កីឡាជាតិ
ជាតិ
កងកម្លាំង​ឈរជើង​នៅ​គ្រប់កន្លែង​ដើម្បី​រក្សា​សន្តិសុខ​នា​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កែប​
22, Dec 2017 , 3:55 pm        
រូបភាព
ដោយ:
​ខេត្ត​កែប​៖ អភិបាលខេត្ត​កែប​លោក កែន ស​ត្ថា បាន​បញ្ជាក់ថា កងកម្លាំង​សន្តិសុខ​រាប់ពាន់នាក់​ត្រូវបាន​ដាក់ពង្រាយ​ស្ទើរ​គ្រប់​ទីកន្លែង ដើម្បី​រក្សា​សន្តិសុខ សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ក្នុងឱកាស​បុណ្យ​សមុទ្រ​រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៧ ដល់​ថ្ងៃទី​២៤ នៅ​ទី​រួម​ខេត្ត​កែប​។ លោក​អភិបាលខេត្ត​រូបនេះ​រំពឹងថា រយៈពេល​៣​ថ្ងៃនេះ​នឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិប្រមាណ​៣០​ម៉ឺន​នាក់​។​



​កងកម្លាំង​សន្តិសុខ​មកពី​ទីបញ្ជាការដ្ឋាន​ខេត្ត​កែប អគ្គស្នងការ​នគរបាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ក្រសួងការពារជាតិ​រួមទាំង​កង​អង្គរក្ស​រាប់ពាន់នាក់​ត្រូវបាន​ដាក់ពង្រាយ​ស្ទើរ​គ្រប់​ទីកន្លែង​នា​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦​នៅ​ទី​រួម​ខេត្ត​កែប​។ ការពង្រាយ​កងកម្លាំង​ចល័ត និង​ឈរជើង​ស្ទើរ​គ្រប់​ទីកន្លែង​នេះ គឺ​ដើម្បី​រក្សា​សន្តិសុខ​ជូន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​ដែល​មក​កម្សាន្ត​បុណ្យ​សមុទ្រ​នៅ​ឆ្នាំនេះ​។



«​យើង​បាន​ត្រៀម​កងកម្លាំង​សន្តិសុខ​របស់​គណៈបញ្ជាកា​រដ្ឋា​ន​ខេត្ត​កែប​ប្រមាណ​១​ពាន់​នាក់ ហើយ​យើង​មាន​កងកម្លាំង​ថ្នាក់ជាតិ​របស់​អគ្គស្នងកា​រ​នគរបាលជាតិ ក្រសួងការពារជាតិ កងរាជអាវុធហត្ថ និង​កង​អង្គរក្ស​ជាច្រើន​ទៀត ដើម្បី​រក្សា​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​ដើរលេង​ប្រកបដោយ​ភាពសប្បាយ​រីករាយ​ដោយ​គ្មាន​ការភិតភ័យ​»​។ នេះ​ជា​បញ្ជាក់​របស់លោក កែន ស​ត្ថា ហើយ​លោក​បាន​បន្ថែមថា ផ្លូវ​មួយចំនួន​ម្តុំ​បរិវេណ​សាលាខេត្ត​កែប​ត្រូវបាន​បិទ​ស្ទើរ​ទាំងស្រុង ដើម្បី​ហាមឃាត់ ម៉ូតូ រ៉ឹ​ម៉ក​កង់​បី និង​ឡាន​កុំ​ឲ្យ​ចូល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់​។



​តែ​យ៉ាងណា​លោក​អភិបាលខេត្ត​រូបនេះ​មិនបាន​បញ្ជាក់​ពី​ចំនួន​ច្បាស់លាស់​នៃ​កងកម្លាំង​សន្តិសុខ​នោះទេ លោក​គ្រាន់តែ​បញ្ជាក់ថា មាន​ប្រមាណ​៥​ពាន់​នាក់​។ លោក​បាន​បន្ថែមថា មុន​១​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​មកដល់​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ពី​៤​ទៅ​៥​ពាន់​នាក់​បានមក​ទស្សនាការ​តាំងពិព័រណ៍​ការផលិត​ផល​អន្តរជាតិ តែ​គ្មាន​ករណី​អសន្តិសុខ​អ្វីមួយ​បានកើត​ឡើង​ឡើយ​។

​ទោះបី​សន្តិសុខ​ត្រូវបាន​រឹតបណ្តឹង​យ៉ាងណាក៏ដោយ តែ​កាលពី​ព្រឹក​ថ្ងៃទី​២២ ធ្នូ ឆ្នាំ​២០១៧ ដែលជា​ថ្ងៃទី​១​នៃ​ពិធីបុណ្យ​សមុទ្រ​លើក​ទី​៦ មាន​ករណី​គាស់​ទ្វារ​រថយន្ត​របស់​កីឡាករ​កីឡាការិនី ខណៈ​ពួកគេ​កំពុង​ចូលរួម​រត់ប្រណាំង​កម្សាន្ត​ដើម្បី​អបអរ​ថ្ងៃ​ដំបូង​នេះ​។ ក្នុងករណី​គាស់​ទ្វារ​រថយន្ត​នេះដែរ ចោរ​បាន​លួច​ទូរស័ព្ទ​អស់​ចំនួន​៧​គ្រឿង និង​ថវិកា​ចំនួន​៦០០​ដុល្លារ​។



​ពិធីបុណ្យ​សមុទ្រ​ដែល​ធ្វើឡើង​ក្រោម​ប្រធានបទ​«​ឆ្នេរសមុទ្រ​បៃតង បច្ចុប្បន្ន គឺ​អា​នគ​ត​» នៅ​ខេត្ត​កែប​ឆ្នាំនេះ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២ ដល់​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៧​។ អភិបាលខេត្ត​កែប លោក កែន ស​ត្ថា រំពឹង​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរ​ជាតិប្រមាណ​៣០​ម៉ឺន​នាក់​ចូលរួម​នៅ​ឆ្នាំនេះ ខណៈ​កាលពី​លើក​ទី​១​ខេត្ត​នេះ​ទទួលបាន​ភ្ញៀវ​ទេសចរណ៍​ប្រមាណ​២៥​ម៉ឺន​នាក់​៕    






Tag:
 បុណ្យ​សមុទ្រ​
  កែន ស​ត្ថា​
  ខេត្ត​កែប​
  សន្តិសុខ
© រក្សាសិទ្ធិដោយ thmeythmey.com