ជាតិ
ព័ត៍មានសុខភាព
មូលនិធិ​សកល ផ្តល់ជំនួយ​ជាង​៥៥​លាន​ដុល្លារ ចូលរួម​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​របេង នៅ​កម្ពុជា​
16, Dec 2017 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៥៥.៤​លាន​ដុល្លារ ត្រូវបាន​មូលនិធិ​សកល  សម្រេច​ផ្តល់​មក​ឲ្យ​កម្ពុជា សម្រាប់​អនុវត្ត​«​កម្មវិធី​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ និង​របេង​នៅ​កម្ពុជា​» ចាប់ពី​ឆ្នា​២០១៨ ដល់​ឆ្នាំ​២០២០ ។ តាម​ក្រសួង​សេដ្ឋកិច្ច ក្រសួងសុខាភិបាល​ជា​អ្នកទទួលខុសត្រូវ​អនុវត្ត​កម្មវិធី​នេះ ក្នុងនោះ ថវិកា​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ មាន​ចំនួន​៤១​លាន​ដុល្លារ និង​ថវិកា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺរបេង មាន​ចំនួន​សរុប​ប្រមាណ ១៣ លាន​ដុល្លារ​។



​មូលនិធិ​សកល  បានសម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​៥៥.៤​លាន​ដុល្លារ ដល់​កម្ពុជា សម្រាប់​អនុវត្ត​«​កម្មវិធី​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ និង​របេង​នៅ​កម្ពុជា​» ចាប់ពី​ឆ្នា​២០១៨ ដល់​ឆ្នាំ​២០២០​។ ពិធី​ចុះហត្ថលេខា លើ​កិច្ចព្រមព្រៀង​ស្តីពី​ហិរញ្ញប្បទាន​នេះ ត្រូវបាន​ធ្វើឡើង កាលពី​ថ្ងៃទី​១៣ ខែធ្នូ រវាង លោក ហែម វណ្ណឌី អនុរដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​លោក ម៉ាក អេ​ឌី​ង​តុ​ន​(Mark Edington)​នាយក​ផ្នែក​គ្រប់គ្រង​ថវិកា​ហិរញ្ញប្បទាន​ឥត​សំណង នៃ​មូលនិធិ​សកល ។

​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្នុង​កម្មវិធី​ដែលមាន​តម្លៃ​ជាង ៥៥.៤​លាន​ដុល្លារ​នេះ មូលនិធិ​សកល​មាន​គោលដៅ ផ្តល់​ការគាំទ្រ​ពេញទំហឹង​ដល់​រាជរដ្ឋាភិបាល​កម្ពុជា លើ​កិច្ចប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍ និង​ជំងឺរបេង នៅ​ទូទាំងប្រទេស ព្រមទាំង​ជួយ​ពង្រឹង​និរន្តរភាព នៃ​ប្រព័ន្ធ​សុខាភិបាល​នៅ​កម្ពុជា​។ 

​ថវិកា​សម្រាប់​ការងារ​ប្រយុទ្ធប្រឆាំង​ជំងឺអេដស៍ មាន​ចំនួន​សរុប​៤១​លាន​ដុល្លារ និង​ថវិកា​សម្រាប់​ប្រយុទ្ធ​នឹង​ជំងឺរបេង មាន​ចំនួន​សរុប​ប្រមាណ ១៣ លាន​ដុល្លារ  ហើយ​ក្រសួងសុខាភិបាល នឹង​ទទួលខុសត្រូវ​ដឹកនាំ​អនុវត្ត​កម្មវិធី​នេះ​។​

​នេះ​ជា​គម្រោង​ទី​១ ដែល​មូលនិធិ​សកល ឯកភាព​ទទួលយក​ប្រព័ន្ធ​ប្រទេស​របស់​កម្ពុជា​(Country System) សម្រាប់​អនុវត្ត​ការប្រើប្រាស់​នីតិវិធី​ប្រតិបត្តិការ និង​យន្តការ​ស្ថាប័ន​។ ការដាក់​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​ប្រទេស​នេះ មិន​ត្រឹមតែ​ជួយ​លើ​កម្ពស់​ប្រសិទ្ធភាព​អនុវត្ត​គម្រោង និង​ពង្រឹងសមត្ថភាព​ទទួល​ខុសត្រូវ​របស់​ក្រសួង​-​ស្ថាប័ន​អនុវត្ត​គម្រោង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​ជា​សក្ខីភាព​បង្ហាញ​ពី​ជំនឿ​ចិត្ត​កាន់តែ​រឹងមាំ​ជាង​មុន​របស់​មូលនិធិ​សកល ចំពោះ​សមត្ថភាព និង​ភាពជា​ម្ចាស់​របស់​រាជរដ្ឋាភិបាល លើ​ការគ្រប់គ្រង​គម្រោង​អភិវឌ្ឍន៍​ថែមទៀត​ផង​។​

​មូលនិធិ​សកល នឹង​ចាប់ផ្តើម​បើក​ផ្តល់​សាច់ប្រាក់​សម្រាប់​យកមក​អនុវត្តន៍​កម្មវិធី នៅ​ដើមខែ​មករា ឆ្នាំ​២០១៨ ហើយ​តំណាង​ជាន់ខ្ពស់​របស់​មូលនិធិ​សកល គ្រោង​មក​បំពេញ​បេស​សកម្ម​នៅ​កម្ពុជា​នាពេល​ឆាប់ៗ ដើម្បី​ចូលរួម​ក្នុងការ​ប្រារព្ធ​ពិធី​ប្រកាស​ដាក់​ឲ្យ​អនុវត្ត​កម្មវិធី​នេះ​ផ្លូវការ​៕


Tag:
 ជំនួយ​
 ​ សុខាភិបាល​
  ​របេង​
  ​អេដស៍​
© រក្សាសិទ្ធិដោយ thmeythmey.com