កីឡាជាតិ
ជាតិ
ចាន់ វឌ្ឍនាកា ជា​កីឡាករ​កម្ពុ​ជាទី​៣​ដែល​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​លី​ក​កំពូល​ម៉ាឡេស៊ី​
16, Dec 2017 , 12:54 pm        
រូបភាព
កីឡាករ ចាន់ វឌ្ឍនាកា ពេលជួយបឹងកេតតទល់ជាមួយក្រុមវៀតណាមក្នុងពានរង្វាន់ Toyota Mekong Club នៅពហុកីឡដ្ឋានជាតិ
កីឡាករ ចាន់ វឌ្ឍនាកា ពេលជួយបឹងកេតតទល់ជាមួយក្រុមវៀតណាមក្នុងពានរង្វាន់ Toyota Mekong Club នៅពហុកីឡដ្ឋានជាតិ
ដោយ:
​ក្រោយ​ចប់​កិច្ចសន្យាខ្ចី​ជើង​១​រដូវ​កាល​ជាមួយ​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន​ខ្សែប្រយុទ្ធ​ឆ្នើម​របស់​កម្ពុជា​កីឡាករ ចាន់ វឌ្ឍនាកា បាន​ចុះកិច្ចសន្យា​លេង​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​ក​កំពូល​ម៉ាឡេស៊ី Pahang FA រដូវ​កាល​ឆ្នាំ​២០១៨-២០១៩​។ វឌ្ឍនាកា ជា​កីឡាករ​កម្ពុ​ជាទី​៣​ដែល​ទៅ​ឲ្យ​ក្លិប​ក្របខណ្ឌ​លី​ក​កំពូល​ម៉ាឡេស៊ី​បន្ទាប់ពី ធា​រី ចន្ថា​ប៊ី​ន និង​កីឡាករ កែវ សុខ​ផេង​។​



​នៅក្នុង​ឆ្នាំ​២០១៨-២០១៩ ខាងមុខ ចាន់ វឌ្ឍនាកា នឹងត្រូវ​ប្រកួត​ទល់នឹង ធា​រី ចន្ថា​ប៊ី​ន និង កែវ សុខ​ផេង នៅក្នុង​ក្របខណ្ឌ​លី​ក​កំពូល​ម៉ាឡេស៊ី​។ កីឡាករ​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​រូបនេះ ទើបតែ​បាន​ចុះកិច្ចសន្យា​ជាមួយ​ក្លិប Pahang FA របស់​ម៉ាឡេស៊ី បន្ទាប់ពី​កីឡាករ ធា​រី ចន្ថា​ប៊ី​ន បាន​ចុះកិច្ចសន្យា​១​ឆ្នាំ​ជាមួយ Terengganu F.C.I និង​កីឡាករ កែវ សុខ​ផេង បាន​ព្រមព្រៀង​លេង​ឲ្យ​ក្លិប PKNP FC ១​រដូវ​កាល​ដូចគ្នា​។​



​ការព្រមព្រៀង​របស់​វ​ឌ្ឍ​នា​ការ ជាមួយ​ក្លិប​Pahang FA បានបង្ហាញ​កាន់តែច្រើន​នូវ​ប្រជាប្រិយភាព​របស់​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​នៅ​ថ្នាក់​អន្តរជាតិ​។ នា​ឆ្នាំមុន វឌ្ឍនាកា ត្រូវបាន​ក្លិប​ក្របខណ្ឌ​លី​ក​លំដាប់​ទី​៣​របស់​ជប៉ុន Fujieda MYFC ខ្ចី​ជើង​ទៅលេង​១​រដូវ​កាល​ឆ្នាំ​២០១៧-២០១៨​។​
 
​ចាន់ វឌ្ឍនាកា អាយុ​២៣​ឆ្នាំមាន​ស្រុកកំណើត​នៅ​ខេត្តកំពត បាន​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់​នៅ​ឆ្នាំ​២០១១ ដោយ​ធ្វើជា​កីឡាករ​យុវជន​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​ពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១២ ពេលនោះ​រូបគេ​ក៏​ជា​សមាជិក​ម្នាក់​នៃ​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម​១៩​ឆ្នាំ​ផងដែរ​។ ក្រោយ​ធ្វើជា​យុវជន​របស់​ព្រះខ័ន​រាជ​បាន​១​ឆ្នាំ វឌ្ឍនាកា បាន​ផ្លាស់​ទៅ​រួមរស់​ជាមួយ​ក្លិប​ចំការកៅស៊ូ​បឹងកេត​នៅ​ឆ្នាំ​២០១២​។​


 
​វឌ្ឍនាកា បាន​ចំណាយពេល​៥​រដូវ​កាល​ជាមួយ​ក្លិប​បឹងកេត​ដោយបាន​ជួយ​ឲ្យ​ក្លិប​នេះ​ឈ្នះ​ពាន​ក្របខណ្ឌ​មិត្ត​ខេ​ម​បូ​ឌា​ន​លី​ក​ឆ្នាំ​២០១៦ និង​ឈ្នះ​ជើងឯក​រង​ពានរង្វាន់ Toyota Mekong Club Championship ឆ្នាំ​២០១៥​។ វឌ្ឍនាកា ដែល​ឈ្នះ​ពាន​ស្បែកជើង​មាស​ពានរង្វាន់​ក្របខណ្ឌ​លី​ក និង​ពានរង្វាន់​សម្តេច ហ៊ុន សែន ផងដែរ​នោះ បានបង្ហាញ​សមត្ថភាព​ដ៏​អស្ចារ្យ​ក្នុង​ក្រុម​ជម្រើស​ស​ជាតិ​ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជនជាតិ​កូរ៉េខាងត្បូង Lee Tae Hoon៕







Tag:
 បាល់ទាត់​
  ចាន់ វឌ្ឍនាកា​
  Pahang FA
© រក្សាសិទ្ធិដោយ thmeythmey.com