កីឡាអន្តរជាតិ
អន្តរជាតិ
គ្រូ​ជម្រើសជាតិ​កូរ៉េខាងជើង​ថា ជីវិត​នៅ​ព្យុងយ៉ាង ដូច​នៅ​អឺរ៉ុប គ្មាន​បញ្ហា​អ្វី​ឡើយ​
17, Dec 2017 , 11:39 am        
រូបភាព
​អ្នកចាត់ការ​ទូទៅ​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កូរ៉េខាងជើង​លោក Jorn Andersen ដែល​គេ​ឲ្យ​រហស្សនាម​ថា «Mourinho of Pyongyang» បាន​លើកសរសើរ​រដ្ឋ​កុ​ម្មុយ​និ​ស្ត​មួយ​នេះ​ថា ជា​ប្រទេស​ដែល​គួរ​ឲ្យ​ចង់​រស់នៅ និង​មាន​ភាពសុខសាន្ត​បំផុត មិន​ដូច​ពាក្យ​តិះ​ទាន​ពី​ខាងក្រៅ​នោះទេ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារសារព័ត៌មាន AFP​។​



​លោក Jose Mourinho ដែល​កំពុង​ដឹកនាំ​ក្រុម Manchester United និង​មាន​ភាពល្បីល្បាញ​នាពេល​បច្ចុប្បន្ន រស់នៅក្នុង​សណ្ឋាគារ​មួយ​ក្នុង​ទីក្រុង Manchester ប្រទេស​អង់គ្លេស ខណៈ លោក Jorn Andersen អ្នកចាត់ការ​ក្រុម​ជម្រើសជាតិ​កូរ៉េខាងជើង​ក៏មាន​កន្លែង​រស់នៅ​ដ៏​ល្អ​មួយ​ដូចគ្នា​ដែរ​ក្នុង​ទីក្រុង​ព្យុងយ៉ាង​។​

«​វា​ជាទី​ក្រុង​ដ៏​ស្ងប់ស្ងាត់​មួយ (​ព្យុងយ៉ាង​) ហើយ​ទីនេះ​ពិតជា​ស្រស់ស្អាត​ណាស់ និង​គ្មាន​បទឧក្រិដ្ឋ​អ្វី​កើតឡើង​ទេ​»​។ នេះ​ជាស​ម្តី​របស់​អតីត​សមាជិក​ក្រុម​ជម្រើសជាតិ​ន័​រ​វែ​ស ប្រាប់ AFP ក្នុង​បទ​សម្ភាស​មួយ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​



​លោក Andersen មាន​វ័យ​៥៤​ឆ្នាំ ដែល​បាន​ផ្លាស់​ទៅ​ដឹកនាំ​ក្រុម​រដ្ឋ​កុ​ម្មុយ​និ​ស្ត​កាលពី​ខែឧសភា​ឆ្នាំ​២០១៦ បន្ថែមថា​៖«​ខ្ញុំ​រស់នៅក្នុង​សណ្ឋាគារ​ដ៏​ប្រណិត​មួយ​ជាមួយ​ភរិយា​ខ្ញុំ​ក្នុង​ទីក្រុង​ព្យុងយ៉ាង ហើយ​ទីនោះ​គឺ​ដូច​នៅ​អឺរ៉ុប​អ៊ីចឹង​ដែរ​។ ខ្ញុំ​គិតថា​រឿងរ៉ាវ​អវិជ្ជមាន​ជាច្រើន​ដែល​កើត​ឡើងលើ​កូរ៉េខាងជើង​គឺជា​ការនិយាយ​បំផ្លើស​ពី​ខាងក្រៅ​ប៉ុណ្ណោះ​»​។​

​អ្នកចាត់ការ​សញ្ជាតិ​ន័​រ​វែ​សរូប​នេះ មាន​អារម្មណ៍​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដែល​បាន​ក្លាយជា​អ្នកដឹកនាំ​ពី​បរទេស​របស់​កូរ៉េខាងជើង​លើកដំបូង​ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​មកហើយ​។



​ស្ថិតក្នុង​ទីក្រុង​តូ​ក្យូ ជាទី​ដែល​លោក​ដឹកនាំ​ក្រុម​ប្រកួត​ដណ្តើមពាន​រង្វាន់​ជើងឯក​អាស៊ី East Asian championship លោក​បានបង្ហាញ​អារម្មណ៍​ថា​៖«​នៅពេល​ខ្ញុំ​ទទួលបាន​តំណែង​នេះ​ដំបូង​ខ្ញុំ​គិតថា​វា​ជា​រឿង​ចម្លែក​បន្តិច ប៉ុន្តែ​ឥឡូវនេះ​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ណាស់​ដែល​បានមក​ទីនេះ ហើយ​វា​ជាការ​សម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​របស់ខ្ញុំ​»៕


Tag:
 ​បាល់ទាត់​
  កូរ៉េខាងជើង​
  Jorn Andersen
© រក្សាសិទ្ធិដោយ thmeythmey.com