ជាតិ
ក្រសួងវប្បធម៌នឹងរៀបចំពិព័រណ៌គ្រឿងអលង្ការសម័យបុរាណនៅសារមន្ទីរជាតិ
× សៀមរាប៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំពិព័រណ៌គ្រឿងអលង្ការនាសម័យបុរាណ ដើម្បីតាំងបង្ហាញដល់សាធារណជនទស្សនា។ ពិព័រណ៍នេះគ្រោងរៀបចំនៅដើមខែ មករា ឆ្នាំ២០១៨ នាសារមន្ទីរជាតិ។
តាមការបង្ហើបឱ្យដឹងពីលោក គង់ វីរៈ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ ពិព័រណ៍គ្រឿងអលង្ការនេះ នឹងប្រមូលផ្តុំដោយអលង្ការចម្រុះ មានទាំងអលង្ការធ្វើពីមាស ប្រាក់ និងលោកហៈធាតុជាដើម។ ពិព័រណ៍នេះ មានបំណងដើម្បីតាំងបង្ហាញសម្ភារគ្រឿងអលង្ការ ពីសម័យបុរាណ ជូនសាធារណជនបានទស្សនា។
លោក គង់ វីរៈ បញ្ជាក់ទៅកាន់អ្នកសារព័តមាន នៅអាជ្ញាធរជាតិអប្សរា នាថ្ងៃទី១២ ខែធ្នូ ពេលទទួលគ្រឿងអលង្ការ យ៉ាងដូច្នេះថា៖« តាមពិតទៅ ពិព័រណ៍នេះមានបំណង បង្ហាញអលង្ការ ដែលបំពាក់ឱ្យចម្លាក់ ដែលយើងទើបទទួលបានពីអង់គ្លេស តែយើងមិនអាចតាំងតែមួយមុខបានទេទេ យើងត្រូវប្រមូលអលង្ការផ្សេងទៀត មកតាំងបង្ហាញជាមួយគ្នា»។
តាមលោក គង់ វីរៈ ដដែល គ្រឿងអលង្ការក្នុងពិព័រណ៍ ដែលគ្រោងធ្វើនៅថ្ងៃទី៤ ខែមករា គឺសុទ្ធសឹងគ្រឿងអលង្ការដែលមានក្នុងសារមន្ទីរ ក្នុងនោះមាន ពិនផ្នូងសក់ ចិញ្ជៀន ក្រវិល ជាដើម ដែលមានអាយុកាលតាំងពីសម័យបុរេប្រវត្តិ រហូតដល់សម័យអង្គរ។
យ៉ាងណាក៏ដោយ ប្រធាននាយកដ្ឋានសារមន្ទីរ មិនទាន់អាចបញ្ជាក់ពីចំនួនគ្រឿងអលង្ការ ដែលគ្រោងតាំងពិព័រណ៍នេះបាននៅឡើយ ព្រោះស្ថិតក្នុងការសិក្សានៅឡើយ។ តាមគម្រោងរបស់ក្រសួងវប្បធម៌ ពិព័រណ៍មានរយៈពេល ៣ខែ ចាប់ពីខែមករា តទៅ៕
© រក្សាសិទ្ធិដោយ thmeythmey.com