បទយកការណ៍ / បទសម្ភាសន៍
ហេតុអ្វី​ចាស់ៗ​ស្រឡាញ់​ចៅ ជាង​កូន​?
17, Dec 2017 , 12:32 pm        
រូបភាព
ដោយ:
«​ស្រលាញ់​កូន​មួយ​តៅ ស្រលាញ់​ចៅ​មួយ​ថាំង​» ជា​ពាក្យចាស់​បុរាណ ប្រើ​ដើម្បី​ប្រៀបធៀប​ទំហំ​នៃ​ក្ដី​ស្រលាញ់​ខុសគ្នា របស់​ឪពុកម្ដាយ ចំពោះ​កូន និង​ចំពោះ​ចៅ​។ ក្តី​ស្រឡាញ់​ទ្វេ​ចំពោះ​ចៅ​នេះ ពិបាក​រក​ពាក្យ​មក​ពិ​ព័ណ៌នា​ណាស់ ប៉ុន្តែ យាយ​តា​មួយចំនួន​លើកឡើង​មូល​ហេតុថា ព្រោះតែ​ស្រឡាញ់​ចៅ ខ្លួន​សុខចិត្ត​នៅ​មើលថែ​ទាំង ថ្នាក់ថ្នម​ចៅ​ដោយផ្ទាល់ អ្នកខ្លះ​ទៀតថា នៅពេល​ចៅៗ​នៅ​ជាមួយ​ជួយ​បំបាត់​ភាព​អផ្សុក អ្នកខ្លះ​អះអាង​ខ្លួន​ចង់បាន​ចៅ​ឌុប​ទៅនេះ ទៅនោះ ដូច​ចាស់​ដទៃ​។​



​អ្នកស្រី តាំ មុំ កំពុងតែ​អង្គុយ​មើល​ចៅ​ក្នុង​បន្ទប់​ជួល មួយ​នៅ​រាជធានី​ភ្នំពេញ ពិតជា​ទទួលស្គាល់ថា អ្នកស្រី​ស្រឡាញ់​ចៅ​ខ្លាំង​ជាង​កូនៗ​ប្រាកដ​មែន​។ មូលហេតុ​នេះ ហើយ​ទើបបាន​អ្នកស្រី​សម្រេច​មក​នៅ​ភ្នំពេញ​ជាមួយ​កូន ដើម្បី​បាន​មើលថែ​ចៅស្រី ដែល​ពេលនេះ​មាន​អាយុ​៣​ឆ្នាំ​ដោយ​ផ្ទាល់ដៃ ព្រោះ​បើ​ទុក​ចៅ​ឲ្យ​អ្នក​មើលថែ​មើល​ខ្លាច​គេ​មិន​ស្រលាញ់​ចៅ និង​ថ្នាក់ថ្នម​ដូច​ខ្លួន​។ យកដៃ​អង្អែល​ក្បាល​ចៅ​ដែល​អង្គុយ​លើ​ភ្លៅ​ខ្លួន​បណ្តើរ អ្នកស្រី​រៀបរាប់​ដូច្នេះ​៖«​កូន​ស្រលាញ់​គឺ​ស្រលាញ់​ហើយ តែបើ​ចៅ​គឺ​ស្រលាញ់​លើស​កូន​ទៅទៀត មកពី​ចៅ​នៅ​ក្មេង ហើយ​វា​មក​ប្រកៀក​យើង​រហូត ចឹ​ង​បានជា​ស្រលាញ់​ចៅ​ណាស់ មិន​ថា​តូច មិន​ថា​ធំ​ទេ ពេល​នៅ​ជិត​ចៅ គឺ​សប្បាយចិត្ត​»​។​

​ស្ត្រី​វ័យ​៦២​ឆ្នាំ​រូបនេះ ឆ្លៀត​រំលឹក​ពី​អារម្មណ៍​របស់ខ្លួន នៅពេលដែល​បានដឹងថា នឹងមាន​ចៅ​នឹង​គេ​ឆាប់ ដូច្នេះ​ថា​៖«​គ្រាន់តែ​លឺថា​កូន​ខ្ញុំ​មាន​ទម្ងន់​ភ្លាម ខ្ញុំ​ផ្គត់ផ្គង់​គេ​គ្រប់យ៉ាង ហើយ​មិន​ឲ្យ​ធ្វើការ​ធ្ងន់​ទេ ខ្លាច​ប៉ះពាល់​ដល់​ចៅ​ខ្ញុំ​ក្នុង​ផ្ទៃ​របស់គេ​។ រំភើប​ណាស់​គ្រាន់តែ​ដឹងថា​ខ្លួនឯង​ជិត​បាន​ចៅ ព្រោះ​គិតថា​អាយុ​ច្រើន ដូច្នេះ​ចង់បាន​ចៅ​ពរ នឹង​គេ​។  ឥលូវ​នេះ បាន​ហើយ​»​។​

​ស្រដៀង​ដែរ  អ្នកស្រី ឆន យាំ ក៏​បារម្ភ​ខ្លាច​ថា​អ្នក​មើលថែ មើល​ចៅ​របស់ខ្លួន​មិនល្អ​ដូច​ខ្លួន ដូច្នេះហើយ​ទើប​សុខចិត្ត​មើលថែ​ចៅប្រុស​ស្រី​ដល់​ទៅ​២​នាក់ នៅ​ភ្នំពេញ​នេះ​។ លោកយាយ​ម្នាក់នេះ ប្រាប់​សារព័ត៌មាន​ថ្មីៗ​បន្តថា ៖«​មក​ថែទាំ​ចៅ​២​នាក់ ដោយសារតែ​កូនៗ​ត្រូវ​ធ្វើការ​ទាំង​ប្ដី ទាំង​ប្រពន្ធ ដូច្នេះ​ខ្ញុំ​មិន​ចង់​ឲ្យ​កូន​ចំណាយ​ច្រើន ម្យ៉ាង​ខ្លាច​គេ​មិន​ថែទាំ​ចៅ​បានល្អ​ដូច​ខ្លួន​ផង​»​។ 

​កំពុង​ធ្វើ​ម្ហូប​បណ្ដើរ​ផង ស្ត្រី​វ័យ​៥៨​ឆ្នាំ ដែលមាន​ចៅ​សរុប​ដល់​ទៅ​១៥​នាក់​រូបនេះ បញ្ជាក់ថា ក្ដី​ស្រលាញ់​ចំពោះ​ចៅ គឺ​គ្មានអ្វី​មក​ប្រៀបផ្ទឹម​បានទេ​។ អ្នកស្រី ឆន យាំ ធ្លាប់បាន​ស្តីបន្ទោស​ទាំង​កូន​របស់ខ្លួន និង​កូនប្រសារ​ផង នៅពេលដែល​ពួកគេ​វាយ​ចៅ​សំណព្វ​របស់ខ្លួន​។

​បុរស​វ័យ​៥៨​ឆ្នាំ​ម្នាក់ ក៏​កំពុង​អ​ន្ទះ​អ​ន្លែ​ង​ចង់បាន​ចៅ និង​ដល់​ថ្នាក់​ពេលខ្លះ​ចង់​ឲ្យ​កូនស្រី​របស់គាត់​រៀបកា​រ​ទៀតផង​។ ហេតុផល​តែមួយគត់​របស់គាត់ គឺ​គាត់​«​ចង់បាន​ចៅ​» ដូច​ចាស់​ដទៃ​។ លោក​រៀបរាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដូច្នេះ​៖«​ខ្ញុំ​ចង់​ឌុប​ចៅ​ទៅ​រៀន​ដូច​គេ រួចមក​ផឹក​កាហ្វេ ហើយ​ដល់​ម៉ោង​ចៅ​ចេញពី​រៀន ទៅ​ឌុប​យកមក​ផ្ទះ​វិញ​»​។ ការធ្វើ​បែបនេះ ធ្វើ​ឲ្យ​ជីវិត​របស់លោក កាន់​តែមាន​ក្តី​សុខ និង​មានន័យ​ជាង​ជីវិត​បច្ចុប្បន្ន​។​

​បើ​ទោះ​មាន​ឃ្លា​ថា​«​គ្មាន​ក្ដី​ស្រលាញ់​ណា អាច​ប្រៀបបាន​ជាមួយ​ទំហំ​ក្ដី​ស្រលាញ់​របស់​ឪពុកម្ដាយ​» ពិតមែន ប៉ុន្តែ​ទំនង​នៅ​ចាញ់ ទំហំ​ក្តី​ស្រឡាញ់ ពី​ជីដូន ឬ​ជីតា ចំពោះ​ចៅៗ​។ ពាក្យចាស់​បុរាណ​ដែលថា «​ស្រលាញ់​កូន​មួយ​ចៅ ស្រលាញ់​ចៅ​មួយ​ថាំង​» គឺ​បាន​ឆ្លុះ​បង្ហាញ​ពី​ទំហំ​ទឹកចិត្ត​ស្រឡាញ់ របស់​ជីដូន ជីតា ចំពោះ​ចៅៗ មាន​ទំហំ​ធំ​ជាង​ស្រឡាញ់​កូន​៕


Tag:
 គ្រួសារ​
  ​ចៅ​
 ​ កូន​
 ​ យាយ​
  ​តា​
© រក្សាសិទ្ធិដោយ thmeythmey.com