ជាតិ
នយោបាយជាតិ
អង្គការលើកលែងទោសអន្តរជាតិ ធ្វើយុទ្ធនាការឲ្យដោះលែងលោក កឹម សុខា លោក កឹម សុខា នៅពេលដែលត្រូវបានចាប់ខ្លួននៅផ្ទះកាលពីយប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧។ រូបថត AFP
× ភ្នំពេញ៖ អង្គការលើកលែងទោសអន្តរជាតិ ជំរុញសាធារណជន ចូលរួមទាមទារឲ្យដោះលែងលោក កឹម សុខា។ ប៉ុន្តែអ្នកនាំពាក្សបក្សកាន់អំណាចប្រាប់វិញថា បរទេសគ្មានសិទ្ធិលូកដៃចូលផ្ទៃក្នុងកម្ពុជាជាដាច់ខាត។
ដោយសារតែការស្នើសុំឲ្យដោះលែង លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កាលពីកន្លងមក មិនទទួលបានជោគជ័យ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ក៏ចាប់ផ្តើមចេញមុខមកឈឺឆ្អាលសារជាថ្មី។ លើកនេះ អង្គការលើកលែងទោសអន្តរជាតិ មិនចេញលិខិតឬសេចក្តីថ្លែងការណ៍ដូចមុននោះទេ តែបានប្រកាសឲ្យសាធារណជនទូទៅ ចូលរួមជាមួយខ្លួនតែម្តង ដើម្បីទាមទារឲ្យដោះលែងលោក កឹម សុខា។
វិធីសាស្ត្រ និងមធ្យោបាយ ដែលអង្គការលើកលែងទោសអន្តរជាតិ បានណែនាំឲ្យសាធារណជន ប្រើប្រាស់នៅក្នុងយុទ្ធនាការទាមទារឲ្យដោះលែងលោក កឹម សុខា គឺការសរសេរអត្ថបទ ការហៅទូរសព្ទ ការផ្ញើសារតាមអ៊ីមែល ឬតាមទូរសារ ទៅកាន់បុគ្គលជាន់ខ្ពស់ពីររូប គឺសម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក ជុំ ប៊ុនរ៉ុង ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក យ៉ាងយូរបំផុត ឲ្យបានមុនឬត្រឹមថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២0១៨។ របៀប វិធី លេខទូរសព្ទ អ៊ីមែល និងទូរសារ ដើម្បីទាក់ទងទៅកាន់បុគ្គលទាំងពីរនេះ ត្រូវបានបង្ហោះនៅលើគេហទំព័ររបស់អង្គការលើកលែងទោសទោសអន្តរជាតិ ។
បន្ទាប់មក អង្គការលើកលែងទោសអន្តរជាតិ បានប្រាប់ឲ្យសាធារណជន ផ្តល់ព័ត៌មានត្រឡប់ទៅកាន់ស្ថាប័នរបស់ខ្លួនវិញ ប្រសិនបើបានចូលរួមក្នុងយុទ្ធនាការនេះ។ អង្គការអន្តរជាតិមួយនេះ បានបញ្ជាក់ដូច្នេះថា៖«យើងនឹងប្រមូលរាល់របាយការណ៍របស់អ្នក ដែលបានផ្តល់មកឲ្យ។ ហើយយើង នឹងប្រើប្រាស់របាយការណ៍ទាំងនោះ ដើម្បីតស៊ូមតិទាមទារឲ្យដោះលែងលោក កឹម សុខា»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានចេញមុខមកតទល់ជាមួយនឹងអង្គការលើកលែងទោសអន្តរជាតិ ដែលបង្កើតយុទ្ធនាការខាងលើ។ លោក បានសួរទៅកាន់អង្គការលើកលែងទោសអន្តរជាតិថា តើនៅលើលោកនេះ មានប្រទេសណា ដែលដោះលែងជនក្បត់ជាតិ?
បន្ទាប់ពីសួរបែបនេះហើយ អ្នកនាំពាក្យបក្សកាន់អំណាច ក៏បកស្រាយថា ចំណាត់ការផ្លូវច្បាប់ចំពោះជនល្មើស គឺជារឿងធម្មតា ហើយស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋនៅក្នុងប្រទេសឯករាជ្យ។ តាមរយៈសារដែលសរសេរទៅកាន់ក្រុមអ្នកកាសែតក្នុងបណ្តាញទំនាក់ទំនងតេឡេក្រាម (Telegram) លោកបានសង្កត់ធ្ងន់ៗយ៉ាងដូច្នេះថា៖«ជនបរទេស និងប្រទេសផ្សេងៗ ព្រមទាំងបណ្តាអង្គការនានា គ្មានសិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងកម្ពុជាជាដាច់ខាត»។
ក្រៅពីឆ្លើយតបទៅកាន់អង្គការលើកលែងទោសអន្តរជាតិ លោក សុខ ឥសាន នៅមានសារមួយផ្សេងទៀត ទុកជាការដាស់តឿនដល់សហគមន៍អន្តរជាតិនានា ដែលនៅតែទន្ទ្រានរដ្ឋាភិបាលកម្ពុជា ឲ្យដោះលែងលោក កឹម សុខា។ ក្នុងសារចុងក្រោយនេះ លោកបានសរសេរថា៖«រាល់ការទាមទារណាក៏ដោយ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស គ្រាន់តែជាសិទ្ធិបញ្ចេញមតិប៉ុណ្ណោះ តែគ្មានសិទ្ធិចាប់បង្ខំតុលាការ ឲ្យធ្វើតាមខ្លួននោះទេ»។ -
កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងលោក កឹម សុខា បានយកសំណុំរឿងរបស់ឪពុក ទៅប្តឹងផ្តល់ដល់ក្រុមអ្នកជំនាញនៃអង្គការសហប្រជាជាតិ ដែលមានឈ្មោះថា ក្រុមការងារ ទទួលបន្ទុកកិច្ចការផ្នែកឃុំខ្លួនតាមអំពើចិត្ត (The Working Group on Arbitrary Detention) ដើម្បីឲ្យជួយរកយុត្តិធម៌។ ក្រុមមេធាវីអន្តរជាតិមួយក្រុម ដែលកញ្ញាបានពឹងពាក់ បានយកបណ្តឹង ទៅដាក់ជូនក្រុមទទួលបន្ទុកកិច្ចការនេះរួចហើយ កាលពីពេលថ្មីៗនេះ។
ការចាប់លោក កឹម សុខា រួមទាំងការរំលាយគណបក្សសង្គ្រោះជាតិ បានជំរុញឲ្យតំណាងប្រទេសនានា ដោយមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ជាអ្នកនាំមុខ បានយកទៅធ្វើជាប្រធានបទក្នុងការពិភាក្សា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២0១៧ ដោយដាក់ចំណងជើងថា «ការធ្លាក់ចុះលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។ កញ្ញា កឹម មនោវិទ្យា ដែលត្រូវបានអញ្ជើញឲ្យចូលរួមក្នុងកិច្ចពិភាក្សានោះ បានស្នើឲ្យដាក់បញ្ហាប្រទេសកម្ពុជា ចូលជាររបៀបវារៈក្នុងកិច្ចប្រជុំមហាសន្និបាតនៃអង្គការសហប្រជាជាតិ នាខែមករា ឆ្នាំ២0១៨ ខាងមុខ និងស្នើឲ្យអង្គការសហប្រជាជាតិ បញ្ជូនតំណាង មកកាន់ប្រទេសកម្ពុជា ដើម្បីដោះស្រាយបញ្ហានយោបាយបច្ចុប្បន្ន។
ក្រៅពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប នៅមានបណ្តាប្រទេសនិងអង្គការអន្តរជាតិនានា ដែលនៅតែទទូចឲ្យដោះលែង លោក កឹម សុខា និងអនុញ្ញាតឲ្យគណបក្សសង្គ្រោះជាតិ ធ្វើសកម្មភាពឡើងវិញ ដើម្បីបានចូលរួមការបោះឆ្នោត ក្នុងឆ្នាំ២0១៨។ ឯអតីតក្រុមអ្នកប្រឆាំង បានរត់ទៅប្រមូលផ្តុំគ្នានៅក្រៅប្រទេស ដើម្បីជំរុញឲ្យសហគមន៍អន្តរជាតិ បន្តធ្វើកិច្ចការខាងលើនេះ។
យ៉ាងណាក៏ដោយចុះ រហូតមកដល់ពេលនេះ ដំណឹងនៃការដោះលែងលោក កឹម សុខា ឬការរស់ឡើងវិញនូវគណបក្សសង្គ្រោះជាតិ នៅតែគ្មានពន្លឺ សូម្បីតែបន្តិច។ ផ្ទុយទៅវិញ រដ្ឋាភិបាលកម្ពុជា ប្រកាសជំហរជាដដែលៗថា ចំណាត់ការទាំងនេះ គឺស្របនឹងច្បាប់ ហើយស្ថិតក្នុងដែនអធិបតេយ្យរបស់កម្ពុជា ដោយប្រទេសដទៃ មិនអាចជ្រៀតជ្រែកបានឡើយ៕
Tag:
កឹម សុខា
Amnesty International
© រក្សាសិទ្ធិដោយ thmeythmey.com