ជាតិ
សំណុំរឿង​លោក កឹម សុខា ឡើង​ទៅដល់​ក្រុមការងារ​ជំនាញ​របស់អង្គការសហប្រជាជាតិ
22, Dec 2017 , 4:30 pm        
រូបភាព
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា
កញ្ញា កឹម មនោវិទ្យា អគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈនៃអតីតគណបក្សសង្គ្រោះជាតិ និងជាកូនស្រីច្បងរបស់លោក កឹម សុខា
​ភ្នំពេញ​៖ ក្រុម​មេធាវី​អន្តរជាតិ​មួយក្រុម បាន​យក​សំណុំរឿង​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ជាប់ពន្ធនាគារ​ជាង​បី​ខែ​មកហើយ​នោះ ទៅ​ដា​ក់នៅ ក្រុមការងារ ទទួលបន្ទុក​ករណី​ឃុំខ្លួន​ដោយ​បំពាន (The Working Group on Arbitrary Detention) ដែលជា​អង្គភាព​មួយ​របស់​អង្គការសហប្រជាជាតិ​។ កញ្ញា កឹម មនោ​វិទ្យា មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​កូនស្រី​ច្បង​របស់លោក កឹម សុខា ជា​អ្នកផ្តល់​ព័ត៌មាន​ខាងលើ តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក កឹម សុខា នៅ​ថ្ងៃទី​២២ ខែធ្នូ​នេះ​។



​កញ្ញា កឹម មនោ​វិទ្យា អះអាងថា ក្រុម​មេធាវី​អន្តរជាតិ ដែល​ក្រុមគ្រួសារ​របស់​នាង​បាន​ពឹងពាក់ បាន​យក​បណ្តឹង​នេះ ទៅ​ដាក់ជូន​ក្រុមការងារ ទទួលបន្ទុក​ករណី​ឃុំខ្លួន​ដោយ​បំពាន កាលពី​ថ្ងៃទី​២0 ខែធ្នូ ឆ្នាំ​២0១៧​។ បើតាម​កញ្ញា កឹម មនោ​វិទ្យា ក្រុម​មេធាវី​អន្តរជាតិ​ទាំងនោះ បាន​ផ្តល់ព័ត៌មាន​ត្រឡប់មកវិញ​ថា ក្រុមការងារ ទទួលបន្ទុក​ករណី​ឃុំខ្លួន​ដោយ​បំពាន បាន​យល់ព្រម​ទទួល​ពាក្យបណ្តឹង​ហើយ​។

​កញ្ញា កឹម មនោ​វិទ្យា បាន​និយាយ​ដូច្នេះ​ថា​៖«​ទៅមុខទៀត គេ អាច​នឹងសិក្សា​ពាក្យបណ្តឹង​នោះ​។ គេ នឹង​ទាក់ទង​ទៅ​អាជ្ញាធរ ក៏ដូចជា​រដ្ឋាភិបាល​ក​ម្ពុ​ជា ដើម្បី​សុំ​ព័ត៌មាន​បន្ថែម​។ ហើយ​គេ ក៏​អាចបង្កើត​ទៅជា​ការស៊ើបអង្កេត​មួយ ដោយ​ត្រូវ​ចុះទៅ​ត្រួតពិនិត្យ​ផ្ទាល់​នៅក្នុង​ប្រទេស​កម្ពុជា​ផងដែរ​»​។

​ប៉ុន្មាន​ថ្ងៃមុន ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​សហរដ្ឋអាមេរិក និង​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​សហភាព​អឺរ៉ុប បានរៀបចំ​កិច្ចពិភាក្សា​មួយ ក្រោម​ប្រធានបទ «​ការធ្លាក់ចុះ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​» ដោយមាន​ការចូលរួម​ពី​ស្ថាន​បេសកកម្ម​អចិន្ត្រៃយ៍​នៃ​បណ្តា​ប្រទេស​នានា ប្រចាំ​នៅ​អង្គការសហប្រជាជាតិ​។ កិច្ចពិភាក្សា​នោះ ផ្តោត​សំខាន់​លើ​ការចាប់​លោក កឹម សុខា ដាក់ពន្ធនាគារ និង​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នាំ​ឲ្យ​តំណាង​ប្រទេស​ទាំងនោះ​យល់ថា ជាហេតុ​ចម្បង​ដែល​នាំ​ឲ្យ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ធ្លាក់ចុះ​។

​កញ្ញា កឹម មនោ​វិទ្យា ក៏ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​ក្នុង​កិច្ចពិភាក្សា​ខាងលើ​ដែរ​។ បន្ទាប់ពី​រៀបរាប់​ពី​ការធ្លាក់ចុះ​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស នៅ​ប្រទេស​កម្ពុជា កញ្ញា កឹម មនោ​វិទ្យា ក៏បាន​លើកឡើង​នូវ​សំណើ​ចំនួន​បី ដែល​រួមមាន សុំ​ឲ្យ​អង្គការសហប្រជាជាតិ ពិចារណា​ក្នុងការ​ព្យួរ​អាសនៈ​ប្រទេស​កម្ពុជា សុំ​ឲ្យ​ដាក់​បញ្ហា​ប្រទេស​កម្ពុជា ចូលទៅក្នុង​កិច្ចប្រជុំ​មហាសន្និបាត​នៃ​អង្គការសហប្រជាជាតិ ដែល​នឹង​រៀបចំឡើង​នៅក្នុង​ខែមករា ឆ្នាំ​២0១៨ ខាងមុខ និង​សុំ​ឲ្យ​អង្គការសហប្រជាជាតិ បញ្ជូន​តំណាង​របស់ខ្លួន មកកាន់​ប្រទេស​កម្ពុជា ដើម្បី​ពិភាក្សា​ជាមួយ​មន្ត្រី​កម្ពុជា ក្នុងការ​ដោះស្រាយ​បញ្ហា​រួមគ្នា​។​

​មកដល់ពេលនេះ សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ទៅ​ជួប​លោក កឹម សុខា ដោយផ្ទាល់​នៅក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ ចំនួន​បី​លើក​រួចមកហើយ ដើម្បី​សាកសួរ​ពីបទ​ឃុបឃិត​ជាសម្ងាត់​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល ដែល​អាច​ចាត់ទុកថា​ជា​អំពើ​ក្បត់ជាតិ​។

​បើតាម មេធាវី​របស់លោក កឹម សុខា ដែល​ធ្លាប់​ប្រាប់​កន្លងមក លោក កឹម សុខា បាន​សារភាពថា លោក ធ្លាប់មាន​ទំនាក់ទំនង​ជាមួយ​បរទេស​មែន ប៉ុន្តែ​ទំនាក់​ទំ​នង់​ទាំងនោះ គឺ​ស្ថិតក្នុង​ក្របខណ្ឌ​ការងារ ដើម្បី​លើកស្ទួយ​សិទ្ធិមនុស្ស​និង​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា មិនមែន​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​នោះទេ​។

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច ចុះទៅ​ចាប់ខ្លួន​ដល់​គេហដ្ឋាន កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២0១៧ ហើយក៏​បញ្ជូនទៅ​ឃុំ​ក្នុង​ពន្ធនាគារ​ភ្លាមៗ​៕

អត្ថបទទាក់ទង


Tag:
 កឹម សុខា​
  កឹម មនោ​វិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com