កីឡាអន្តរជាតិ
អន្តរជាតិ
Mourinho ពិចារណា​លក់ Mkhitaryan ដើម្បី​យក Ozil មក Old Trafford
15, Dec 2017 , 10:59 pm        
រូបភាព
​ក្រុម​បិសាច​ក្រហម Manchester United នៅតែ​រក្សា​ចិត្ត​ចង់បាន Mesut Ozil មក​ចូលរួម​ក្រុម បើសិនជា​រូបគេ​ចាក​ចេញពី Arsenal ក្នុង​ខែមករា​ខាងមុខនេះ​។ តែ​យ៉ាងណា ដើម្បី​នាំយក​អតីត​ខ្សែបម្រើ Real Madrid រូបនេះ លោក Jose Mourinho ត្រូវ​ពិចារណា​ចែកផ្លូវ​គ្នា​ពី Henrikh Mkhitaryan ដែរ​។​



​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​ព័រ​ទុយ​ហ្គា​ល់ វ័យ​៥៤​ឆ្នាំ អាច​នឹងត្រូវ​សម្រេចចិត្ត​លក់ Mkhitaryan នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នៅ​ខែមករា ឆ្នាំ​២០១៨ ដើម្បី​បាន​ប្រាក់ យកទៅ​ចែចូវ​ខ្សែបម្រើ​សញ្ជាតិ​អាល្លឺម៉ង់ Ozil មុន​រូបគេ​ផុត​កិច្ចសន្យា​ជាមួយ Arsenal នៅ​ចុងបញ្ចប់​រដូវ​កាល​នេះ​។​

Mkhitaryan ខ្សែបម្រើ​សញ្ជាតិ​អា​មេ​នី មិន​ស្ថិតក្នុង​ជម្រើស​១១​នាក់​ដំបូង​របស់​អ្នកចាត់ការ​រហស្សនាម The Special One ចាប់តាំងពី​ដើមរដូវ​កាល​២០១៧-២០១៨ នេះ​មក​ម្លេះ​។ ត្រង់ចំនុច​នេះ Mourinho បាន​ពន្យល់ថា​៖«​ខ្ញុំ​មាន​ខ្សែការពារ​២​នាក់​ដែល​អាច​លេង​ក្នុង​តំបន់​ផ្សេងគ្នា ដូចជា Ashley Young លេង​បាន​នៅ​តំបន់​ស្លាប​ទាំង​លើ និង​ក្រោម​។ Ander Herrera លេង​នៅ​តំបន់​កណ្តាល ហើយ Zlatan Ibrahimovic ជា​ខ្សែប្រយុទ្ធ រួមទាំង Marcus Rashford ដើរតួរ​ជា​ខ្សែប្រយុទ្ធ​ផង និង​បម្រើ​ស្លាប​ផង​»​។​

​ការលើកឡើង​របស់​អតីត​អ្នកចាត់ការ Chelsea នេះ មានន័យថា បើ​គ្មាន​វត្តមាន Mkhitaryan ក៏មាន​កីឡាករ​ដ៏​ទៃ​ដែល​អាច​លេង​ជំនួស​គេ​បានដែរ រួមទាំង Juan Mata និង Jesse Lingard សម្រាប់​តំណែង​នេះ​។​



​ចំណែក Mesut Ozil វិញ​ក៏បាន​បង្ហាញ​អារម្មណ៍​ចង់​ផ្លាស់​មកកាន់​ទឹកដី Old Trafford ដែរ បើសិនជា​រូបគេ​ចាក​ចេញពី​កាំភ្លើង​ធំ​។​

​ខ្សែបម្រើ​វ័យ​២៩​ឆ្នាំ​រូបនេះ ត្រូវបាន​លោក Arsene Wenger បញ្ចុះបញ្ចូល​ឲ្យ​បន្ត​កិ​ច្ចស​ន្សា ដោយ​ហ៊ាន​ផ្តល់ប្រាក់​ឈ្នួល​ក្នុង​មួយ​សប្តាហ៍ ២៣៥០០០​ផោន ប្រហែល​ជាង ៣១​ម៉ឺន​ដុល្លារ ។ ប៉ុន្តែ Mesut Ozil ទារ​តម្លៃ ៣០​ម៉ឺន​ផោន ប្រហែល​ជាង​៤០​ម៉ឺន​ដុល្លារ​ក្នុង​១​សប្តាហ៍​ឯណោះ​។​

​ថ្លៃ​ពលកម្ម​ដ៏​ច្រើន​នេះ មិនដឹងថា​អ្នកចាត់ការ​សញ្ជាតិ​បារាំង និង​ក្លិប​ហ៊ាន​ផ្តល់ជូន​រូបគេ​ឬក៏​អត់​នោះទេ ស្រប​ពេលដែល Manchester United កំពុង​តាម​ប្រមាញ់​យ៉ាង​ប្រគៀក​ប្រកិត​ដែរ​។



​ប្រសិនបើ Ozil ទៅ​ចូលរួម​ជាមួយ​ក្រុម​ម្ចាស់​ជើងឯក Premier League ២០​សម័យ​មែន មានន័យថា​រូបគេ​នឹងធ្វើ​ការ​ជាមួយ Mourinho ម្តងទៀត ក្រោយពី​អ្នក​ទាំង​២​ធ្លាប់​ធ្វើការ​ជាមួយគ្នា​រយៈពេល​៣​ឆ្នាំ​នៅ Real Madrid៕


Tag:
 បាល់ទាត់​
  Manchester United
  Mesut Ozil
  Henrikh Mkhitaryan
  Jose Mourinho
© រក្សាសិទ្ធិដោយ thmeythmey.com