ជាតិ
ធាតុអាកាសត្រជាក់ខ្លាំងបន្តដល់ថ្ងៃទី២២ ខែធ្នូ ខណៈតំបន់ភ្នំដងរែកត្រជាក់ដល់១៣អង្សាសេ
× ពីថ្ងៃនេះ ដល់ថ្ងៃទី២២ ខែធ្នូ អាកាសធាតុនៅតំបន់ជួរភ្នំដងរែក នឹងចុះត្រជាក់យ៉ាងគំហុក គឺស្ថិតក្នុងរង្វង់១៣អង្សា។ នេះបើតាមការព្យាកររបស់ក្រសួងធនធានទឹក ដែលបានបញ្ជាក់ទៀតថា ខេត្ត៦ទៀត គឺស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពនឹងធ្លាក់ចុះដល់រង្វង់១៥អង្សា។
យោងតាមការព្យាករអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែធ្នូ សីតុណ្ហភាពអប្បបរមា ធ្លាក់ចុះយ៉ាងគំហុក ក្នុងនោះសីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់ ១៣អង្សា នៅតំបន់ជួរភ្នំដងរែក។
តាមការព្យាករដដែល ខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ និងខេត្តប៉ៃលិន សីតុណ្ហភាពអប្បបរមា នឹងថយចុះមកនៅក្នុងរង្វង់១៥ អង្សា ពីថ្ងៃទី១៨ ដល់ទី២២ ខែធ្នូ ខណៈខេត្តពោធិ៍សាត់ បាត់ដំបង សៀមរាប បន្ទាយមានជ័យ និងខេត្តកោះកុង នឹងមានសីតុណ្ហភាពអប្បបរមាពី ១៧-១៨ អង្សា។ ក្រៅពីនេះ បណ្តាខេត្តផ្សេងទៀត មានសីតុណ្ហភាពអប្បបរមាពី ១៩ -២០អង្សា លើកលែងតែខេត្តកែប កំពត និងខេត្តព្រះសីហនុដែលមិនសូវចុះត្រជាក់ខ្លាំង។
ផ្អែកតាមការព្យាករនេះ ក្រសួងជំនាញអំពាវនាវឲ្យក្រសួង ស្ថាប័ន អាជ្ញាធរដែនដីដែលពាក់ព័ន្ធ និងសាធារណជន ប្រុងប្រយ័ត្ន ពិសេសកងទ័ពដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនតំបន់ជួរភ្នំដងរែក៕
© រក្សាសិទ្ធិដោយ thmeythmey.com