ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចែករំលែក​ឲ្យ​គ្នា​ដឹងផង​អំពី​អាហារ​ដែលជា​មិត្ត​ដ៏​ល្អ​សម្រាប់​សុខភាព​ពោះវៀន​
22, Dec 2017 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រព័ន្ធ​រំលាយ​អាហារ​ដែល​ផ្តល់​សុខភាព​គឺជា​រឿង​សំខាន់​សម្រាប់​សុខភាព​ទាំងមូល​។ អាហារ​ដែលមាន​អង់ស៊ីម​រំលាយ​អាហារ បាក់តេរី​មាន​ប្រយោជន៍​ដែល​ពង្រឹង​ដល់​ការរំលាយ​អាហារ ឬ​ជាតិ​សរសៃ​ដែល​ផ្តល់​ថាមពល​ដល់​ការលូតលាស់​បាក់តេរី​ល្អៗ​អាចជួយ​ឲ្យ​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​កាន់តែ​ល្អ​ថែមទៀត​។



​ការ​ហើមពោះ ឈឺពោះ ផោម​ច្រើន ក្រពះ​មិន​កិន​គឺជា​បញ្ហា​ហើយ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​។ ការ​ដែលមាន​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ដូចជា ញ៉ាំ​ទៀងពេល ញ៉ាំ​អាហារ​តិចៗ ញ៉ាំ​យឺតៗ និង​គ្រប់គ្រង​ស្ត្រេ​ស​បានល្អ​អាចជួយ​ធ្វើ​ឲ្យ​ក្រ​ព័ន្ធ​រំលាយ​អាហារ​ធ្វើការ​បានល្អ​ដែរ​។ ជាមួយគ្នានេះដែរ ការដែល​ជ្រើសរើស​អាហារ​បាន​ត្រឹមត្រូវ ជាពិសេស​អាហារ​ដែល​ត្រូវបាន​គេ​ចាត់ទុកថា​ជា​មិត្ត​ដ៏​ល្អ​សម្រាប់​ប្រព័ន្ធ​រំលាយ​អាហារ​នោះ គឺជា​រឿង​ដ៏​សំខាន់​។ ដូច្នេះ​តើ​អាហារ​ទាំងនោះ​មាន​អ្វី​ខ្លះទៅ​?

​ល្ហុង​
​ល្ហុង​ផ្ទុក​ទៅដោយ​អង់ស៊ីម​មួយ​ឈ្មោះថា Papain ដែល​អាចជួយ​រំលាយ​ជាតិ​ប្រូតេអ៊ីន​បាន​។ ផ្លែឈើ​មួយ​នេះ​ក៏​សម្បូរ​វីតាមីន និង​ជាតិ​រ៉ែ​ច្រើន​ដែរ​។ យក​ល្អ​គួរ​ទែ​ព្យាយាម​ញ៉ាំ​វា​ឲ្យ​បាន​ច្រើន​ជាប្រចាំ​ដើម្បី​ល្អ​ចំពោះ​ក្រពះ​ពោះវៀន​។​

​យ៉ា​អួ​
​យ៉ា​អួ​នឹង​ក្លាយទៅជា​របស់​ល្អ​វិញ​នៅពេល​និយាយ​ដល់​សុខភាព​នៃ​ការរំលាយ​អាហារ​។ តាមពិតទៅ ផលិតផល​មួយ​នេះ​ប្រហែល​ជាមាន​ប្រយោជន៍​ក្នុងការ​ព្យាបាល​បញ្ហា​ក្រពះ​ពោះវៀន​តាំងពី​សម័យ​រ៉ូ​ម៉ាំង​ម្លេះ​ដោយ​ប្រើ​ជា​ទឹកដោះគោ​រង​។ យ៉ាង​អួ​មាន​បាក់តេរី​ល្អ ឬ​ហៅថា​ប្រូ​បាយ​អូ​ទិច​ដែល​អាចជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​មនុស្ស​បាន​។ ប្រូ​បាយ​អូ​ទិច​ក៏មាន​ប្រយោជន៍​ក្នុងការ​ពង្រឹង​ដល់​មុខងារ​ប្រព័ន្ធ​ភាពស៊ាំ និង​ការពារ​មេរោគ​ពី​ការបង្ក​រោគ​ដែរ​។​

​ផ្លែ​ចេក​
​ផ្លែ​ចេក​គឺជា​អាហារ​សម្បូរ​ជាតិ​សរសៃ​មួយ​ផ្សេងទៀត​ដែលមាន​សារធាតុ Inulin ហើយក៏​អាច​ជម្រុញ​ដល់​ការលូតលាស់​របស់​បាក់តេរី​ល្អៗ​បានដែរ ប៉ុន្តែ​មិន​ទាំងអស់​ឡើយ​។ ផ្លែ​ចេក​អាចធ្វើ​ឲ្យ​ផលិត​ជាតិ​រំអិល​ដែល​ការពារ​ភ្នាស់​របស់​ក្រពះ​ពី​អាស៊ីត​ក្រពះ​បាន​។ អាស៊ីត​មួយ​នេះ​អាចធ្វើ​ឲ្យ​រលាក និង​បង្ក​ការ​ក្រហាយ​ដើមទ្រូង​បាន​នៅពេល​ក្រពះ​ធ្វើទុក្ខ​។​

​ខ្ញី​
​ត្រឹមតែ​ខ្ញី​មួយ​ដុំ​ជាមួយនឹង​ទឹកក្រូច​ឆ្មា​ប៉ុន្មាន​ដំណក់​មុន​ពេលបាយ​អាចជួយ​រក្សា​ប្រព័ន្ធ​រំលាយ​អាហារ​ធ្វើការ​កាន់តែ​ល្អ​ទៅហើយ​។ អ្នក​ក៏​អាច​ញ៉ាំ​តែ​ខ្ញី​ដើម្បី​សម្រួល​ដល់​ការមិន​រំលាយ​អាហារ និង​ផោម​ច្រើន​បានដែរ​។ ខ្ញី​ជួយ​ពង្រឹង​ដល់​ចលនា​របស់​ពោះវៀន​ដែល​ជួយ​ដល់​ការរំលាយ​អាហារ​។ ពន្យា​ពេល​ការធ្វើការ​របស់​ក្រពះ​ដើម្បី​កុំ​ឲ្យ​មាន​បញ្ហា​ក្រពះ​មិន​កិន​ទៀត​។​

​បន្លែ​ពណ៌​បៃតង​
​អ្នក​បានដឹង​រួចទៅហើយ​ថា បន្លែ​ពណ៌​បៃតង​ដូចជា​ស្ពៃ​ស្ពី​ណា​ច​អីហ្នឹង​គឺមាន​ជីវជាតិ​ច្រើនណាស់​ដូចជា វីតាមីន C, A, K និង​អាស៊ីត​ហ្វូ​លិ​ក​។ ប៉ុន្តែ​វា​មិន​ទាំងអស់​ឡើយ​។ ការសិក្សា​បានបង្ហាញ​ថា បន្លែ​ពណ៌​បៃតង​មាន​សារធាតុ Inulin និង​ជួយ​ពង្រឹង​ដល់​ការលូតលាស់​បាក់តេរី​ល្អៗ​ក្នុង​ពោះវៀន​។​

​ម្នាស់​
​ផ្លែ​ម្នា​ស់មាន​អង់ស៊ីម​រំលាយ​អាហារ​មួយ​ឈ្មោះថា Bromelain ដែល​ជួយ​ដល់​ការ​បំបែក​ប្រូតេអ៊ីន​។ វា​ក៏​ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​ជីវជាតិ Manganese និង​វីតាមីន C ដែរ​ក្នុងការ​ជម្រុញ​ដល់​ការរំលាយ​អាហារ​។​

​ផ្លែ​ដូង​
​តើ​អាហារ​សម្បូរ​ជាតិ​ខ្លាញ់​ធ្វើ​ឲ្យ​ក្រពះ​មិន​ស្រួល​មែន​ទេ​? អញ្ចឹង​សាកល្បង​ប្រេងដូង​ទៅ​មើល​។ វត្តមាន​ខ្លាញ់ Saturated Fat ក្នុង​ប្រេងដូង​គឺជា​ប្រភេទ Triglycerides ដែល​អាច​ឲ្យ​រាងកាយ​ប្រើប្រាស់​បាន ហើយក៏​មិន​ដាក់​សម្ពាធ​ទៅលើ​ថង់ទឹកប្រមាត់​ដែរ​។ លើសពីនេះទៅទៀត វត្តមាន Lauric Acid ក្នុង​ប្រេងដូង​ក៏​ប្រហែលជា​អាច​កំចាត់​បាក់តេរី​គ្រោះថ្នាក់​ចេញពី​រាងកាយ និង​រក្សា​សុខភាព​ពោះវៀន​បានល្អ​ដែរ​៕

​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com