ជាតិ
នយោបាយជាតិ
តំណាងកម្ពុជានៅ UN ប្រាប់ប្រទេសនានាថា ប្រជាធិបតេយ្យ ចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា លោក ទុយ រី ឯកអគ្គរាជទូតនៃប្រទេសកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ ស្ថិតក្នុងកិច្ចប្រជុំកាលពីកន្លងមក
× ភ្នំពេញ៖ តំណាងកម្ពុជា ប្រចាំនៅអង្គការសហប្រជាជាតិ ប្រកាសការពារថា រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាចិត្តជាងពេលណាទាំងអស់ ក្នុងការប្រកាន់យកលទ្ធិប្រជាធិតេយ្យ សេរីពហុបក្ស។ ការប្រកាសបែបនេះ ចាត់ទុកជាការឆ្លើយតបនឹងសហគមន៍អន្តរជាតិ ដែលមើលឃើញបញ្ច្រាស់ថា ប្រជាធិបតេយ្យនៅកម្ពុជា បានដើរថយក្រោយ។
ស្របពេលសហគមន៍អន្តរជាតិ កំពុងថ្កោលទោសនិងដាក់ទណ្ឌកម្មជាបន្តបន្ទាប់ មកលើរដ្ឋាភិបាកម្ពុជា ក្រោមហេតុផលថាធ្វើឲ្យសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ធ្លាក់ចុះយ៉ាងគំហុក ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ (UN) ក៏បានចេញមកបកស្រាយផ្ទុយនឹងការមើលឃើញបែបអវិជ្ជមាននេះ។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា បានអះអាងយ៉ាងដូច្នេះថា៖«បច្ចុប្បន្ន មានគណបក្សប្រមាណ៣៥ បានចុះបញ្ជីចូលរួមក្នុងការបោះឆ្នោតនៅឆ្នាំ២០១៨។ ដោយសារតែមានគណបក្សជាច្រើន កំពុងធ្វើសកម្មភាពនៅកម្ពុជា គេអាចមើលឃើញថា លំហប្រជាធិបតេយ្យ និងប្រព័ន្ធពហុបក្ស កំពុងចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា»។
ការអះអាងបែបនេះ របស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា គឺធ្វើឡើងតាមរយៈកំណត់ទូតមួយ ដែលផ្ញើទៅកាន់កិច្ចពិភាក្សាស្តីពី «ការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា» នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧នេះ ដែលរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហរដ្ឋអាមេរិក និងស្ថានបេសកកម្មអចិន្ត្រៃយ៍នៃសហភាពអឺរ៉ុប ហើយមានការចូលរួមពីស្ថានបេសកកម្មអចិន្ត្រៃយ៍នៃបណ្តាប្រទេសនានា។ មន្ត្រីជាន់ខ្ពស់មួយរូបនៃអតីតគណបក្សសង្គ្រោះជាតិ គឺកញ្ញា កឹម មនោវិទ្យា ដែលជាកូនស្រីច្បងរបស់លោក កឹម សុខា ក៏ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សានេះដែរ។
កំណត់ទូតរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា ដែលធ្វើឡើងនៅថ្ងៃទី១៨ ខែធ្នូ ប្រតិកម្មខ្លាំងៗ នឹងកិច្ចពិភាក្សានោះ ដោយចាត់ទុកថា មានគោលបំណងផ្តល់ព័ត៌មានមិនពិត និងបង្កឲ្យមានការយល់ច្រឡំពីស្ថានភាពជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ខ្លឹមសារក្នុងកំណត់ទូតនោះ បានសង្កត់ធ្ងន់ៗបែបនេះថា៖«ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា សូមតវ៉ា និងប្រឆាំងយ៉ាងខ្លាំងក្លានឹងការពិភាក្សាបែបនេះ ដែលរៀបចំឡើងក្រោមហេតុផលនយោបាយ និងមានចេតនាយ៉ាងច្បាស់ក្នុងការបំភាន់សាធារណៈមតិ។ អាកប្បកិរិយាដ៏ក្រអឺតក្រទម និងគ្មានការគោរពបែបនេះ ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងនៃប្រទេសកម្ពុជាយ៉ាងធ្ងន់ធ្ងរ ដែលផ្ទុយនឹងមាត្រា២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ»។
តាមរយៈកំណត់ទូតរបស់ខ្លួន ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា បានព្យាយាមលើកយកទិដ្ឋភាពសំខាន់ៗ ដែលកំពុងកើតឡើងនៅកម្ពុជា ដែលរួមមាន ការរំលាយគណបក្សសង្គ្រោះជាតិ ការហាមឃាត់ថ្នាក់ដឹកនាំ១១៨នាក់នៃគណបក្សនេះ មិនឲ្យធ្វើនយោបាយរយៈពេល៥ឆ្នាំ ការចាប់លោក កឹម សុខា ដាក់ពន្ធនាគារ ការបិទប្រព័ន្ធផ្សព្វផ្សាយ និងអង្គការក្រៅរដ្ឋាភិបាលមួយចំនួន ទៅបំភ្លឺនិងពន្យល់ដល់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃបណ្តាប្រទេសទាំងអស់ ដែលបានចូលរួមកិច្ចពិភាក្សាខាងលើ។
សម្រាប់ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា វិធានការទាំងនោះ គឺធ្វើឡើងដោយស្របទៅតាមច្បាប់កម្ពុជា ដើម្បីពង្រឹងនីតិរដ្ឋ និងរក្សាសន្តិសុខជាតិទាំងមូល។ ស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសកម្ពុជា មិនអាចទទួលយកបានឡើយ ដែលរដ្ឋាភិបាលកម្ពុជា បែរជារងនូវការរិះគន់យ៉ាងអយុត្តិធម៌ទៅវិញ ដោយគ្រាន់តែចាត់វិធានការផ្លូវច្បាប់ ដើម្បីការពារអធិបតេយ្យ និងសន្តិសុខជាតិបែបនេះ។
ដើម្បីឲ្យស្ថានការណ៍នយោបាយវិលមករកភាពល្អប្រសើរ ជាពិសេសការអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយចោល ធ្វើសកម្មភាពឡើងវិញ និងការដោះលែងលោក កឹម សុខា សហគមន៍អន្តរជាតិ ដោយមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាដើម បានដាក់ទណ្ឌកម្មជាបណ្តើរៗ មកលើរដ្ឋាភិបាលកម្ពុជា ដែលរួមមាន ការផ្តាច់ជំនួយលើការបោះឆ្នោត ការរឹតបន្តឹងលើទិដ្ឋាការ និងគម្រោងបង្កកទ្រព្យសម្បតិ្ត ដែលផ្ញើនៅក្រៅប្រទេស ជាអាទិ៍។ ប្រទេសធំៗទាំងពីរ ថែមទាំងប្រកាសមិនទទួលស្គាល់លទ្ធផលបោះឆ្នោត នៅឆ្នាំ២0១៨ ផងដែរ ប្រសិនបើគណបក្សសង្គ្រោះជាតិ មិនបានចូលរួម។
រហូតមកដល់ពេលនេះ ទណ្ឌកម្មខាងលើ នៅមិនទាន់មានឥទ្ធិពល ដែលជំរុញឲ្យរដ្ឋាភិបាលកម្ពុជា ធ្វើតាមការចង់បានរបស់សហគមន៍អន្តរជាតិនោះទេ។ រដ្ឋាភិបាលកម្ពុជា ប្រកាសជំហរជារឿយៗថា ត្រូវតែរក្សាអធិបតេយ្យរបស់ខ្លួនឲ្យបាន ដោយមិនឲ្យប្រទេសណាមួយ មកលូកលាន់ចូលផ្ទៃក្នុង ឬបង្គាប់បញ្ជាឲ្យធ្វើនេះឬធ្វើនោះ ជាដាច់ខាត៕
Tag:
តំណាងកម្ពុជា
CNRP
ប្រជាធិបតេយ្យ
© រក្សាសិទ្ធិដោយ thmeythmey.com