កីឡាជាតិ
ជាតិ
កូរ៉េ ឧបត្ថម្ភ​៤​ម៉ឺន​ដុល្លារ ដល់​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់ ២៥​ខេត្ត​-​ក្រុង​
17, Dec 2017 , 10:25 am        
រូបភាព
លោក សៅ សុខា ​(កណ្តាល)​​ចូលរួម​​​ពិធីប្រគល់និង​​​ទទួលប្រាក់​​​ឧបត្ថម្ភពី​​ភាគីកូរ៉េនៅ​​​សណ្ឋាគា​ឡឺរ៉ូយ៉ាល់
លោក សៅ សុខា ​(កណ្តាល)​​ចូលរួម​​​ពិធីប្រគល់និង​​​ទទួលប្រាក់​​​ឧបត្ថម្ភពី​​ភាគីកូរ៉េនៅ​​​សណ្ឋាគា​ឡឺរ៉ូយ៉ាល់
ដោយ:
​គម្រោង​អភិវឌ្ឍន៍​កីឡាបាល់ទាត់ សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ទូទាំង​២៥​ខេត្ត​-​ក្រុង របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ដែល​កំពុងដំណើរការ ទទួលបាន​ការឧបត្ថម្ភ​ពី​ភាគី​កូរ៉េ​នូវ​សម្ភារ និង​ប្រាក់សុទ្ធ សរុប​ចំនួន​៤​ម៉ឺន​ដុល្លារ ដើម្បី​ទ្រទ្រង់​ផែនការអភិវឌ្ឍន៍​រយៈ​ពេល​វែង សម្រាប់​សម្រិតសម្រាំងរ​ក​យុវជន​ឆ្នើម   ត្រៀម​ការប្រកួត​ស៊ី​ហ្គេម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។​



​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ទទួលបាន​ការឧបត្ថម្ភ​មូលនិធិ ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌​ពិភពលោក ជា​សម្ភារ ដែលមាន​តម្លៃ​ស្មើ​២​ម៉ឺន​ដុល្លារ និង​មូល​ធិ​និ​ការចែករំលែក​សេចក្តីស្រឡាញ់​បាល់ទាត់​កូរ៉េ សាច់ប្រាក់​សុទ្ធ​ចំនួន​២​ម៉ឺន​ដុល្លារ ដើម្បី​ទ្រទ្រង់​ផែនការអភិវឌ្ឍន៍ សាលា​តម្រង់ទិស​កីឡាបាល់ទាត់ ទូទាំង​២៥​ខេត្ត​-​ក្រុង​។ ពិធី​ប្រគល់​ប្រាក់ឧបត្ថម្ភ​នេះ ធ្វើ​នៅ​សណ្ឋាគា​ឡឺ​រ៉ូយ៉ាល់ កាលពី​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ ក្រោម​វត្តមាន លោក សៅ សុខា ប្រធាន​សហព័ន្ធ លោក Yong Rack Kim ប្រធាន​មូលនិធិ​ដើម្បី​ផ្លាស់ប្តូរ​វប្បធម៌​ពិភពលោក និង លោក Gap Jin Lee ប្រធាន​មូលនិធិ​ការចែករំលែក​សេចក្តីស្រឡាញ់​បាល់ទាត់​កូរ៉េ​។

​ក្រៅពី​ថ្លែងអំណរគុណ​ដល់​ភាគី​កូរ៉េ លោក សៅ សុខា ប្រធាន​សហព័ន្ធ​កីឡា​បាល់​ទា​តល់​កម្ពុជា បាន ចាត់ទុក​ការឧបត្ថម្ភ របស់​សមាគម​ទាំងពីរ ជា​ចំណុច​វិជ្ជមាន ជំរុញ​ឲ្យ​គម្រោង​សាលា​តម្រង់ទិស​កីឡាបាល់ទាត់​ទូទាំង​២៥​ខេត្ត​-​ក្រុង ឈានទៅរក​ភាពជោគជ័យ ទោះបី​ថវិកា​នេះ មិន​គ្រប់​គ្រាប់​នឹង​ការចំណាយ​ក៏ដោយ​។ 

«​ថវិកា​ដែល​យើង​ទទួលបាន​ពី​ការឧបត្ថម្ភ​មកដល់ពេលនេះ បើតាម​ខ្ញុំ​ប៉ាន់ស្មាន​គឺ​មិនទាន់​គ្រប់​នោះទេ ព្រោះ​យើង​មិនមែន​យកមក​ត្រឹមតែ​បណ្តុះបណ្តាល​ធនធានមនុស្ស​ទេ ប៉ុន្តែ​ថវិកា​នេះ​យើង​យកមក​កែលម្អ និង​សាងសង់​ទីលាន​បាល់ទាត់ ដូចដែល​យើង​បានដឹង​ហើយ​ប្រទេស​យើង​នៅ​ក្រ​កញ្ចប់​ថវិកា ទទួលបាន​ពី​ក្រសួង​អប់រំ​យុវជន និង​កីឡា​នៅមានកម្រិត​»​។​នេះ​ជាការ​លើកឡើង​របស់លោក សៅ សុខា​។ 



​ដ្បិតតែ​សាលា​ទម្រង់​ទិស​កីឡាបាល់ទាត់​នេះ មិនទាន់មាន​គម្រោង​ច្បាស់លាស់ ប៉ុន្តែ​បើតាម​លោក សៅ សុខា សហព័ន្ធ​កីឡាបាល់ទាត់​កំពុង​គិត​បណ្តើរ និង​ធ្វើ​បណ្តើរ ដើម្បី​ត្រៀមខ្លួន​សម្រាប់ កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣ ខាងមុខ​។ 

​សម្រាប់​គម្រោង​អភិវឌ្ឍន៍​សា​សា​តម្រង់ទិស​កីឡាបាល់ទាត់​រយៈពេល​វែង នេះ លោក Gap Jin Lee ប្រធាន​មូលនិធិ​ការចែករំលែក​សេចក្តីស្រឡាញ់​បាល់ទាត់​កូរ៉េ លោក Gap Jin Lee បាន​បញ្ជាក់ថា  ទៅ​អនាគត កូរ៉េ មិន​ត្រឹមតែ​ជួយ​ផ្នែក​ថវិកា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​នឹង​ជួយ​ផ្នែក  ផ្នែក​ធនធានមនុស្ស​ដ​ល់ FFC ទៀតផង​៕ 


Tag:
 បាល់ទាត់​
  សៅ សុខា​
  កូរ៉េ​
  សាលា​តម្រង់ទិស​បាល់ទាត់
© រក្សាសិទ្ធិដោយ thmeythmey.com