អន្តរជាតិ
កុមារាអាមេរិកអាយុ៦ឆ្នាំម្នាក់ រកបាន១១លានដុល្លារក្នុង១ឆ្នាំពី Youtube
× អាយុត្រឹមតែ៦ឆ្នាំប៉ុណ្ណោះ កុមារាអាមេរិកឈ្មោះ Ryan ក្លាយជាមហាសេដ្ឋី ដោយរកចំណូលបានដល់ទៅ១១លានដុល្លារអាមេរិកក្នុង១ឆ្នាំពីគណនី Youtube របស់ខ្លួន «RyanToysReview»។ ទស្សនាវដ្តី Forbes បានបង្ហាញឲ្យឃើញថា Ryan ស្ថិតក្នុងចំណាត់ទី៨ក្នុងចំណោមអ្នកដែលរកបានចំណូលខ្ពស់ជាងគេពីបណ្តាញ Youtube។
បង្កើតឡើងកាលពីដើមឆ្នាំ២០១៥ «RyanToysReview» ជាគណនី Youtube ដែលបង្ហាញពីសកម្មភាពរបស់ Ryan រីករាយជាមួយនឹងឧបករណ៍ និងរបស់របរក្មេងលេងប្លែកៗ ដោយមានការចូលរួមផងដែរពីសមាជិកគ្រួសាររបស់កុមារារូបនេះ។
«RyanToysReviews» នាពេលបច្ចុប្បន្ន មានអ្នក Subscribe ជាង១០លាននាក់ និងជាង១៧ពាន់លាន Views។ នៅក្នុងវីដេអូ Ryan លេងជាមួយរបស់លេងដូចជា រថយន្ត រថភ្លើង តុក្កតា Thomas, Lego, Superheroes, Disney, Surprise Eggs, Minions ជាដើម ដោយភាគច្រើនគេបានលេងយ៉ាងរីករាយជាមួយគ្រួសារ។ បើតាមការរៀបរាប់ក្នុងគណនី Youtube នោះ សម្ភារៈ តុក្កតា ដែល Ryan បានបង្ហាញភាគច្រើន ត្រូវផ្តល់បន្តទៅមូលនិធិសប្បុរសនៅក្នុងតំបន់។
Ryan ជាប់ចំណាត់ថ្នាក់ទី៨របស់ទស្សនាវដ្តី Forbes ក្នុងចំណោមម្ចាស់គណនី Youtube ដែលរកបានចំណូលច្រើនជាងគេបំផុត។ នៅបារាំង ម្ចាស់គណនី ឈ្មោះ Lucas Hocard ហៅ Squeezie រកបានចំណូលជាង៥២ ០០០ដុល្លារក្នុង១ខែ ខណៈ Cyprien បានជាង៣៤ ០០០ និង Norman បានជាង១៧ ០០០ដុល្លារក្នុង១ខែ៕
© រក្សាសិទ្ធិដោយ thmeythmey.com