ជាតិ
ក្រសួងបរិស្ថាន ណែនាំឲ្យរៀបចំ «សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ» ដើម្បីពង្រឹងការអភិរក្សនិងការពារធនធានធម្មជាតិ
× ក្រសួងបរិស្ថាន បានចេញការណែនាំមួយស្តីពីការ រៀបចំ«សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ»ដែលមានគោលដៅពង្រឹងការការពារ និងអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា។ តាមក្រសួង បរិស្ថាន សម្ព័ន្ធភាពនេះ នឹងបង្កើនកិច្ចសហការឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព រវាងសហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរដែនដី ស្ថាប័នជំនាញ អង្គការដៃគូ និងវិស័យឯកជន។
ក្រសួងបរិស្ថាន នឹងសម្របសម្រួលរៀបចំបង្កើត «សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ» ជាមួយស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋបាលថា្នក់ក្រោមជាតិ ដែលជាយន្តការរួមចំណែក ធ្វើឲ្យប្រសើរឡើង ក្នុងការពង្រឹងការការពារ អភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះនៅកម្ពុជា។
សម្ព័ន្ធភាពនេះ នឹងបង្កើនកិច្ចសហការឲ្យកាន់តែរឹងមាំ និងមានប្រសិទ្ធភាព រវាងសហគមន៍តំបន់ការពារធម្មជាតិ អាជ្ញាធរដែនដី ស្ថាប័នជំនាញ អង្គការដៃគូ និងវិស័យឯកជន តាមរយៈការចែករំលែកព័ត៌មាន បទពិសោធន៍ និងចំណេះដឹង ដើម្បីរួមគ្នាស្វែងរកយន្តការចាំបាច់ សម្រាប់ដោះស្រាយបញ្ហានានាដែលទាក់ទងនឹងការការពារ និងអភិរក្សធនធានធម្មជាតិ។ នេះបើតាមក្រសួងបរិស្ថាន ដែលបន្តថា ដើម្បីសម្រេចបានការរៀបចំបង្កើតសម្ព័ន្ធភាពនេះ ក្រសួងបរិស្ថាន បានណែនាំទៅនាយកដ្ឋានជំនាញពាក់ព័ន្ធដែលស្ថិតក្រោមឱវាទរបស់ខ្លួន ត្រូវរៀបចំសម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ ឲ្យស្របតាមលិខិតបទដ្ឋានច្បាប់នៃកម្ពុជា។
បើតាមក្រសួងបរិស្ថាន អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ត្រូវរៀបចំបង្កើត សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ ដោយត្រូវត្រូវធ្វើការយ៉ាងជិតសិ្នទ្ធជាមួយអាជ្ញាធរដែនដី ស្ថាប័នជំនាញ អង្គការដៃគូ វិស័យឯកជន និងសហគមន៍តំបន់ការពារធម្មជាតិ។
សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិ នេះក៏ត្រូវរៀបចំឡើងនៅកម្រិតមូលដ្ឋាន (ឧទ្យានជាតិ ឬដែនជម្រកសត្វព្រៃ) កម្រិតខេត្ត និងកម្រិតជាតិ និងរចនាសម្ព័ន្ធគ្រប់គ្រងរបស់សម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិផងដែរ។
អគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវសម្រួលការជ្រើសរើសអ្នកដឹកនាំសម្ព័ន្ធភាពនេះ។ ការជ្រើសរើសត្រូវធ្វើតាមការបោះឆ្នោត ជ្រើសចេញពីគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ ទៅតាមលំដាប់លំដោយ ពីកម្រិតមូលដ្ឋាន កម្រិតខេត្ត និងកម្រិតជាតិ។ នេះបើតាមសេចក្តីណែនាំដដែល ដែលបញ្ជាក់ថា ស្ថាប័នពាក់ព័ន្ធត្រូវលើកទឹកចិត្តអ្នកពាក់ព័ន្ធ និងស្របតាមច្បាប់ស្តីពីសហគមន និងអង្គការមិនមែនក្រៅរដ្ឋាភិបាល ឲ្យចូលរួមផ្តល់យោបល់ក្នុងការរៀបចំលក្ខន្តិកៈនៃសម្ព័ន្ធភាពសមាគមន៍អភិរក្សធនធានធម្មជាតិនេះ។
ចំពោះគណៈកម្មការសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍មូលដ្ឋានផ្សេងៗទៀតដែលស្ម័គ្រចិត្ត ត្រូវចូលរួមក្នុងដំណើរការរៀបចំ និងការអនុវត្តសកម្មភាព នៃសម្ព័ន្ធភាពសហគមន៍អភិរក្សធនធានធម្មជាតិនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com