាប់​ក្រុមការងារ​យើង នៅក្នុង​ការបញ្ជូន​សាច់​ប្រាក់​ទៅ​ធនាគារ​”​។​

​ចំណែកឯ​លោក ព្រំ បញ្ញា​វ័​ន្ត តំណាង​ផ្នែក​ទីផ្សារ​រោងភាពយន្ត Legend ក៏មាន​ការពេញចិត្ត​នឹង​សេវាកម្ម​ទូទាត់​ប្រាក់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នេះដែរ ហើយ​លោក​បាន​ឲ្យ​ដឹងថា​៖ "​ក្រុមហ៊ុន ផាយ ផេ ពិតជា​ដំណើរការ​បានល្អ ។ យើង​សង្កេតឃើញ និង​អាច​និយាយបានថា នេះ​ជា​សេវា​ទូទាត់​ឥត​ប្រើ​ក្រដាស់ប្រាក់​ដំបូង​គេ​នៅ​ស្រុក​ខ្មែរ និង​ដែល​ទទួលបាន​អតិថិជន​ប្រើប្រាស់​ច្រើនជាងគេ​។ ជាក់ស្តែង​ដូច​នៅ​រោងភាពយន្ត Legend របស់​យើង​ផ្ទាល់​យើង​សង្កេតឃើញថា អតិថិជន​របស់​យើង​មួយចំនួនធំ ក៏បាន​ចាប់ផ្តើម​សេវាកម្ម​របស់ ផាយ ផេ​នេះដែរ​”​។​

​ដោយសារ​ប្រជាជន​កម្ពុជា​ជាច្រើន មិនមាន​គណនី​ធនាគារ ហើយ បណ្តាញ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ មិនទាន់​ទៅដល់​តំបន់​ដែល​នៅ​ឆ្ងាយ​ពី​ទីក្រុង​នៅឡើយ ដូច្នេះ​សេវា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់ ផ្ដល់នូវ​សក្ដានុពល​ធំធេង សម្រាប់​បរិ​យាប​ន្ន​ហិរញ្ញវត្ថុ​នៃ​សហគមន៍​ជនបទ​។​

​ផ្អែកលើ​ប្រជាប្រិយភាព​នៃ​បច្ចេកវិទ្យា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាស់ប្រាក់​នាពេល​បច្ចុប្បន្ន​នេះ គេ​ប្រហែល​អាច​ធានាបាន​ថា សេវា​ទូទាត់​ដោយ​មិន​ប្រើ​ក្រដាសប្រាក់​នឹង​ទទួលបាន​ភាព​ភាពជោគជ័យ ៕


Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com