ជាតិ
សេដ្ឋកិច្ច
ថៃផ្ដល់ប្រាក់ជាង ១លានដុល្លារ ជួយសង់មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន លោក កៅ ខុនដារ៉ា ប្រធានស្ដីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
× ភ្នំពេញ៖ កម្ពុជា បានទទួលជំនួយឥតសំណងជាង ១លានដុល្លារ ពីរដ្ឋាភិបាលថៃ ដើម្បីសាងសង់មជ្ឈមណ្ឌលជាតិព្យាបាលអ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ។ កម្ពុជាគ្រោងចំណាយប្រាក់ ៦លានដុល្លារ សង់មជ្ឈមណ្ឌលជាតិនេះ លើផ្ទៃដីជាង២០ហិកតា ដើម្បីប្រមូលជនរងគ្រោះដោយសារគ្រឿងញៀន ទៅបន្សាបសារជាតិញៀន អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
ស្របពេលដែលកម្ពុជា កំពុងសាងសង់មជ្ឈមណ្ឌលជាតិបន្សាបគ្រឿងញៀន នៅខេត្តព្រះសីហនុ ដើម្បីព្យាបាលជនរងគ្រោះដោយឥតគិតថ្លៃ រដ្ឋាភិបាលថៃតាមរយៈគម្រោងកម្ពុជា-ថៃ ស្ដីពីការពង្រឹង និងជំរុញកិច្ចសហប្រតិបត្តិការព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន បានផ្តល់ថវិកាប្រមាណ៣៨លានបាត ស្មើនឹង ១.១៥លានដុល្លារ ជួយដល់ការសាងសង់។
គេហទំព័រអគ្គស្នងការនគរបាលជាតិ បានស្រង់សំដី លោក កៅ ខុនដារ៉ា ប្រធានស្ដីទីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលថ្លែងនៅក្នុងពិធីប្រគល់ និងទទួលជំនួយថវិកា នេះថា បទល្មើសគ្រឿងញៀន កើតឡើងជាបន្តបន្ទាប់ ជាក់ស្ដែងបច្ចុប្បន្ន មានអ្នកញៀនគ្រឿងញៀន ប្រមាណ ២ម៉ឺននាក់នៅកម្ពុជា។
លោក កៅ ខុនដា បានបន្តដោយរំពឹងថា ការព្យាបាលអ្នកញៀនគ្រឿងញៀន នឹងទទួលបានភាពវិជ្ជមាន បន្ទាប់ ពីមជ្ឈមណ្ឌលជាតិនេះសាងសង់រួចរាល់ ខណៈដែលកម្ពុជា បានសហការជាមួយប្រទេសជិតខាង និងមានកិច្ចខិតខំប្រឹងប្រែងក្នុងការទប់ស្កាត់បទល្មើសគ្រឿងញៀនជាបន្តបន្ទាប់។
រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃលោក ប្រាជីន ជុនទុង
លោក ប្រាជីន ជុនទុង រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានលើកឡើងក្នុងពិធីនេះថា បញ្ហាគ្រឿងញៀននេះ បានធ្វើឲ្យប្រទេសទាំង២ព្រួយបារម្ភយ៉ាងខ្លាំង ហើយប្រទេសថៃ គាំទ្រជានិច្ច ក្នុងកិច្ចសហប្រតិបត្តិការរួមគ្នាជាមួយកម្ពុជា ក្នុងការលុបបំបាត់ និងទប់ស្កាត់បទល្មើសគ្រឿងញៀន។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថៃ បានបន្តទៀតថា ថៃនឹងបន្តជួយជាឧបករណ៍សម្រាប់បន្សាបគ្រឿងញៀន និងសម្ភារផ្សេងៗបន្ថែមទៀតដល់កម្ពុជា ដើម្បីទប់ស្កាត់គ្រឿងញៀន។
កន្លងមក រដ្ឋាភិបាលវៀតណាម ក៏បានផ្តល់ជំនួយចំនួន៣លានដុល្លារអាមេរិក ចូលរួមជួយសាងសង់មណ្ឌលបន្សាបគ្រឿងញៀន នេះដែរ។
រាជរដ្ឋាភិបាលកម្ពុជា គ្រោងចំណាយប្រាក់ ៦លានដុល្លារ សង់មជ្ឈមណ្ឌលជាតិ ស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈ លើផ្ទៃដីជាង២០ហិកតា នៅខេត្តព្រះសីហនុ ដើម្បីប្រមូលជនរងគ្រោះដោយសារគ្រឿងញៀន ទៅបន្សាបសារជាតិញៀន អប់រំ និងបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។
សូមរម្លឹកថា ចាប់ពីដើមឆ្នាំ ដល់ថ្ងៃទី៣ ខែធ្នូនេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជាង ៧,៥០០ករណី ឃាត់ខ្លួនមនុស្សជាង ១ម៉ឺន៦ពាន់នាក់ រឹបអូសគ្រឿងញៀនគ្រប់ប្រភេទបានជាង១៦៨គីឡូក្រាម និងជាង១,៤០០កញ្ចប់ កញ្ឆាក្រៀមជាង៨៩គីឡូក្រាម និង២៣៤,២៨៣ដើម៕
Tag:
កៅ ខុនដារ៉ា
ប្រាជីន ជុនទុង
© រក្សាសិទ្ធិដោយ thmeythmey.com