អន្តរជាតិ
សិង្ហបុរី អនុញ្ញាតឲ្យពលរដ្ឋខ្លួនប្រើរូបថត «Selfie» ដើម្បីស្នើធ្វើលិខិតឆ្លងដែនថ្មី រូបភាព៖ SITF
× រដ្ឋាភិបាលសិង្ហបុរី បានអះអាងថា សិង្ហបុរី គឺជាប្រទេសឆ្លាត (Smart Nation) ឬប្រទេស ដែលគ្របដណ្តប់ដោយបច្ចេកវិទ្យាទំនើបក្នុងការបំពេញសកម្មភាពរស់នៅប្រចាំថ្ងៃរួចទៅហើយ ។ នេះសំដៅលើការប្រតិបត្តិការការងារផ្សេងៗដោយពុំចាំបាច់ទៅដល់កន្លែងប្រតិបត្តិការដោយផ្ទាល់ពោលគឺការងារទាំងនោះ គ្រាន់តែធ្វើតាមរយៈឧបករណ៍បច្ចេកវិទ្យាដែលប្រជាជនមាននឹងដៃ។
រដ្ឋមន្ត្រីទទួលបន្ទុកភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរី Janil Puthucheary បានលើកឡើងថា ប្រជាជនមួយចំនួនមិនបានដឹងថា សិង្ហបុរី គឺជាប្រទេសប្រើប្រាស់បច្ចេកវិទ្យាទំនើប (Smart Nation) នៅឡើយនោះទេ បើទោះបីជា ការធ្វើប្រតិបត្តិការប្រចាំថ្ងៃរបស់ពួកគេ បានធ្វើតាមរយៈមធ្យោបាយបច្ចេកវិទ្យាហើយក៏ដោយចុះ ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia នៅថ្ងៃ១១ ធ្នូ ។
លោករដ្ឋមន្ត្រី ហ៊ានអះអាងថា សិង្ហបុរី គឺជាប្រទេសឆ្លាត (Smart Nation) បែបនេះ ដោយសម្អាងលើការដាក់អនុវត្តជាក់ស្តែងកន្លងមក រួមមានទាំងការប្រតិបត្តិការបណ្ណាល័យជាតិតាមរយៈអនឡាញ ។ ប្រជាជនអាចមើល ខ្ចី និងយោងសៀវភៅណាមួយរបស់បណ្ណាល័យ នៅពេលពួកគេស្នាក់នៅផ្ទះ ដោយគ្រាន់តែតាមរយៈឧបករណ៍ចល័តរបស់ពួកគេប៉ុណ្ណោះ ។
E-payment ដែលជាមធ្យោបាយប្រតិបត្តិការប្រាក់តាមអនឡាញដែលមានគោលដៅកាត់បន្ថយការប្រើប្រាស់សាច់ប្រាក់ និងផ្តល់ភាពងាយស្រួល និងសុវត្ថិភាពដល់ពលរដ្ឋនោះ ក៏ស្ថិតនៅក្នុងចំណោមឧទាហរណ៍ ដែលលោករដ្ឋមន្ត្រី លើកឡើងដើម្បីបញ្ជាក់ថា សិង្ហបុរី បានក្លាយជារដ្ឋពោរពេញដោយបច្ចេកវិទ្យាផងដែរ ។ នេះបើយោងតាមប្រភពព័ត៌មានដដែល ។
អ្វីដែលគួរកត់សម្គាល់នោះ លោករដ្ឋមន្ត្រី ក៏បានឲ្យដឹងពីការផ្តល់ភាពងាយស្រួល និងមធ្យោបាយថ្មី ដែលស្ថាប័នធ្វើលិខិតឆ្លងដែនសិង្ហបុរី បានដាក់អនុវត្តសម្រាប់ការស្នើធ្វើលិខិតឆ្លងដែនតាមប្រព័ន្ធអេឡិចត្រូនិកអនឡាញផងដែរ ។ លោក បញ្ជាក់យ៉ាងដូច្នេះថា៖«ពលរដ្ឋសិង្ហបុរីក៏អាចស្នើធ្វើលិខិតឆ្លងដែនថ្មី តាមរយៈការថតរូប Selfie ផងដែរ»។
គួរជម្រាបផងដែរ Smart Nation គឺជាគំនិតផ្តួចផ្តើមមួយរបស់រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី លី សៀនឡុង ដែលមានមហិច្ឆតា កែប្រែសិង្ហបុរី ឲ្យក្លាយជាប្រទេសមួយទំនើប និងពោរពេញទៅដោយបច្ចេកវិទ្យាក្នុងការប្រតិបត្តិការនានាក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាជនខ្លួន ៕
© រក្សាសិទ្ធិដោយ thmeythmey.com