អន្តរជាតិ
រដ្ឋាភិបាល ស៊ូ​ជី ទទួលស្គាល់ថា​សេដ្ឋកិច្ចជាតិ មិនសូវ​លូតលាស់​ដូច​ការរំពឹងទុក​ឡើយ
16, Dec 2017 , 8:39 pm        
រូបភាព
ដោយ:
​រដ្ឋាភិបាល​ក្រុង​ណៃ​ពិដោរ បាន​ទទួលស្គាល់ថា សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា មិនសូវមាន​ការរីក​លូតលាស់​ល្អ​ដូច​ការរំពឹងទុក​ឡើយ ខណៈ​របាយការណ៍​ស្ទាបស្ទង់​របស់​អ្នកជំនាញ អះអាងថា ដោយសារតែ​ភាពទន់ខ្សោយ និង​កង្វះខាត​នៃ​ការអនុវត្ត​គោលនយោបាយ​សេដ្ឋកិច្ច​ច្បាស់លាស់​របស់​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី ។



​រដ្ឋមន្ត្រី​ផែនការ និង​ហិរញ្ញវត្ថុ​មី​យ៉ាន់​ម៉ា លោក Kyaw Win នៅ​ថ្ងៃ​១៣ ធ្នូ បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្តីពី​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​នៅក្នុង​ក្រុង​ណៃ​ពិដោរ​យ៉ាង​ដូច្នេះ​ថា​៖« មានការ​ផ្តល់យោបល់​មួយចំនួន បញ្ជាក់ថា សេដ្ឋកិច្ច​របស់​ប្រទេស មិនសូវមាន​លក្ខណៈ​ល្អប្រសើរ ដូច​អ្វីដែល​រដ្ឋាភិបាល​បាន​រំពឹង​ឡើយ ។ ... យើង ត្រូវតែទទួលស្គាល់ ថា​នេះ​គឺជា​ការពិត​»​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន​មី​យ៉ាន់​ម៉ា The Irrawaddy ។

​ការអះអាង​ទទួលស្គាល់​ពី​ការដើរ​យឺត​នៃ​សេដ្ឋកិច្ចជាតិ​របស់​មន្ត្រី​ជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​លោកស្រី អ៊ុង​សាន ស៊ូ​ជី បាន​ដើរ​បញ្ច្រាស​ទៅនឹង​ការលើកឡើង​របស់លោក ក្នុង​វេទិកា​សេដ្ឋកិច្ច​ជាមួយនឹង​អ្នកវិនិយោគ​កាលពី​ខែមិថុនា​កន្លងទៅ ។

​នាពេលនោះ លោក​រដ្ឋមន្ត្រី​បាន​អះអាងថា​៖« សេដ្ឋកិច្ច​មី​យ៉ាន់​ម៉ា ប្រៀប​ដូច​ទៅនឹង​យន្តហោះ​ដែល​កំពុងតែ​នៅលើ​ផ្លូវ ត្រៀម​ហោះ​ចេញ​យ៉ាង​ដូច្នេះ​ឯង ហើយ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា នឹង​បន្ត​លូតលាស់ ដូចនឹង​ពេលដែល​យន្តហោះ បាន​រត់​ផុតពី​ផ្លូវ​ជាប់​ដី​របស់ខ្លួន​»​។ តែ​ការពិត​មិន​ដូច​ការរំពឹង​របស់លោក​ឡើយ ។

​បើតាម​កាសែត​មី​យ៉ាន់​ម៉ា​ដដែល​នោះ ការអះអាង​របស់លោក​រដ្ឋមន្ត្រី ធ្វើឡើង​ក្រោយពី​មានការ​ចេញផ្សាយ​របាយ​ការណ៍​ស្ទាបស្ទង់​មួយ​របស់​របស់​ក្រុមហ៊ុន​ប្រឹក្សា​អាល្លឺម៉ង់ និង​សភាពាណិជ្ជកម្ម​និង​ឧស្សាហកម្ម​មី​យ៉ាន់​ម៉ា ដោយបាន​បញ្ជាក់ថា ទំនុកចិត្ត​នៃ​ការធ្វើ​ធុរកិច្ច​នៅ​មី​យ៉ាន់​ម៉ា​មានការ​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ។

​របាយការណ៍​ដដែល​នោះ ក៏បាន​បញ្ជាក់បន្ថែម​ដែរ​ថា ហេតុផល​សំខាន់​នៃ​ការធ្លាក់ចុះ​នៃ​ទំនុកចិត្ត​ក្នុង​ការធ្វើ​ធុរកិច្ច​នៅ​មី​យ៉ាន់​ម៉ា ក៏​ដោយសារតែ​ភាពមិនប្រាកដប្រជា​នៃ​គោលនយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល និង​មួយផ្នែក​ទៀត ការរាំងស្ទះ​ក្នុងការ​គ្រប់គ្រង​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​នៃ​បក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែលមាន​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ជា​ប្រមុខ ៕


© រក្សាសិទ្ធិដោយ thmeythmey.com